ប្រវត្តិ សង្ខេប សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស -History of Samdech Preah Akka Moha Sangkha Rajathipati Tep Vong by សង្ខេប Sangkeb

 

 


សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ គណៈ មហានិកាយនៃកម្ពុជា បានយាងចូលព្រះទិវង្គត នៅវេលាម៉ោង ៥៖៤0នាទីល្ងាច ថ្ងៃច័ន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា ដោយព្រះជរាពាធ។

 

ស្ទើរតែមួយព្រះជន្ម ដែលសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស បានលះបង់ចំពោះព្រះពុទ្ធសាសនានៅកម្ពុជា។

 

សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស ប្រសូត្រនៅថ្ងៃទី១២ ខែមករា ឆ្នាំ១៩៣២ មានទីកំណើតនៅឃុំជ្រាវ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ដែលបិតានាម ទេព ឈិត និងមាតានាម ប៉ិច អាត់។

 

កាលពីកុមារភាព សម្ដេច ទេព វង្ស ត្រូវបានមាតាបិតាបញ្ជូនឱ្យទៅសិក្សាអក្សរសាស្ត្រ និងគណិតសាស្ត្រ នៅវត្តរាជបូព៌ ខេត្តសៀមរាប ហើយលុះដល់ព្រះជន្មាយុ១៦វស្សា សម្ដេច ក៏បានបួសជាសាមណេរ នៅវត្តរាជបូព៌នេះ ប៉ុន្តែការបួសជាសាមណេរនេះ បានត្រឹមតែរយៈពេល៩ខែប៉ុណ្ណោះ សម្ដេច ក៏បានលាចាកសិក្ខាបទវិញ។

 

នៅឆ្នាំ១៩៥២ នៅពេលដែលមានព្រះជន្មជាង ២០វស្សា សម្ដេច ទេព វង្ស បានសាងព្រះផ្នួសជាថ្មី ដោយបានបំពេញឧបសម្បទាជាភិក្ខុក្នុងសំណាក់ព្រះឧបជ្ឈាយ៍ព្រះសមុហ៍គណ ហ៊ីង ម៉ៅ ព្រះចៅអធិការវត្តរាជបូព៌ ហើយបួសបានរយៈពេលជាង៥ឆ្នាំ សម្ដេច ទេព វង្ស ក៏ទទួលបានការតែងតាំងជាព្រះគ្រូសូធ្យស្ដាំវត្តរាជបូព៌នេះ។

 

តែជាអកុសល ក្នុងឆ្នាំ១៩៧៥ ជាពេលវេលាដែលកម្ពុជា បានធ្លាក់ចូលទៅក្នុងបនប្រល័យពូជសាសន៍ខ្មែរក្រហម ដែលពេលនេះ សម្ដេច ទេព វង្ស ក៏ត្រូវបានរបបនេះបង្ខំឱ្យសឹក និងត្រូវបានធ្វើទារុណកម្មយ៉ាងធ្ងន់ធ្ងរ ដូចប្រជាជនស្លូតត្រង់ខ្មែរដទៃទៀតដែរ។

 

រហូតដល់ថ្ងៃទី ៧ ខែ មករា ឆ្នាំ១៩៧៩ កម្ពុជា ក៏ត្រូវបានរំដោះចេញពីរបបខ្មែរក្រហមនេះ ហើយដោយមានឧបនិស្ស័យនឹងព្រះពុទ្ធសាសនា សម្ដេច ទេព វង្ស បានសាងព្រះផ្នួសជាថ្មីម្ដងទៀត នៅថ្ងៃ១៩ ខែកញ្ញា ឆ្នាំ១៩៧៩ នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ក្នុងសំណាក់ព្រះឧបជ្ឈាយ៍ ដែលនិមន្តមកពីកម្ពុជាក្រោម។

 

ក្នុងពេលនោះហើយ ដែលសម្ដេច ទេព វង្ស ក្លាយជាព្រះវិន័យធរ នៅវត្តឧណ្ណាលោម និងជាព្រះឧបជ្ឈាហ៍ទូទាំងប្រទេស ដែលទ្រង់ជាព្រះឧបជ្ឈាហ៍ធំជាងគេដែលបានបំបួសរាល់ព្រះថេរចាស់ៗសម័យមុន និងចាប់ផ្ដើមប្រមូល កសាងធនធានព្រះសង្ឃនៅកម្ពុជាឡើងវិញ។

ក្នុងឆ្នាំ១៩៩១ សម្ដេច ទេព វង្ស ទទួលបានការតែងតាំងគោរមងារជា ព្រះមហាសុមេធា ធិបតី ទេព វង្ស មានតួនាទីជាព្រះសង្ឃនាយក ហើយនៅឆ្នាំដដែលនោះ ក៏ត្រូវបានដំឡើង និងតែងតាំងជា សម្ដេចព្រះមហាសុមេធាធិបតី ព្រះសង្ឃរាជ គណៈមហានិកាយ។

 

លុះមកដល់ឆ្នាំ២០០៦ ព្រះមហាក្សត្រនៃកម្ពុជា ព្រះករុណា ព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានត្រាស់បង្គាប់តែងតាំងជាសម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ គណៈមហានិកាយនៃកម្ពុជា រហូតមកដល់ពេលដែលសម្ដេចអស់ព្រះជន្ម ក្នុងព្រះជន្មាយុ៩៣ព្រះវស្សា។

 

សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ ក្នុងមួយព្រះជន្មរបស់សម្តេច សម្ដេចមានគុណបំណាច់យ៉ាងធំធេងចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ជាពិសេសសម្តេចបានធ្វើពលិកម្មដ៏ខ្ពង់ខ្ពស់ទ្រទ្រង់ពុទ្ធប្បញ្ញត្តិ និងលើកកម្ពស់ព្រះពុទ្ធសាសនានៅកម្ពុជា។

 

សូមជូនព្រះកុសល សូមព្រះវិញ្ញាណក្ខន្ធ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សូមព្រះអង្គយាងបដិសន្ធិ ក្នុងព្រះសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។



 













Via: kampucheathmey+sangkeb

 

Comments