ប្រវត្តិ សង្ខេប លោកស្រី ខៀវ ប៉ុណ្ណារី-History of Mrs. Khieu Ponnary by សង្ខេប Sangkeb

លោកស្រី ខៀវ ប៉ុណ្ណារី

 





ប្រវត្តិ ខៀវ ប៉ុណ្ណារី ប្រពន្ធមេខ្មែរក្រហម ប៉ុល ពត


​  ខៀវ ប៉ុណ្ណារី កើតនៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ១៩២០ ក្នុងខេត្តបាត់ដំបង ជាកូនមន្រ្តីតុលាការ ។ គាត់បានមកបន្តការសិក្សានៅវិទ្យាល័យព្រះស៊ីសុវត្ថិ ហើយជាស្រ្តីកម្ពុជាទី១ដែលបានទទូលសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) ដំបូងគេបង្កអស់។


នៅក្នុងឆ្នាំ១៩៤៩ គាត់បានចាកចេញពីប្រទេសកម្ពុជា ជាមួយប្អូនស្រីរបស់គាត់(ខៀវ ធីរិទ្ធ ប្រពន្ធអៀង សារី) ទៅកាន់ទីក្រុងប៉ារីស ដើម្បីសិក្សាផ្នែកអក្សរសាស្ត្រអង់គ្លេស ។ នៅទីក្រុងប៉ារីស គាត់បានស្គាល់គ្នាជាមួយ សាឡុត ស (ប៉ុល ពត) និងអៀង សារី ដែលទៅសិក្សានៅទីនោះដែរ ហើយប្អូនស្រីគាត់ ខៀវ ធីរិទ្ធបានរៀបការជាមួយអៀង សារី នៅក្នុងឆ្នាំ១៩៥០ ហើយបានប្តូរឈ្មោះទៅជា អៀង ធីរិទ្ធ។

ខៀវ ប៉ុណ្ណារី និងខៀវ ធីរិទ្ធ កាលទៅរៀននៅប្រទេសបារាំង

ខៀវ ប៉ុណ្ណារី និងខៀវ ធីរិទ្ធ កាលទៅរៀននៅប្រទេសបារាំង


ពេលត្រលប់មកប្រទេសកម្ពុជាវិញ ខៀវ ប៉ុណ្ណារី គាត់បានបម្រើការងារជាសាស្រ្តាចារ្យនៅវិទ្យាល័យស៊ីសុវត្ថិ និងឃោសនាអូសទាញសិស្ស និងប្រជាជនឲ្យយល់ដឹងពីបដិវត្តន៍ ហើយគាត់បានរៀបការជាមួយសាឡុត ស (ប៉ុល ពត) ដែលអំឡុងពេលនោះធ្វើជាគ្រូបង្រៀននៅវិទ្យាល័យឯកជនមួយឈ្មោះ ចម្រើន វិជ្ជា។
ក្នុងខែកក្កដា ឆ្នាំ១៩៦១ ខៀវ ប៉ុណ្ណារី បានបង្កើតអង្គការស្រ្តីកុម្មុយនីស្តសម្ងាត់មួយ ហើយបានធ្វើសកម្មភាភតស៊ូបដិវត្តន៍ដោយលួចលាក់។ ឆ្នាំ១៩៦៣ ខៀវ ប៉ុណ្ណារី បានលះបង់ការងារជាសាស្ត្រាចារ្យ នៅវិទ្យាល័យស៊ីសុវត្ថិ និងផ្ទះសម្បែង ភៀសខ្លួនចូលព្រៃ ដើម្បីរួមចំណែកតស៊ូធ្វើរបដិវត្តន៍ជាមួយសាឡុត ស (ប៉ុល ពត) ជាប្ដី។

ក្នុងព្រៃ ខៀវ ប៉ុណ្ណារី នៅតែបន្តសរសេរអត្ថបទដើម្បីបោះពុម្ពផ្សព្វផ្សាយឃោសនាគោលនយោបាយបដិវត្តន៍ ដោយលួចលាក់នៅតាមតំបន់ជនបទ។
ពីឆ្នាំ១៩៦៥-៦៧ ខៀវ ប៉ុណ្ណារី បានធ្វើសកម្មភាពយ៉ាងខ្លាំងក្នុងការចូលរួមចលនាតស៊ូក្នុងព្រៃជាមួយថ្នាក់ដឹកនាំកំពូល និងចូលរួមស្ទើរតែគ្រប់ការប្រជុំរៀនសូត្រពីគោលនយោបាយបដិវត្តន៍របស់កម្មាភិបាលខ្មែរក្រហម ដែលមកពីគ្រប់តំបន់ និងភូមិភាគ។

ខៀវ ប៉ុណ្ណារី


ឆ្នាំ១៩៧១ ខៀវ ប៉ុណ្ណារី ទទួលបន្ទុកភារកិច្ចមួយផ្សេងទៀត គឺប្រធានគ្រប់គ្រងនារី និងកុមារ នៅភូមិភាគឧត្តរ។ ក្នុងចំណោមនោះមាននារី ឡេង ស៊ឹមហាក់ ហៅ សី ជាប្រពន្ធរបស់ ទីវ អុល ហៅ ពេញ (អនុរដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឃោសនាការ) ជាគ្រប់គ្រងមន្ទីរកុមារ ។ ក្រោយរំដោះបានទីក្រុងភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ឡេង ស៊ឹមហាក់ ក្លាយជាប្រធានមន្ទីរ១៧មេសា (ពេទ្យរុស្ស៊ី) ។ ក្រោយមកត្រូវអង្គការចាប់មកដាក់គុកទួលស្លែង នៅឆ្នាំ១៩៧៦។

ចំណែក នារីវ៉ាឡាន ហៅសាយ និងហៅយាត ជាប្រពន្ធរបស់ ហ៊ូ នឹម (រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងឃោសនាការ) មានតួនាទីជាអនុប្រធានកុមារ។ នារីទូច ជាប្រពន្ធ តូច ភឿន (រដ្ឋមន្រ្តីក្រសួងសាធារណការ) ជាសមាជិកមន្ទីរកុមារ។ នារីមិត្ត ជាប្រពន្ធរបស់ ហ៊ូ យន់(រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ទទួលបន្ទុកកំណែទម្រង់) ជាសមាជិកមន្ទីរ។ ក្នុងឆ្នាំ១៩៧៣ ខៀវ ប៉ុណ្ណារី ត្រូវបានតែងតាំងជាលេខាបក្សតំបន់៤៣ នៅភូមិភាគឧត្តរ។

ក្រោយរំដោះបានទីក្រុងភ្នំពេញ ថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ខៀវ ប៉ុណ្ណារី ត្រូវបានតែតាំងជាប្រធានសមាគមនារីកម្ពុជាប្រជាធិបតេយ្យ ប៉ុន្តែគាត់មិនសូវបានបង្ហាញខ្លួនជាសាធារណៈជាមួយថ្នាក់ដឹកនាំកំពូលៗដទៃទៀតឡើយ ហើយពុំឃើញមានសកម្មភាពអ្វីគួរឲ្យកត់សម្គាល់ដូចជា អៀង ធីរិទ្ធ ប្អូនស្រីរបស់គាត់ឡើយ។ មតិខ្លះសន្និដ្ឋានថា ខៀវ ប៉ុណ្ណារី មានរោគសរសៃប្រសាទ ហើយក្លាយខ្លួនទៅជនពិការ។

ខៀវ ប៉ុណ្ណារី


ខៀវ ប៉ុណ្ណារី


ចាប់ពីថ្ងៃទី២៨ ខែសីហា ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ១៩៧៦ គណៈប្រតិភូសមាគមនារីកម្ពុជាប្រជាធិបតេយ្យមួយក្រុម មានគ្នា៥នាក់ ត្រូវបានចាត់តាំងឲ្យទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាម ប៉ុន្តែគ្មានវត្តមាន ខៀវ ប៉ុណ្ណារី ដែលជាប្រធានសមាគមឡើយ គឺនារីឡេង ស៊ឹមហាក់ ហៅ សី (ប្រពន្ធរបស់ ទីវ អុល) ប្រធានមន្ទីរពេទ្យ១៧ មេសា ជាអ្នកដឹកនាំគណៈប្រតិភូជំនួសវិញ។

ខៀវ ប៉ុណ្ណារី រូបកណ្ដាលគេ

ខៀវ ប៉ុណ្ណារី រូបកណ្ដាលគេ


ក្រោយពីរបបកម្ពុជាប្រជាធិបតេយ្យ ដួលរលំ នៅដើមឆ្នាំ១៩៧៩ ខៀវ ប៉ុណ្ណារី បានទៅព្យាបាលជំងឺសសៃប្រសាទនៅប្រទេសចិន ប៉ុន្តែជំងឺរបស់គាត់មិនអាចព្យាបាលបាន ក៏បញ្ជូនឲ្យវិលត្រឡប់មកប្រទេសកម្ពុជា វិញ។

នៅឆ្នាំ១៩៨០ មានការលេចឮថា ខៀវ ប៉ុណ្ណារី ត្រូវបានគេប៉ងធ្វើឃាតដោយដាក់ថ្នាំបំពុល ហើយបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យក្នុងប្រទេសថៃ។ ក្រោយពេល អៀង សារី ចុះចូលជាមួយរាជរដ្ឋាភិបាលក្នុងឆ្នាំ១៩៩៦ ខៀវ ប៉ុណ្ណារី នៅរស់នៅឡើយទេ ហើយក្លាយជាជនវិកលចរិត និងពិការអង្គុយលើរទេះរុញ ក្រោមការបីបាច់ពីក្រុមគ្រួសារអៀង សារី និងអៀង ធីរិទ្ធ ។


  ប៉ុល ពត និង ខៀវ ប៉ុណ្ណារី គ្មានកូនម្នាក់ទេ ។ នៅក្នុងឆ្នាំ១៩៨២ក ប៉ុល ពត បានរៀបការជាមួយស្ត្រីម្នាក់ទៀតឈ្មោះ មាស សោម ដែលមានអាយុ៤០ឆ្នាំ ហើយបង្កើតបានកូនស្រីម្នាក់ឈ្មោះ ស ផត្ជតា ហៅមាស សិទ្ធ  ។ ក្រោយ​​​​​​ពេល​ ប៉ុល ពត ស្លាប់​នៅ​ក្នុង​ឆ្នាំ​១៩៩៨​​​​ ទេព ឃុនណាល់ ដែល​ជាអតីត​ឯក​អគ្គ​រដ្ឋ​ទូត​ខ្មែរ​ក្រហម​ប្រចាំ​អង្គការ​សហ​ប្រជា​ជាតិ កាល​ក្នុង​របប​កម្ពុជាប្រជាធិបតេយ្យ បាន​រៀប​ការ​ជា​​​មួយប្រពន្ធប៉ុល ពត ឈ្មោះ​​​​មាស សោម ​នៅ​ក្នុង​ឆ្នាំ​១៩៩៨ដដែល​​​នោះដែរ ។ ​ក្រោយ​មក​​ទេព ឃុនណាល់ ​តែងតាំង​ជា​​អភិ​បាល​​ស្រុក​ម៉ាឡៃ។

ប្រពន្ធប៉ុល ពត ឈ្មោះ​​​​មាស សោម និងកូនស្រីឈ្មោះ ស ផត្ជតា ហៅមាស សិទ្ធ




​​ទេព ឃុនណាល់

​​ទេព ឃុនណាល់



កូនស្រីទោលរបស់ ប៉ុល ពត អតីតនាយករដ្ឋមន្រ្តីនៃរបបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម) នៅថ្ងៃអាទិត្យទី ១៦ ខែមីនាឆ្នាំ២០១៤ បានចូលរៀបរោងការតាមប្រពៃណីខ្មែរ នៅស្រុកម៉ាឡៃ ខេត្ត បន្ទាយមានជ័យ។

កញ្ញា ស ផត្ជតា ជាកូនស្រីតែមួយគត់ របស់ប៉ុល ពត អតីតលេខាបក្សកុំម្មុយនីស្ត ដែលមានឈ្មោះពិតថា សាឡុត ស និង មាស សោម រីឯ កូនកម្លោះ ឈ្មោះ ស៊ី វិច្ឆិកា។
សេចក្តីរាយការណ៍ឱ្យដឹងថា ស ពុទ្ធចតា អាយុ ២៦ឆ្នាំ ជាកូនស្រីចុងរបស់ លោក ទេព ឃុនណាល់។ ក្រោមការផ្ចុងផ្តើមរបស់ឪពុកចុង នាងបានបន្តការសិក្សានៅប្រទេសម៉ាឡេស៊ី និងបានស្គាល់គ្នាជាមួយ នឹងកូនកម្លោះ គ្រាដែលពួកគេសិក្សានៅទីនោះ លើមុខវិជ្ជាភាសាអង់គ្លេស។


លោកស្រី ស ផត្ជតា និងស្វាមី ស៊ី វិច្ឆិកា

លោកស្រី ស ផត្ជតា និងស្វាមី ស៊ី វិច្ឆិកា

លោកស្រី ស ផត្ជតា និងស្វាមី ស៊ី វិច្ឆិកា




ខៀវ ប៉ុណ្ណារី ដែលបានតស៊ូរស់ជាមួយនឹងជំងឺសរសៃប្រសាទរបស់គាត់អស់រយៈពេលជាងពីរទសវត្សរ៍ និងដោយសារភាពចាស់ជរា ហើយមានជំងឺមហារីកទន្ទ្រានអស់រយៈពេលយូរណាស់មកហើយនោះ បានទទួលមរណភាពនៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០០៣ ក្នុងវ័យ ៨៣ឆ្នាំ នៅក្រុងប៉ៃលិន។

ពីធីបូជាសពរបស់ ខៀវ ប៉ុណ្ណារី បានប្រព្រឹត្តទៅនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៣ ខែកក្កដា ឆ្នាំ២០០៣ ក្នុងវត្តកោងកាងកណ្តាល ក្នុងក្រុងប៉ៃលិន ដោយមានមនុស្សប្រមាណ៥០០នាក់ចូលរួម ដែលមានព្រះសង្ឃ ក្នុងនោះមាន អៀង សារី ដែលត្រូវជាប្អូនថ្លៃ, នួន ជា និង ខៀវ សំផន ផងដែរ ៕ ( ដោយ៖ ឈឹម សេរីភួន)










Via: kbn+sbm.news+khmerload+sangkeb

Comments