ប្រវត្តិ សង្ខេប លោក ស៊ា កុសល-History of Mr. SEA Kosal by សង្ខេប Sangkeb

លោក ស៊ា កុសល និងភរិយា លោកស្រី ណាំ លីណែត 

លោក ស៊ា កុសល ត្រូវបានព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ​ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជារដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។ នេះបើយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

 

លោក ស៊ា កុសល កើតនៅថ្ងៃទី ០៤ ខែវិច្ឆិកា ឆ្នាំ ១៩៦៥ នៅក្រុងបាត់ដំបង។ លោក បានរៀបអាពាហ៍ពិពាហ៍ ជាមួយលោកស្រី ណាំ លីណែត និងមានកូនជាចំណងដៃចំនួន ៣ នាក់។

 

ប្រវត្តិការសិក្សា

លោក ស៊ា កុសល បានបញ្ចប់ការសិក្សាមកពីប្រទេសអាល្លឺម៉ង់ និងសហរដ្ឋអាមេរិក ដោយក្នុងនោះ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រច្បាប់ ពីសាកលវិទ្យាល័យ កាលម៉ាក្ស សាធារណរដ្ឋប្រជាធិបតេយ្យអល្លឺម៉ង់ នៅឆ្នាំ១៩៨៨។

សញ្ញាប័ត្រអនុបណ្ឌិតច្បាប់ពីសាកលវិទ្យាល័យ កាលម៉ាក្ស សាធារណរដ្ឋប្រជាធិបតេយ្យអល្លឺម៉ង់ នៅឆ្នាំ ១៩៨៩។ និង សញ្ញាប័ត្របណ្ឌិតច្បាប់ ពី សាកលវិទ្យាល័យឡែបស៊ិក សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នៅឆ្នាំ ១៩៩៣ បន្ទាប់មកនៅ ១៩៩៤ សញ្ញាប័ត្រនៃសាលាការទូត (School of Foreign Service) ក្រុងវ៉ាស៊ិនតោនឌីស៊ី សហរដ្ឋអាមេរិក។លោក ស៊ា កុសល អាចប្រើប្រាស់ភាសាអន្តរជាតិចំនួនពីរ គឺភាសាអង់គ្លេស និងអាល្លឺម៉ង់។

 

ប្រវត្តិការងារ

លោក ស៊ា កុសល ជារដ្ឋលេខាធិការប្រចាំការ ត្រូវទទួលបន្ទុកលើការងារដឹកនាំ គ្រប់គ្រងក្រសួង និងជួយដឹកនាំផ្ទាល់លើការងារធនធានមនុស្ស កិច្ចការច្បាប់ កុងស៊ុល និងព្រំដែន។


លោកក៏ធ្លាប់ធ្វើជាសាស្រ្តាចារ្យច្បាប់អន្តរជាតិនៅមហាវិទ្យាល័យច្បាប់ និងសេដ្ឋកិច្ច និងនៅសាលាភូមិន្ទរដ្ឋបាល​ ក្រុងភ្នំពេញ នៅឆ្នាំ ១៩៩៣ ១៩៩៩។


លោក ស៊ា កុសល បានចូលបម្រើការងារជាមន្ត្រី នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តាំងពីឆ្នាំ១៩៩៣។ ក្នុងនោះ អ្នកការទូតរូបនេះ ក៏ធ្លាប់ឆ្លងកាត់នូវតួនាទី-ភារកិច្ចជាច្រើន ចាប់តាំងពីប្រធានការិយាល័យច្បាប់ និងសន្ធិសញ្ញានៃក្រសួងការបរទេស អនុប្រធាននាយកដ្ឋានច្បាប់ និងកុងស៊ុល ក្រោយមកក៏បានឡើងជាប្រធាននាយកដ្ឋាននេះ។

 

ជានាយកខុទ្ទកាល័យរដ្ឋមន្ត្រី និងជាប្រធាននាយកដ្ឋានច្បាប់ និង កុងស៊ុល នាយកខុទ្ទកាល័យទេសរដ្ឋមន្ត្រី និងជាអគ្គាធិការ អគ្គទីប្រឹក្សានៃស្ថានទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក ឯកអគ្គរាជទូត និងជាតំណាងអចិន្ត្រៃយ៍រងប្រចាំអង្គការសហប្រជាជាតិ ជាដើម។

 

បន្ថែមពីលើនេះ លោក  ស៊ា  កុសល  ក៏ធ្លាប់ទៅបំពេញការងារជាតំណាង អចិន្ត្រៃយ៍ប្រចាំអង្គការសហប្រជាជាតិ និង ជាឯកអគ្គរាជទូតប្រចាំប្រទេសកាណាដា ជាប្រធានក្រុមប្រទេសអាស៊ីទាំង  ៥៣  នៅអង្គការសហប្រជាជាតិ។

 

ខណៈក្រោយចប់អាណត្តិការទូតនេះ លោកស៊ា កុសល ត្រូវបានតែងតាំងជាអនុ​រដ្ឋលេខាធិការក្រសួងការបរទេស ហើយក្រោយមក ត្រូវបានដំឡើងជារដ្ឋលេខាធិការ នៅឆ្នាំ២០១៨ ២០២៣។ ហើយនៅក្នុងរាជរដ្ឋាភិបាល អាណត្តិទី៧ លោកត្រូវបានតែងតាំង ជារដ្ឋលេខាធិការប្រចាំការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

 

គ្រឿងឥស្សរិយយស

មេដាយជាតូបការ (២០១៨)

មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍ (២០១៧)

មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា (២០០៧)

មេដាយមុនីសារាភ័ណ្ឌ ថ្នាក់សេនា (២០០៣)

មេដាយមុនីសារាភ័ណ្ឌ ថ្នាក់អស្សឬទ្ធិ (២០០២)





លោក ស៊ា កុសល និង ក្រុមគ្រួសារ












លោក ស៊ា កុសល និងភរិយា លោកស្រី ណាំ លីណែត 

លោក ស៊ា កុសល និងភរិយា លោកស្រី ណាំ លីណែត 



Via: mfaic.gov.kh+ kampucheathmey +sangkeb

 

 






 

Comments