លិខិតឆ្លងដែនចេញដោយក្រសួងការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនកាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ១៩៧៩ ជូន អៀង សារី ដោយប្រើឈ្មោះ ស៊ូ ហាវ កើតនៅទីក្រុងប៉េកាំង ថ្ងៃទី១ ខែមករា ឆ្នាំ១៩៣០ ។ លិខិតឆ្លងដែននេះចេញជូន អៀង សារី ដើម្បីឲ្យគាត់អាចធ្វើដំណើរក្រៅពីប្រទេសចិន ។
ប្រវត្តិសង្ខេប អៀង សារី
អៀង សារី មានឈ្មោះដើម គីម ត្រាង (គីម ស្រ៊ី) និងមានឈ្មោះបដិវត្តន៍ វ៉ាន់ ។ កាលពីទសវត្សរ៍៦០ អៀង សារី ត្រូវបានកម្មាភិបាលខែ្មរក្រហមហៅថា «បងពេញ» ។ ឈ្មោះ «ពេញ» នេះត្រូវបានប្រើនៅមន្ទីរ១០០ ឬមន្ទីរ «ដើមផ្តៀក» ដែលផ្លាស់មកពីមន្ទីរដើមចំបក់ ក្នុងខេត្តមណ្ឌលគិរី ។ ក្នុងអំឡុងឆ្នាំ១៩៦៦ ពេលធ្វើដំណើរពីមន្ទីរ១០០មកកាន់ខេត្តរតនគិរី អៀង សារី ដែលហៅក្រៅថា «បងពេញ» ត្រូវបានប្ដូរឈ្មោះថា «បងវ៉ាន់» វិញ ។
អៀង សារី កើតនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ១៩២៥ នៅភូមិលឿងវ៉ា ឃុំលឿងវ៉ា ខេត្តត្រាវិញ វៀតណាមខាងត្បូង ។ ឯកសារខ្លះបញ្ជាក់ថា អៀង សារី កើតនៅភូមិក្វាឡាក់ ឃុំសាងហ្វា ស្រុកចូវថាន់ ខេត្តត្រាវិញ ប្រទេសវៀតណាម ។ លិខិតឆ្លងដែនសញ្ជាតិខែ្មររបស់ អៀង សារី បញ្ជាក់ថា គាត់កើតនៅខេត្តព្រៃវែង ក្នុងប្រទេសកម្ពុជា តែ អៀង សារី ក៏មានលិខិតឆ្លងដែនសញ្ជាតិចិនដែរ ដែលនៅក្នុងលិខិតឆ្លងដែននោះ អៀង សារី មានឈ្មោះថា ស៊ូ ហាវ កើតនៅទីក្រុងប៉េកាំងនៅថ្ងៃទី១ ខែមករា ឆ្នាំ១៩៣០ ។
ឪពុកបង្កើតរបស់ អៀង សារី ឈ្មោះ គីម រៀម ជនជាតិខែ្មររស់នៅទឹកដីកម្ពុជាក្រោម ។ គីម រៀម មានជំងឺហើយត្រូវពិការភ្នែកមួយចំហៀងសហរដ្ឋអាមេរិក បន្ទាប់ពី អៀង សារី ចាប់កំណើតឡើង ។ ម្តាយរបស់ អៀង សារី ឈ្មោះ ង្វៀន ធីឡឺយ ឬ ច្រិន ធីឡឺយ ដែលជាកូនកាត់ចិន ។ អៀង សារី មានបងប្អូនបីនាក់ (ប្រុសពីរ ស្រីមួយ) ក្នុងនោះ អៀង សារី ជាកូនពៅ ។ បងប្រុសទីមួយឈ្មោះ គីម ចូវ ក្នុងរបបខែ្មរក្រហមពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ មានឋានៈជាប្រធានផ្សារអូរឫស្សី ។ នៅក្នុងអំឡុងឆ្នាំ១៩៨០ គីម ចូវ និងក្រុមគ្រួសារបានភៀសខ្លួនទៅរស់នៅរដ្ឋផ្លរីដា ។ បងទីពីរគឺបងស្រីឈ្មោះ គីម ធីកូវ មានប្តីឈ្មោះ ថាច់ សុង (ស្លាប់ទាំងពីរនាក់ ប្តីប្រពន្ធ) ។ គ្រួសារនេះ មានកូនប្រាំពីរនាក់ ។ ក្នុងចំណោមនោះ មានអ្នកខ្លះរស់នៅស្រុកកំណើតក្នុងប្រទេសវៀតណាម ហើយអ្នកខ្លះទៀតរស់នៅក្នុងប្រទេសកម្ពុជា ។
អៀង សារី បានមករស់នៅក្នុងទឹកដីកម្ពុជាតាំងពីតូចៗមកម្ល៉េះដោយទទួលការចិញ្ចឹមបីបាច់ពីសំណាក់ឪពុកចិញ្ចឹមឈ្មោះ ហ៊ូ ហុងស៊ីន នៅខេត្តស្វាយរៀង ។ ក្រោយមក អៀង សារី ចូលរៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ នៅទីក្រុងភ្នំពេញ ។ នៅក្នុងឆ្នាំ១៩៥០ អៀង សារី បានទទួលអាហារូបករណ៍ទៅសិក្សានៅទីក្រុងប៉ារីស ប្រទេសបារាំង ហើយក៏បានចូលជាសមាជិកបក្សកុម្មុយនីស្តបារាំង ។ មុនទៅរៀននៅប្រទេសបារាំង អៀង សារី បានទៅលេងស្រុកកំណើតតែម្តងប៉ុណ្ណោះ ។ នៅឆ្នាំ១៩៥១ អៀង សារី បានចូលជាសមាជិកបក្សកុម្មុយនីស្តបារាំង ។ អៀង សារី បានរៀបការជាមួយ ខៀវ ធីរិទ្ធ នៅប្រទេសបារាំងអំឡុងពេលដែលអ្នកទាំងពីរទៅសិក្សានៅទីនោះ ។ ខៀវ ធីរិទ្ធ ដែលត្រូវជាប្អូនស្រីរបស់ ខៀវ ប៉ុណ្ណារី ប្រពន្ធរបស់ ប៉ុល ពត បានដូរឈ្មោះទៅជា អៀង ធីរិទ្ធ វិញ ក្រោយពីរៀបការជាមួយ អៀង សារី ដោយយកត្រកូលខាងប្តី ។ អៀង សារី និងអៀង ធីរិទ្ធ មានកូនបួននាក់ ប្រុសមួយស្រីបី ។កូនប្រុសរបស់អៀង សារី ឈ្មោះ អៀង វុធ គឺជាអភិបាលរងខេត្តប៉ៃលិនបច្ចុប្បន្ន ។
អៀង សារី (ស្ដាំ) កំពុងចាប់ដៃជាមួយ ម៉ៅ សេទុង (ឆ្វេង) ក្រោមក្រសែផ្នែករបស់ ប៉ុល ពត (កណ្ដាល) នៅទីក្រុងប៉េកាំង ក្នុងឆ្នាំ១៩៧០ ។ ម៉ៅ សេទុង ទទួលមរណភាពប្រាំមួយឆ្នាំក្រោយមក នៅខែកញ្ញា ឆ្នាំ១៩៧៦ ។
ឆ្នាំ១៩៥៧ អៀង សារី បានវិលត្រឡប់មកប្រទេសកម្ពុជាពីប្រទេសបារាំងវិញ ហើយបានធ្វើជាគ្រូបង្រៀននៅវិទ្យាល័យព្រះស៊ីសុវត្ថិ ដោយបង្រៀនមុខវិជ្ជាប្រវត្តិសាស្ត្រ ស្របពេលជាមួយគ្នានោះដែរ អៀង សារី ក៏បានចូលជាសមាជិកបក្សប្រជាជនបដិវត្តន៍កម្ពុជា ។ នៅឆ្នាំ១៩៦០ អៀង សារី បង្រៀននៅសាលាកម្ពុជបុត្រក្រុងភ្នំពេញ ផ្នែកប្រវត្តិសាស្ត្រ និងភូមិសាស្ត្រដែលមាន ហ៊ូ យន់ ជានាយកសាលា ។ នៅឆ្នាំ១៩៦៣ អៀង សារី បានលះបង់ចោលការងារនៅទីក្រុងភ្នំពេញ ហើយរត់ចូលព្រៃក្នុងខេត្តកំពង់ចាមដើម្បីចូលរួមចលនាកុម្មុយនីស្ត ដែលក្រោយមកត្រូវបានស្គាល់ថា «ខែ្មរក្រហម» ។ ប៉ុល ពត ត្រូវបានជឿថារត់ចូលព្រៃជាមួយនឹង អៀង សារី នៅពេលនោះដែរ ។ នៅឆ្នាំ១៩៦៥ អៀង សារី បានជួបជាមួយនឹង សឿង, ភឿន, ម៉ុល (ប្រពន្ធរបស់ កែវ មាស) នៅក្នុងទឹកដីខេត្តរតនគិរីដើម្បីរៀបចំមន្ទីរជាបង្អែករបស់បក្ស ។ នៅខេត្តរតនគិរី អៀង សារី បានបង្កើតកងទ័ពនៅភូមិភាគឦសាន ហើយបានក្លាយជាមេបញ្ជាការកងទ័ពមុនឆ្នាំ១៩៧២ ។ នៅឆ្នាំ១៩៧០ អៀង សារី បានចេញទៅទីក្រុងហាណូយដើម្បីទៅទាក់ទងវៀតណាម និងសម្តេច សីហនុ នៅទីក្រុងប៉េកាំង ប្រទេសចិន ។ នៅឆ្នាំ១៩៧០នោះដែរ អៀង សារី បានបង្រៀនពីគោលជំហរនយោបាយរបស់រណសិរ្សដល់កម្មាភិបាលបក្សកុម្មុយនីស្តកម្ពុជានៅខេត្តរតនគីរី ។ កម្មាភិបាលខែ្មរក្រហមមួយរូបបាននិយាយថា «ពេលទៅដល់ខេត្តរតនគិរីក្នុងឆ្នាំ១៩៧០ បានជួប អៀង សារី ហៅ វ៉ាន់ ។ គាត់បានមកទទួលក្រុមយើង ហើយបង្រៀនយើងអំពីគោលជំហរនយោបាយរបស់រណសិរ្ស ប៉ុន្តែគោលបំណងពិតប្រាកដគឺប្រឆាំងវៀតណាម» ។
អៀង សារី ក្នុងអំឡុងពេលនាំគណៈប្រតិភូបរទេសទៅធ្វើទស្សនកិច្ចទ័ពជើងទឹកក្នុងខេត្តជាប់មាត់សមុទ្រ ដែលជាខេត្តកំពត ឬខេត្តព្រះសីហនុ ។ ក្នុងរូបថតនេះ អៀង សារី កំពុងឈរនៅលើទូកមួយដែលបំពាក់ដោយកាំភ្លើងធំដើម្បីការពារផ្ទៃទឹកកម្ពុជា ។
រវាងឆ្នាំ១៩៧១-៧២ អៀង សារី និង អៀង ធីរិទ្ធ បានបង្កើតរដ្ឋអំណាចនយោបាយមួយទៅលើខែ្មរនៅវៀតណាម ។ អៀង ធីរិទ្ធ ទទួលបន្ទុកខាងវិទ្យុផ្សាយសំឡេងនៅទីក្រុងហាណូយ ។ ឆ្នាំ១៩៧៣ អៀង សារី ធ្វើការនៅក្នុងមន្ទីរសម្ងាត់របស់បក្សនៅជាយក្រុងហាណូយ ។ នៅខែមិថុនា ឆ្នាំ១៩៧៤ អៀង សារី និង ខៀវ សំផន បានវិលត្រឡប់ចូលស្រុកវិញបន្ទាប់ពីបានដឹកនាំគណៈប្រតិភូទៅធ្វើទស្សនកិច្ចនៅក្រៅប្រទេស ។ នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ១៩៧០ គណៈប្រតិភូរបស់រណសិរ្សបង្រួបបង្រួមជាតិ និងរាជរដ្ឋាភិបាលរួបរួមជាតិកម្ពុជាបានមកដល់ទីក្រុងហាណូយដើម្បីធ្វើទស្សនកិច្ចជាមិត្តភាព ។ នៅក្នុងសេចក្តីថ្លែងការណ៍រួមគ្នាមួយរវាងកម្ពុជា និងវៀតណាមដែលចេញផ្សាយនៅក្នុងទីក្រុងហាណូយ គណបក្សទាំងពីរបញ្ជាក់សាជាថ្មីអំពី «ការតាំងចិត្តក្នុងការអនុវត្តគោលការណ៍ទាំងប្រាំចំណុចដើម្បីសន្តិភាពរួមពោលគឺ គោរពអធិបតេយ្យភាព និងបូរណភាពដែនដីរបស់គ្នាទៅវិញទៅមក ការមិនឈ្លានពានគ្នា ការគោរពរបបនយោបាយគ្នាទៅវិញទៅមក និងមិនជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងគ្នាផង សមភាព និងផលប្រយោជន៍គ្នាទៅវិញទៅមក និងសន្តិសហវិជ្ជមាន» ។
ក្នុងអំឡុងសង្គ្រាមស៊ីវិលពីឆ្នាំ១៩៧០ ដល់ឆ្នាំ១៩៧៥ អៀង សារី បានចូលរួមជាមួយរាជរដ្ឋាភិបាលបង្រួបបង្រួមជាតិកម្ពុជា និងជាបេសកជនពិសេសរបស់រណសិរ្សរួបរួមជាតិខែ្មរ ។
ក្រោយពេលខែ្មរក្រហមទទួលជ័យជម្នះក្នុងឆ្នាំ១៩៧៥ អៀង សារី បានហៅកម្មាភិបាលកេ្មងៗឲ្យត្រឡប់មកពីប្រទេសវៀតណាមចំនួន៥០០នាក់ ។ អ្នកទាំង៥០០នោះ ត្រូវបានសម្លាប់ចោល ។ ក្នុងឆ្នាំ១៩៧៥នោះដែរ អៀង សារី បានសុំគណៈទាក់ទងវៀតណាមចុះទៅសួរសុខទុក្ខម្តាយរបស់ខ្លួននៅស្រុកកំណើត ។ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧៥ ក្នុងអង្គ «ប្រជុំអចិន្ត្រៃយ៍» ដែលមានរបៀបវារៈបីគឺ «ការចែកការងារ និងកិច្ចដំណើរការ ការរៀបចំនៅរួម និងការចាត់ចែងការងារជាក់ស្តែងមួយចំនួន» អៀង សារី ត្រូវបានតែងតាំងជាអ្នកទទួល «ការងារបរទេសទាំងបក្សទាំងរដ្ឋ» ។ ថ្ងៃទី២ ខែវិច្ឆិកា (ឬធ្នូ) ឆ្នាំ១៩៧៥ នៅវេលាម៉ោង៧យប់ អៀង សារី បានចូលរួមក្នុងអង្គ «ប្រជុំអចិន្ត្រៃយ៍» ដែលខ្លឹមសារនៃអង្គប្រជុំមាន «សេចក្តីរាយការណ៍ពីទស្សនកិច្ចនៅថៃ សភាពការណ៍នៅព្រំប្រទល់ និងសមុទ្រ បញ្ហាអំបិល និងបញ្ហាផ្សេងៗ» ។ នៅឆ្នាំ១៩៧៦ រដ្ឋាភិបាលវៀតណាមធ្លាប់បានយកទឹកដោះគោ តែ ស្ករ មកឲ្យម្តាយ អៀង សារី ឈ្មោះ ង្វៀន ធីឡឺយ ប្រហែល៦-៧ដង ក៏ប៉ុន្តែចាប់ពីឆ្នាំ១៩៧៧ មក រដ្ឋាភិបាលវៀតណាមពុំដែលមកសួរសុខទុក្ខ និងឧបត្ថម្ភទៀតឡើយ ។ នៅយប់ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ១៩៧៦ អៀង សារី បានចូលរួម «អង្គប្រជុំគណៈអចិន្ត្រៃយ៍» ស្តីអំពី «បញ្ហាការពារប្រទេស» ដោយមាននិយាយអំពីជំនួយរបស់ចិនទាក់ទងខាងអាកាស និងខាងជើងទឹក និងអំពីមតិណែនាំមួយចំនួនរបស់អង្គការ ។ យប់ថ្ងៃដដែលនេះដែរ អៀង សារី បានចូលរួមក្នុង «អង្គប្រជុំគណៈអចិន្ត្រៃយ៍» ស្តីពី «បញ្ហាសេដ្ឋកិច្ចដោយភ្ជាប់នឹងមតិណែនាំរបស់អង្គការផង» ។ នៅថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ១៩៧៦ អៀង សារី បានចូលរួមក្នុង «អង្គប្រជុំគណៈអចិន្ត្រៃយ៍» ស្តីអំពី «បញ្ហាជំនួយស៊ុយអែត និងយូហ្គោស្លាវី» ក្នុងពេលនោះ អៀង សារី បានធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំ ។
នៅថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៧៦ អៀង សារី បានចូលរួមក្នុង «អង្គប្រជុំការងារឃោសនាការ» ដែលមានរបៀបវារៈដូចជា «ការផ្សាយអំពីការបោះឆ្នោតនៅថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៧៦ និងភារកិច្ចតាមដានដំណឹង» ។ នៅថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៧៦ អៀង សារី បានចូលរួមក្នុង «អង្គប្រជុំគណៈអចិន្ត្រៃយ៍» ដែលក្នុងអង្គប្រជុំនោះមានលើករបៀបវារៈអំពី «បញ្ហាព្រំប្រទល់ខាងកើត» និងមតិណែនាំរបស់អង្គការ ។ នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ១៩៧៦ អៀង សារី បានចូលរួមក្នុង «អង្គប្រជុំគណៈអចិន្ត្រៃយ៍» ស្តីអំពី «ពាណិជ្ជកម្ម» ។ បន្ទាប់ពីសេចក្តីរាយការណ៍ត្រួសៗរបស់ អៀង សារី និង កុយ ធួន ស្តីពីការទាក់ទងជាមួយចិនរួចមក អចិន្ត្រៃយ៍បានសម្រេចចាត់តាំងគណៈកម្មាធិការមួយសម្រាប់ពិនិត្យរៀបចំទំនិញដែលត្រូវទិញដែលមាន អៀង សារី ជា «សមាជិកពិគ្រោះពិភាក្សា» ក្នុងគណៈកម្មាធិការនោះ ។ នៅក្នុង «សេចក្តីសម្រេចរបស់គណៈមជ្ឈិម» ថ្ងៃទី៣០ ខែមីនា ឆ្នាំ១៩៧៦អៀង សារី ត្រូវបានតែងតាំងជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេស ។
អៀង សារី ដឹកនាំប្រធានទីប្រឹក្សាចិនប្រចាំរបបកម្ពុជាប្រជាធិបតេយ្យ (ពាក់អាវស ដើរក្រោយ អៀង សារី) និងជំនាញការចិនជាច្រើនរូបទៀត ទៅត្រួតពិនិត្យមើលការដ្ឋានជួសជុលផ្លូវរថភ្លើងនៅខេត្តតាកែវ ក្នុងឆ្នាំ១៩៧៧ ។ អមដំណើរជាមួយគ្នានោះ រួមមាន វន វ៉េត (ឆ្វេង) ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសេដ្ឋកិច្ច និង តាម៉ុក ឯកសណ្ឋានខ្មៅ (ទីពីររាប់ពីស្ដាំ) លេខាភូមិភាគនិរតី ។
នៅពាក់កណ្តាលឆ្នាំ១៩៧៦ អៀង សារី បានចូលជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ។ នៅថ្ងៃទី៣ ខែ ឧសភា ឆ្នាំ១៩៧៦ អៀង សារី បានចូលរួមក្នុង «អង្គប្រជុំគណៈអចិន្ត្រៃយ៍» អំពី «ការងារបរទេស» ដែលមាន អៀង សារី ខ្លួនឯងផ្ទាល់ជាអ្នករាយការណ៍ ។ នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ១៩៧៦ អៀង សារី បានចូលរួមក្នុង «អង្គប្រជុំគណៈអចិន្ត្រៃយ៍» អំពី «បញ្ហាពាណិជ្ជកម្ម» ពេលនោះអង្គប្រជុំបានរៀបចំ «គណៈកម្មាធិការពាណិជ្ជកម្មដំណើរទៅហុងកុង គណៈកម្មាធិការកំពង់ផែ និងការទាក់ទងពាណិជ្ជកម្មនឹងធនាគារជាមួយចិន» ។ នៅរសៀល និងយប់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ១៩៧៦ អៀង សារី បានចូលរួមក្នុង «អង្គប្រជុំគណៈអចិន្ត្រៃយ៍» ដើម្បី «ពិនិត្យអំពីប្រតិកម្មរបស់វៀតណាមក្នុងអង្គប្រជុំលើកទី៥កាលពីពេលព្រឹក» ។ នៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ១៩៧៦ អៀង សារី បានជួបសន្ទនាជាមួយសមមិត្ត ផាន ហៀន អនុរដ្ឋមន្ត្រីការបរទេសរបស់វៀតណាម ដោយក្នុងភាគីកម្ពុជាអ្នកដែលចូលប្រជុំរួមមាន សមមិត្ត មុត, សមមិត្ត តូច និងសួង ស៊ីគឿន ។ នៅក្នុងជំនួបនោះ ផាន ហៀន បានរាយការណ៍ជូន អៀង សារី អំពីសភាពការណ៍នៅវៀតណាមអំពីការបោះឆ្នោតទូទៅ សន្និសីទប្រទេសមិនចូលបក្សសម្ព័ន្ធ និងបញ្ហាអាស៊ាន ។ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ១៩៧៦ អៀង សារី បានចូលរួមក្នុង «អង្គប្រជុំគណៈអចិន្ត្រៃយ៍» អំពីបញ្ហា «ការងារការបរទេស» ក្នុងពេលនោះ អៀង សារី ខ្លួនឯងបានធ្វើ «សេចក្តីរាយការណ៍អំពីសកម្មភាពរបស់ក្រសួងការបទេស» ។ មុនខែសីហា ឆ្នាំ១៩៧៦ អៀងសារី បានរៀបចំប្រជុំជាមួយ ខៀវ សំផន និង ហ៊ូ នឹម អំពីការទៅចូលរួមសន្និសីទប្រទេសមិនចូលបក្សសម្ព័ន្ធនៅទីក្រុងកូឡុំបូ ប្រទេសស្រីលង្កា ។ ក្នុងឆ្នាំ១៩៧៧ ហ៊ូ នឹម ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅមន្ទីរស-២១ ឬ ទួលស្លែង ហើយនៅថ្ងៃទី១០ ខែមេសា ចម្លើយសារភាពរបស់ ហ៊ូ នឹម ត្រូវបានផ្ញើជូនទៅ អៀង សារី ដើម្បីអាន ។
អៀង សារី កំពុងជួបជាមួយគណៈប្រតិភូមកពីប្រទេសគុយបា ក្នុងអំឡុងទស្សនកិច្ចមកកាន់ប្រទេសកម្ពុជាក្នុងឆ្នាំ១៩៧៦ ។ អ្នកបកប្រែភាសាបារាំងគឺ សួង ស៊ីគឿន ខាងស្ដាំដៃ អៀង សារី ។
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ១៩៧៧ លោក រ៉ូស៊េរីយ៉ូ ឡូបាតូ អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធបដិវត្តន៍ទីម័រខាងកើតបានសរសេរសំបុត្រមួយច្បាប់សុំការអនុញ្ញាតពី អៀង សារី ចេញពីកម្ពុជាប្រជាធិបតេយ្យដើម្បីធ្វើដំណើរទៅសាធារណរដ្ឋប្រជាមានិតចិន ។ ក្នុងឆ្នាំ១៩៧៧ អៀង សារី បានចេញបញ្ជាឲ្យធ្វើការវាយប្រហារប្រឆាំងវៀតណាម ។ ថ្ងៃទី១២ ខែមីនា ឆ្នាំ១៩៧៨ មានលិខិតរាយការណ៍ទៅ អៀង សារី អំពីដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនៃប្រទេសយូហ្គោស្លាវី ។ ក្នុងពេលទៅចូលរួមសម័យប្រជុំរបស់អង្គការសហប្រជាជាតិក្នុងខែតុលា ឆ្នាំ១៩៧៨ អៀង សារី បានរៀបចំឲ្យមានសន្និសីទកាសែតមួយ ។ ក្នុងសន្និសីទនោះ អៀង សារី បានប្រកាសថានឹងអញ្ជើញលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ ឃើត វុលហែម ឲ្យមកធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា ដោយភ្ជាប់ទៅនឹងការស៊ើបអង្កេតរឿងរំលោភសិទ្ធិមនុស្សក្នុងប្រទេស ។
អៀង សារី (ទីបួនរាប់ពីស្ដាំ) អមដំណើរគណៈប្រតិភូចិនដឹកនាំដោយលោក វ៉ា ដុងស៊ីង (ទីបីរាប់ពីស្ដាំ) ក្នុងអំឡុងដំណើរទស្សនកិច្ចរបស់គណៈប្រតិភូមកកាន់ប្រទេសកម្ពុជាក្នុងខែវិច្ឆិកា ឆ្នាំ១៩៧៨ ។ អៀង សារី បាននាំគណៈប្រតិភូនេះទស្សនាជុំវិញទីក្រុងភ្នំពេញ ។
ក្នុងខែមិថុនា ឆ្នាំ១៩៧៨ អៀង សារី ប៉ុល ពត ខៀវ សំផន វន វ៉េត និង ចេង អន បានចូលរួមការសិក្សាមួយនៅសាលាចតុមុខ ដែលនិយាយអំពីការវិលត្រឡប់ចូលស្រុកវិញរបស់អ្នកនៅខាងក្រៅប្រទេសដើម្បីឲ្យជួយរៀបចំកម្មវិធីសិក្សា និងជួយធ្វើការនៅតាមបណ្តាក្រសួងនានា ។ ក្នុងអំឡុងខែសីហា ឆ្នាំ១៩៧៨ សមាជិករបស់សមាគមមិត្តភាពកម្ពុជា-ស៊ុយអែត ដឹកនាំដោយ ហ្គនុណា ប៊ើយស្ត្រម បានមកធ្វើទស្សនកិច្ចរយៈពេល ១៤ថ្ងៃនៅប្រទេសកម្ពុជា ដោយក្នុងអំឡុងពេលនោះ គណៈប្រតិភូបានចូលរួមអាហារជាមួយ ប៉ុល ពត និង អៀង សារី ។ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ អៀង សារី ជាឧបនាយករដ្ឋមន្ត្រីបានជួបសន្ទនា និងទទួលរៀបចំពិធីជប់លៀងជូនភ្ញៀវគណៈប្រតិភូក្រសួងពាណិជ្ជកម្មក្រៅប្រទេសនៃសាធារណរដ្ឋប្រជាមានិតចិនដែលដឹកនាំដោយសមមិត្ត ចេន ជាអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្រៅប្រទេសចិន ព្រមទាំងបានវាយតម្លៃយ៉ាងខ្ពស់ដល់ការរីកលូតលាស់នៃពាណិជ្ជកម្មរវាងប្រទេសចិន និងកម្ពុជាប្រជាធិបតេយ្យ ។
នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ១៩៧៨ អៀង សារី បានផ្ញើលិខិតមួយទៅឲ្យ សុន សេន ហៅ សមមិត្ត ខៀវ ដែលនិយាយអំពីសមមិត្តចិនស្នើសុំទៅមើលភូមិភាគបូព៌ាដែលកាលនោះ សុន សេន មានភារកិច្ចមើលការខុសត្រូវភូមិភាគបូព៌ា ។ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៧៨ អៀង សារី បានជួបជាមួយអ្នកសារព័ត៌មាន អេលីហ្សាប៊ែត បេកឃើ, រីឆាត ដាត់មេន និង ម៉ាល់ខូម ខូលវែល ក្នុងពិធីបាយល្ងាចនៅវិមានចំការមនដែលមាន ជួន ប្រាសិទ្ធ ជា អ្នកបកប្រែ ។ ក្នុងអំឡុងពេលនោះ អៀង សារី មិនបានឆ្លើយសំណួររបស់ រីឆាត ដាត់មេន ទេ ហើយសុំរង់ចាំឲ្យ ប៉ុល ពត ជាអ្នកឆ្លើយចំពោះថាតើគួរអនុញ្ញាតឲ្យសម្ភាសន៍ ឬក៏អត់ ។ ជាជំនួសវិញ អៀង សារី បែរជានិយាយពីរឿងជោគជ័យក្នុងការវាយប្រហារជាមួយវៀតណាមដែលចង់ឲ្យកម្ពុជាទៅជាផ្នែកមួយនៃសហព័ន្ធឥណ្ឌូចិន ។ អ្នកទាំងបីត្រូវបានឲ្យស្នាក់នៅបច្ចុប្បន្នសណ្ឋាគារឡឺរ៉ូយ៉ាល់ ។ ម៉ាល់ខូម ខូលវែល ត្រូវបានសម្លាប់ ដោយខ្មាន់កាំភ្លើងម្នាក់នៅកន្លែងដែលគាត់ស្នាក់នៅ ។ នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩៧៨ អេលីហ្សាប៊ែត បេកឃើ និង រីឆាត ដាត់មេន បានចាកចេញពីប្រទេសកម្ពុជាជាមួយនឹងសាកសពរបស់ ម៉ាល់ខូម ខូលវែល ។ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៧៨ អៀង សារី អង្គុយនៅខាងក្រោយ ប៉ុល ពត នៅឯអតីតវិមានរដ្ឋាភិបាលពណ៌ប្រផេះនៅជួរមាត់ទន្លេដែលសង់តាំងពីអាណានិគមបារាំង ប៉ុល ពត បានថ្លែងសុន្ទរកថាអំពីគោលបំណងរបស់វៀតណាមដែលចង់ឲ្យមានសហព័ន្ធឥណ្ឌូចិនដោយចោទវៀតណាមថាបានចងសម្ព័ន្ធមិត្តជាមួយប្រទេសក្នុងកតិកាសញ្ញាសង្រ្គាម និងប្រទេសសូវៀតដើម្បីរៀបចំចូលឈ្លានពានប្រទេសកម្ពុជា ។
អៀង សារី (ស្ដាំ) ជល់កែវជាមួយ ស៊ុន ហួ អគ្គរដ្ឋទូតចិនប្រចាំរបបកម្ពុជាប្រជាធិបតេយ្យ នៅទីក្រុងភ្នំពេញ ។
ប្រមាណពីសប្ដាហ៍ក្រោយមក វៀតណាមបានលើកទ័ពចូលប្រទេសកម្ពុជា ហើយ អៀង សារី ជាមួយនឹងមេដឹកនាំរបបកម្ពុជាប្រជាធិបតេយ្យផ្សេងទៀតបានភៀសខ្លួនទៅព្រំដែនថៃ ។ អៀង សារី និង ប៉ុល ពត ត្រូវតុលាការបដិវត្តន៍ប្រជាជនកម្ពុជានៅទីក្រុងភ្នំពេញកាត់ទោសកំបាំងមុខពីបទប្រល័យពូជសាសន៍ ហើយសម្រេចផ្តន្ទាទោសប្រហារជីវិត ។ ទោះបីជារបបកម្ពុជាប្រជាធិបតេយ្យត្រូវដួលរលំក៏ដោយ ក៏ អៀង សារី នៅតែបន្តតួនាទីរបស់ខ្លួនក្នុងរដ្ឋាភិបាលនិរទេសមួយដែលបង្កើតឡើងនៅក្នុងទឹកដីថៃ ប៉ុន្តែ អៀង សារី បានផ្ទេរមុខតំណែងជាឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសទៅឲ្យ ខៀវ សំផន វិញ បន្ទាប់ពីបង្កើតរដ្ឋាភិបាលចម្រុះកម្ពុជាប្រជាធិបតេយ្យក្នុងឆ្នាំ១៩៨២ ។
នៅខែសីហា ឆ្នាំ១៩៩៦ អៀង សារី គឺជាមេដឹកនាំជាន់ខ្ពស់ខែ្មរក្រហមដំបូងគេ ដែលបានចាកចេញពីចលនាខែ្មរក្រហមជាមួយនឹងអ្នកក្រោមបង្គាប់ និងកងកម្លាំងយោធាខែ្មរក្រហមរាប់ពាន់នាក់ មកចុះចូលជាមួយរដ្ឋាភិបាលកម្ពុជា ។ ការចុះចូលជាមួយរដ្ឋាភិបាលកម្ពុជានេះគឺជាថ្នូរនឹងព្រះរាជក្រឹត្យលើកលែងទោសពីសំណាក់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ពីការកាត់ទោសប្រហារជីវិត និងការកាត់ទោសក្រោមច្បាប់ដាក់ខែ្មរក្រហមនៅក្រៅច្បាប់ក្នុងឆ្នាំ១៩៩៤ ដែលបានចែងថា រចនាសម្ព័ន្ធអង្គការរបស់ខែ្មរក្រហមគឺមានលក្ខណៈមិនស្របច្បាប់ ។ បន្ទាប់មក អៀង សារី បានរស់នៅជាមួយប្រពន្ធរបស់ខ្លួនឈ្មោះ អៀង ធីរិទ្ធ ដោយមានសេរីភាពយ៉ាងពេញលេញនៅទីក្រុងភ្នំពេញ និងម្តងម្កាលនៅប៉ៃលិន ។
អៀង សារី (ទីបួនរាប់ពីឆ្វេង) ក្នុងអំឡុងពិធីមង្គលការរបស់ សួង ស៊ីគឿន នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ក្នុងខែមីនា ឆ្នាំ១៩៨៨ ។ ម៉ាឡៃគឺជាអតីតទីតាំងគ្រប់គ្រងរបស់ចលនាខ្មែរក្រហមមុនឆ្នាំ១៩៩៦ ក្រោមការត្រួតត្រាផ្ទាល់របស់ អៀង សារី ។ សួង ស៊ីគឿន គឺជាបញ្ញវន្តមួយរូបដែលធ្លាប់សិក្សានៅប្រទេសបារាំងហើយក្នុងរបបកម្ពុជាប្រជាធិបតេយ្យធ្វើការនៅក្រសួងការបរទេស ។ សួង ស៊ីគឿន ត្រូវបានសាលាក្ដីខ្មែរក្រហមកោះអញ្ជើញឲ្យមកធ្វើសក្ខីកម្មកាលពីខែសីហា ឆ្នាំ២០១២ ។ ពីឆ្វេងទៅស្ដាំៈ ម៉ាលី (ប្រពន្ធ ជួន ជឿន) វេជ្ជបណ្ឌិត ជួន ជឿន រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៃរបបកម្ពុជាប្រជាធិបតេយ្យ សូផន (អតីតជំនួយការរបស់ អៀង សារី និងជាអនុប្រធានផ្នែកព័ត៌មាន និងឃោសនាការក្រសួងការបរទេសនៃរបបកម្ពុជាប្រជាធិបតេយ្យ) សួង ស៊ីគឿន តាំង ហ៊ុយអេង (ប្រពន្ធ សួង ស៊ីគឿន) សរ គឹមល្មត កម្មាភិបាលជាន់ខ្ពស់ផ្នែកធនាគារពាណិជ្ជកម្ម អៀង ធីរិទ្ធ ប្រពន្ធរបស់ ស៊ឹម សុន ប្រពន្ធរបស់ វ៉ាន់ រិទ្ធិ ប្រពន្ធរបស់ ភី ភួន វ៉ាន់ រិទ្ធិ ប្រធានគណៈកម្មាធិការពាណិជ្ជកម្មក្រោយ កុយ ធួន បញ្ជូនទៅមន្ទីរស-២១ ស៊ឹម សុន អតីតអគ្គរដ្ឋទូតកម្ពុជាប្រជាធិបតេយ្យប្រចាំនៅប្រទេសកូរ៉េខាងជើង (១៩៧៦?-១៩៧៩) ។
នៅឆ្នាំ១៩៩៧ រាជរដ្ឋាភិបាលកម្ពុជាបានស្នើទៅអង្គការសហប្រជាជាតិដើម្បីនាំយកអ្នកដែលទទួលខុសត្រូវក្នុងការសម្លាប់ប្រជាជនកម្ពុជាក្នុងរបបខែ្មរក្រហមយកទៅតុលាការ ។ នៅឆ្នាំ២០០១ រដ្ឋសភាជាតិនៃព្រះរាជាណាចក្រកម្ពុជាបានអនុម័តច្បាប់ឲ្យមានការកាត់ទោសមេដឹកនាំខែ្មរក្រហម ។ ក្នុងឆ្នាំ២០០៣ ទើបកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជាជាមួយនឹងអង្គការសហប្រជាជាតិក្នុងការបង្កើតតុលាការកាត់ទោសមេដឹកនាំខែ្មរក្រហមត្រូវបានធ្វើឡើង ។ ឆ្នាំ២០០៦ តុលាការខែ្មរក្រហមដែលមានឈ្មោះផ្លូវការថា អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា បានលេចជារូបរាងឡើង និងបានចាប់ផ្តើមដំណើរការការងាររបស់ខ្លួន ។
នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០០៧ អៀង សារី និង អៀង ធីរិទ្ធ ត្រូវបានចាប់ខ្លួននៅភូមិគ្រឹះរបស់ខ្លួននាទីក្រុងភ្នំពេញ ។ អៀង សារី គឺជាមេដឹកនាំជាន់ខ្ពស់ខែ្មរក្រហម និងអ្នកទទួលខុសត្រូវខ្ពស់បំផុតក្នុងរបបកម្ពុជាប្រជាធិបតេយ្យពីឆ្នាំ១៩៧៥-៧៩ មួយរូបក្នុងចំណោមមេដឹកនាំជាន់ខ្ពស់សំខាន់ៗក្នុងរបបកម្ពុជាប្រជាធិបតេយ្យរួមមាន: អៀង ធីរិទ្ធ ខៀវ សំផន នួន ជា និង កាំង ហ្កេចអ៊ាវ ហៅ ឌុច ។
អៀង សារី ក្នុងពិធីមួយក្នុងខែវិច្ឆិកា ឆ្នាំ១៩៩៦ នៅប៉ៃលិន ដែលរៀបចំឡើងដើម្បីអបអរសាទរ អៀង សារី ដែលបានផ្ដាច់ខ្លួនពីចលនាខ្មែរក្រហមមករួបរួមជាមួយរដ្ឋាភិបាល ។ រូបនៅខាងស្ដាំគឺ អៀង ធីរិទ្ធ ។ ថតដោយៈ ឆាំង យុ
អៀង សារី ត្រូវបានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជាចោទប្រកាន់ និងបញ្ជូនទៅជំនុំជម្រះពីបទឧក្រិដ្ឋដែលបានប្រព្រឹត្តនៅចន្លោះពេលដែលខ្លួនកាន់អំណាចពីថ្ងៃ១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៦ ខែមករា ឆ្នាំ១៩៧៩ ។ ឧក្រិដ្ឋកម្មទាំងនោះមាន ៖
- ឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ: មនុស្សឃាត ការសម្លាប់ផ្តាច់ពូជ ការដាក់ក្នុងមន្ទីរឃុំឃាំង ការធ្វើទារុណកម្ម និងអំពើអមនុស្សធម៌ផ្សេងទៀត ។
- ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍: ការសម្លាប់ក្រុមជនជាតិវៀតណាម និងចាម ។
- ការរំលោភបំពានយ៉ាងធ្ងន់ធ្ងរទៅលើអនុសញ្ញាទីក្រុងហ្សឺណែវ ឆ្នាំ១៩៤៩: មនុស្សឃាតដោយចេតនា ការធ្វើទារុណកម្ម ឬការប្រព្រឹត្តអមនុស្សធម៌ ការបង្កដោយចេតនាពីឈ្លើយសឹក ឬ ជនស៊ីវិលនូវសិទ្ធិទទួលបានការកាត់ក្តីដោយយុត្តិធម៌ ការបង្ខាំង និងនិរទេសជនស៊ីវិលដោយខុសច្បាប់ ។
- អំពើមនុស្សឃាត: ការធ្វើទារុណកម្ម និងការធ្វើទុក្ខបុកម្នេញខាងផ្នែកសាសនា ដូចមានចែងក្នុងក្រមព្រហ្មទណ្ឌកម្ពុជា ឆ្នាំ១៩៥៦ ។
រូបខាងឆ្វេងៈ ភី ភួន ហៅ រចឹម ទុន ឬ ចៀម ជាសាក្សីនៅតុលាការខ្មែរក្រហម និង រូបខាងស្ដាំៈ អៀង ម៉ិញ កូនស្រីច្បងរបស់ អៀង សារី ។
អៀង សារី ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀត ទីក្រុងភ្នំពេញ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៣ ហើយទទួលមរណភាពនៅវេលាម៉ោង៨ និង៤៥នាទីព្រឹក ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ ដោយជំងឺបេះដូង ។ សពរបស់ អៀង សារី ត្រូវបានដឹកទៅកាន់ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ នៅថ្ងៃដដែលដើម្បីធ្វើពិធីបុណ្យតាមប្រពៃណីពុទ្ធសាសនា ៕
via: choukhmer+sangkeb
អៀង វុធ កូន អៀង សារី |
Comments
Post a Comment