ប្រវត្តិ សង្ខេប លោក មាស គឹមហេង-History of Mr. MEAS KIM HENG by សង្ខេប Sangkeb

 

លោក មាស គឹមហេង




លោក មាស គឹមហេង ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ​នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ តែងតាំង ជារដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។នេះបើយោង តាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២២ ខែសីហាឆ្នាំ២០២៣។

 

លោក មាស គឹមហេង​ កើតនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៥៦ នៅទីក្រុងភ្នំពេញ។ លោកបានរៀបអាពាហ៍ពិពាហ៍ ជាមួយលោកស្រី ហួត មារតី និងមានកូនប្រុសស្រីចំនួន២នាក់។

 

ប្រវត្តិការសិក្សា

លោក មាស គឹមហេង​ បានបញ្ចប់ការសិក្សា មហាវិទ្យាល័យអក្សរសាស្ត្រ​ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅឆ្នាំ១៩៧៥ និង វគ្គសិក្សាការទូតជាន់ខ្ពស់ ក្រសួងការបរទេស នៅឆ្នាំ ១៩៨២។

 

ប្រវត្តិការងារ

លោក មាស គឹមហេង ​ជារដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា ដែលទទួលដឹកនាំលើលើការងារកិច្ចសហប្រតិបត្តិការអន្តរជាតិទូទៅ កិច្ចសហប្រតិបត្តិការមេគង្គ ព្រមទាំងកិច្ចសហប្រតិបត្តិការដៃគូផ្សេងៗទៀត។

 

លោក មាស គឹមហេង បានចូលបម្រើការងារជាមន្ត្រីនៃនាយកដ្ឋានព័ត៌មាន និងឯកសា នៅក្រសួងការបរទេស តាំងពីឆ្នាំ១៩៨២។  

 

ក្នុងនោះ អ្នកការទូតចាស់វស្សារូបនេះ ក៏ធ្លាប់ឆ្លងកាត់នូវតួនាទី-ភារកិច្ចជាច្រើន ចាប់តាំងពីប្រធានការិយាល័យ នាយកដ្ឋានព័ត៌មាន និងឯកសារ អនុប្រធាននាយកដ្ឋានព័ត៌មាននិងឯកសារ  ប្រធាននាយកដ្ឋានអាស៊ី-អូសេអានី  ទីប្រឹក្សានយោបាយអមស្ថានទូតកម្ពុជាប្រចំានៅសហរដ្ឋអាមេរិក អគ្គនាយកអាស៊ាន    ឯកអគ្គរាជទូតវិសមញ្ញនិងពេញសមត្ថភាពប្រចំាប្រទេសអូស្រ្តាលីនិងនូវែលហេ្សឡង់

និង ទីប្រឹក្សាឯកឧត្តមឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិ មានឋានៈ ស្មើរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជាដើម។

 

បន្ថែមពីលើនេះ លោក មាស គឹមហេង ក៏ធ្លាប់ទៅបំពេញការងារជាឯកអគ្គរាជទូតវិសមញ្ញនិងពេញសមត្ថភាពប្រចំាចក្រភពអង់គ្លេស  អៀកឡង់ ន័រវែស៍ ស៊ុយអែត ដាណឺម៉ាក ហ្វំាងឡង់ អេត្យូពី និងតំណាងកម្ពុជាប្រចាំសហភាពអាហ្រ្វិក។ អនុរដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបតិ្តការអន្តរជាតិ ទទួលបន្ទុក កិច្ចការអឺរ៉ុប អាមេរិក អាហ្រិ្វក-មជ្ឈឹមបូព៌ា។ និង ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋតួកគី តាជីគីស្ថាន អាស៊ែបៃហ្សង់ ហ្សកហ្ស៊ី និងកាហ្សាក់ស្ថាន។

 

ខណៈក្រោយចប់អាណត្តិការទូតនេះ លោក មាស គឹមហេង ត្រូវបានតែងតាំងជាដ្ឋលេខាធិការក្រសួងការបរទេស នៅខែកក្កដា ឆ្នាំ២០២៣។

ហើយនៅក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ លោក មាស គឹមហេង ​ត្រូវបានតែងតាំង ជារដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលទទួលដឹកនាំលើលើការងារកិច្ចសហប្រតិបត្តិការអន្តរជាតិទូទៅ កិច្ចសហប្រតិបត្តិការមេគង្គ ព្រមទាំងកិច្ចសហប្រតិបត្តិការដៃគូផ្សេងៗទៀត។

 

គ្រឿងឥស្សរិយយស

មេដាយជាតូបការ ២០១៨

មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ ២០១៣ 

មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់សេនា ២០០៧   

មេដាយមុនីសារភណ្ឌ ថ្នាក់សេនា ២០០៣   

មេដាយមុនីសារភណ្ឌ ថ្នាក់​អស្សឫទ្ធិ ២០០៣  

 

Via: mfaic.gov.kh+sangkeb

 







លោក មាស គឹមហេង និងភរិយា លោកស្រីហួត មារតី




 

 


Comments