| លោកស្រី រត្ន ម៉ានី |
លោកស្រី
រត្ន ម៉ានី ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ តែងតាំង ជាអនុរដ្ឋលេខាធិការ
នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។នេះបើយោង តាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២២
ខែសីហាឆ្នាំ២០២៣។
លោកស្រី
រត្ន ម៉ានី កើតនៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ១៩៦១ នៅទីរួមខេត្តស្វាយរៀង និងមានកូន
ចំនួន២នាក់។
ប្រវត្តិការសិក្សា
លោកស្រី
រត្ន ម៉ានី បានបញ្ចប់ការសិក្សាមកពីប្រទេសអូស្ត្រាលី និងប្រទេសវៀតណាម
ដោយក្នុងនោះ បានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកការទូត និងពាណិជ្ជកម្ម
ពីសាកលវិទ្យាល័យម៉ូណាស ទីក្រុងមែលប៊ន នៅឆ្នាំ២០០៤ និងបរិញ្ញាបត្រផែ្នកការទូត
ពីបណ្ឌិតសភាការទូត នាទីក្រុងហាណូយ ប្រទេសវៀតណាម នៅឆ្នាំ១៩៨៤ ។ លោកស្រី រត្ន ម៉ានី
អាចប្រើប្រាស់ភាសាអន្តរជាតិចំនួនពីរ
គឺភាសាអង់គ្លេស និងវៀតណាម។
ប្រវត្តិការងារ
លោកស្រី
រត្ន ម៉ានី ជាអ្នកការទូតចាស់វស្សាមួយរូបរបស់កម្ពុជា
ដែលបានកាន់តំណែងជាអនុរដ្ឋលេខាធិការក្រសួងការបរទេស កាលពីឆ្នាំ២០២១
តរហូតដល់នឹងឆ្នាំ២០២៣ សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧។
មុនឈានមកដល់តំណែងជាអនុរដ្ឋលេខាធិការនេះ លោកស្រី រត្ន ម៉ានី
បានប្រឡូកក្នុងវិស័យការបរទេសប្រមាណជិត៤០ឆ្នាំ ពោល គឺលោកស្រី
បានចូលបម្រើការនៅក្រសួងការបរទេស
ជាមន្ត្រីនៃនាយកដ្ឋានទំនាក់ទំនងអន្ដរជាតិនៃគណបក្សនយោបាយ តាំងពីឆ្នាំ១៩៨៤ឯណោះ។
រយៈពេលជិត៤០ឆ្នាំមកនេះ
លោកស្រី ទទួលបានការប្រគល់តួនាទី-ភារកិច្ចជាច្រើន រួមមាន៖ ប្រធានការិយាល័យ
លេខាធិការទី១ នៃស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន អនុប្រធាននាយកដ្ឋាន
អនុប្រធានបេសកកម្មនៃស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី
ប្រធាននាយកដ្ឋានសហប្រតិបត្តិការមេគង្គ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី
និងជាអគ្គនាយករងនៃអគ្គនាយកដ្ឋានអាស៊ី-ប៉ាស៊ីហ្វិក។
គ្រឿងឥស្សរិយយស
គ្រឿងឥស្សរិយយសនៃព្រះរាជាណាចក្រកម្ពុជា
ថ្នាក់សេនា ២៦ កុម្ភៈ ២០១៨
មេដាយមុនីសារាភ័ណ្ឌ
ថ្នាក់សេនា ០២ សីហា ២០០៧
Via: mfaic.gov.kh+ kampucheathmey+sangkeb
Comments
Post a Comment