ប្រវត្តិ សង្ខេប លោក ជុំ សុន្ទរី -History of Mr. CHUM Sounry by សង្ខេប Sangkeb

 

លោក ជុំ សុន្ទរី

លោក ជុំ សុន្ទរី ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ​នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ តែងតាំង ជារដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។នេះបើយោង តាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២២ ខែសីហាឆ្នាំ២០២៣។

 

លោក ជុំ សុន្ទរី កើតនៅថ្ងៃទី ០៦ ខែកក្កដា ឆ្នាំ១៩៥៦ នៅរាជធានីភ្នំពេញ លោកបានរៀបការនិងមាន ជាចំណងដៃចំនួន២នាក់។

 

សម្រាប់កាសិក្សាវិញ លោក បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនីតិសាធារណៈ។ លោក ជុំ សុន្ទរី អាចប្រើប្រាស់ភាសាអន្តរជាតិចំនួនពីរ គឺភាសាអង់គ្លេស និងបារាំង។

 

ប្រវត្តិការងារ

លោក ជុំ សុន្ទរី ទទួលបានការតែងតាំងជារដ្ឋលេខាធិការក្រសួងការបរទេស កាលពីអំឡុងខែតុលា ឆ្នាំ២០២១ ហើយនៅក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ លោក នៅតែរក្សាមុខតំណែងនេះដដែល ដោយត្រូវទទួលបន្ទុក លើការងារសហប្រតិបត្តិការទ្វេភាគីជាមួយបណ្តាប្រទេសនៅតំបន់អាមេរិក អាហ្វ្រិក និងមជ្ឈឹមបូព៌ា។

 

លោកស្រី ជុំ សុន្ទរី បានចូលបម្រើការងារជាមន្ត្រីនាយកដ្ឋានព័ត៌មាន នៅក្រសួងការបរទេស តាំងពីឆ្នាំ១៩៨០។ ក្នុងនោះ អ្នកការទូតចាស់វស្សារូបនេះ ក៏ធ្លាប់ឆ្លងកាត់នូវតួនាទី-ភារកិច្ចជាច្រើន ចាប់តាំងពីមន្រ្តីនាយកដ្ឋានបុគ្គលិក ក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ, លេខាទី១ ស្ថានទូតកម្ពុជាប្រចាំប្រទេសប៊ុលហ្គារី, ជំនួយការអនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ, លេខាទី១ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំស.ហ.រ អាមេរិក, អនុប្រធាននាយកដ្ឋានអាមេរិក ក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្តរជាតិ, ប្រធាននាយកដ្ឋានព័ត៌មាន ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, និងជា ឯកអគ្គរាជទូតប្រចាំសហព័ន្ធរុស្ស៊ី ជាដើម។

 

បន្ថែមពីលើនេះ លោក ជុំ សុន្ទរី ក៏ធ្លាប់ទៅបំពេញការងារជាឯកអគ្គរាជទូតប្រចាំសាធារណរដ្ឋឡេតូនី សាធារណរដ្ឋលីទុយអានីនិងសាធារណរដ្ឋអេស្តូនី ដែលមាននិវេសនដ្ឋាននៅទីក្រុងមូស្គូ។ ប្រធាននាយកដ្ឋានបុគ្គលិក ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ ឯកអគ្គរាជទូតប្រចាំប្រទេសអូស្រ្តាលី និងណូវែលសេឡង់។ អនុរដ្ឋលេខាធិការ ក្រសួងការបរទេស និងសហ-ប្រតិបត្តិការអន្តរជាតិ ។ និង ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក។ ខណៈក្រោយចប់អាណត្តិការទូតនេះ លោក ជុំ សុន្ទរី ត្រូវបានតែងតាំងជា​រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។


គ្រឿងឥស្សរិយយស

មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ (ឆ្នាំ២០១៧)

មេដាយមុនីសារាភ័ណ្ឌ ថ្នាក់ធិបឌិន្ទ (ឆ្នាំ២០០៧)

មេដាយមុនីសារាភ័ណ្ឌ ថ្នាក់អស្សឬទ្ធិ (ឆ្នាំ២០០៣)

មេដាយមាសការងារ (ឆ្នាំ២០០២)


Via:mfaic+sangkeb

 


















 

 

 

Comments