ប្រវត្តិ សង្ខេប ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសុរិយា -History of Prince Norodom Pongsoriya by សង្ខេប Sangkeb
ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសុរិយា
ត្រូវបានព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ
នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ តែងតាំង
ជាទីប្រឹក្សាអមព្រះរាជលេខាធិការដ្ឋាន ព្រះមហាក្សត្រ មានឋានៈស្មើ អនុរដ្ឋលេខាធិការ។
នេះបើយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី ០៣ ខែឧសភា ឆ្នាំ២០២២។
ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសុរិយា ប្រសូត្រឆ្នាំ
១៩៩៧ នៅរាជធានីភ្នំពេញទ្រង់គឺជា ព្រះបុត្រីរបស់ សម្ដេចក្រុមព្រះ នរោត្តម
ច័ក្រពង្ស់ និងអ្នកម្នាង មែន កែវមុនីរ៉ែន។
ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសុរិយា មានបងប្អូនបង្កើតចំនួន ២អង្គគឺ
ទី១
ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសុរិយា ប្រសូត្រក្នុងឆ្នាំ១៩៩៧
ទី២ ព្រះអង្គម្ចាស់នរោត្តម ចក្រពង្ស មុនីរ៉េត
ប្រសូត្រក្នុងឆ្នាំ២០០០
ព្រះអង្គម្ចាស់ក្សត្រី នរោត្តម ពង្សសុរិយា
ទ្រង់បានចាប់ផ្តើមសិក្សានៅសាលារៀនឯកជនមួយឈ្មោះថា
សាលារៀនអន្តរជាតិភ្នំពេញ (International School of Phnom Penh)
ទ្រង់បានបន្តការ
សិក្សានៅទីនោះរហូតបញ្ចប់ថ្នាក់វិទ្យាល័យនៅក្នុងឆ្នាំ២០១៥
ហើយក៏បានសម្រេចព្រះទ័យចាកចេញពី
ប្រទេសកម្ពុជាទៅបន្តការសិក្សានៅក្រៅប្រទេសអស់រយៈពេល៥ឆ្នាំ។
នៅទីនោះ ទ្រង់បានសិក្សាជំនាញឯកទេសនយោបាយអន្តរជាតិ
នៅសាកលវិទ្យាល័យពាណិជ្ជកម្មអន្តរជាតិនិងសេដ្ឋកិច្ច នៃរដ្ឋធានីប៉េកាំង
សាធារណរដ្ឋប្រជាមានិតចិន។
ទ្រង់សម្រេចព្រះទ័យចាប់យកមុខជំនាញនយោបាយអន្តរជាតិ
ដោយសារតែកាលពីនៅសិក្សានៅថ្នាក់វិទ្យាល័យ
គ្រូបង្រៀនរបស់ទ្រង់បានសង្កេតឃើញ និងចាប់អារម្មណ៍លើសមត្ថភាព
និងទេពកោសល្យរបស់ទ្រង់លើមុខវិជ្ជាអក្សរសាស្រ្ត និងប្រវត្តិវិទ្យា
ដែលទ្រង់អាចចងចាំបានល្អ
ទើបគាត់បានលើកទឹកព្រះទ័យទ្រង់ឲ្យចាប់យកមុខជំនាញខាងលើនេះសម្រាប់ថ្នាក់មហាវិទ្យាល័យ។
ទន្ទឹមនឹងនេះ
ទ្រង់ក៏មានបំណងចង់ទៅសិក្សានៅបរទេសដើម្បីទទួលបានបទពិសោធន៍ថ្មីៗក្នុងឆាកជីវិតផងដែរ។
នៅពេលទៅដល់មហាវិទ្យាល័យនៅប្រទេសចិន
ទ្រង់ត្រូវចំណាយពេលសិក្សាថ្នាក់មូលដ្ឋានគ្រឹះអស់រយៈពេលមួយឆ្នាំពេញមុននឹងឈានទៅសិក្សាថ្នាក់បរិញ្ញាបត្រចំនួន៤ឆ្នាំបន្ថែមទៀត។
ក្រៅពីនេះ
ទ្រង់ក៏ត្រូវសិក្សាពីជំនាញរស់នៅជាច្រើនដែលទ្រង់មិនធ្លាប់ធ្វើពីមុនមកដែរ។
មិនខុសអ្វីពីនិស្សិតខ្មែរសិក្សានៅបរទេសដទៃទៀតប៉ុន្មាននោះទេ
ទ្រង់ដែលធ្លាប់រស់នៅជាមួយក្រុម គ្រួសារប្រកបដោយផាសុកភាព
និងសុភមង្គលយ៉ាងកក់ក្តៅនោះត្រូវរៀនសម្របព្រះកាយទៅបរិបទ
ជីវិតរស់នៅថ្មីមួយបែបទៀតពោរពេញដោយភាពម្ចាស់ការលើខ្លួនឯងច្រើនជាងមុន។
ជាក់ស្តែង
ទ្រង់បានរំព្ញកអនុស្សាវរីយ៍នៅពេលទៅដល់ទីនោះដំបូងថា “ខ្ញុំនៅចាំបានថា
កាលពីឆមាសទីមួយ ខ្ញុំមានអារម្មណ៍នឹកផ្ទះខ្លាំងណាស់! ពេលនោះ ខ្ញុំយំព្រោះតែគ្រូដាក់កិច្ចការឲ្យខ្ញុំធ្វើច្រើនពេក”។
ទោះបីជាជួបប្រទះឧបសគ្គយ៉ាងណាក៏ដោយ ក៏ទ្រង់នៅតែមានព្រះតម្រិះប្រកបដោយសុទិដ្ឋិនិយម
និងភាពវៃឆ្លាតជានិច្ច។ ទ្រង់ចេះបង្កើតដំណោះស្រាយដើម្បីបន្ធូរភាពតានតឹងដោយខ្លួនទ្រង់
ពោលគឺ ទ្រង់តែងតែរំព្ញកខ្លួនទ្រង់អំពីមូលហតុដែលទ្រង់កំពុងធ្វើវា
ហើយព្យាយាមនៅម្នាក់ឯងដោយស្ងប់ស្ងាត់ដើម្បីឈ្វេងយល់ពីបញ្ហាទាំងនោះ។
ពេលខ្លះ
ទ្រង់ឆ្លៀតពេលសាកល្បងអាហារថ្មីៗប្លែកៗនៅស្រុកគេ
ដើម្បីកម្សាន្តអារម្មណ៍បំបាត់ភាពស្មុគស្មាញផង
និងដើម្បីបង្កើនបទពិសោធន៍ថ្មីផង។
អ្វីដែលធ្វើឲ្យទ្រង់មានមោទកភាពខ្លាំងបំផុតក្នុងឆាកជីវិតជានិស្សិតខ្មែរគង់នៅបរទេសនោះគឺ
ព្រឹត្តិការណ៍ធំៗចំនួនពីរលើក។ ទ្រង់បានអះអាងថា
លើកទីមួយគឺនៅពេលដែលសាលាបានរៀបចំបង្កើតកម្មវិធីមហោស្រពវប្បធម៌ (Culture
Festival) ធំមួយដែលមានស្តង់ចូលរួមតាំងពិព័រណ៍រហូតដល់លើសពី
១០០ស្តង់។
ដោយឡែក
ទ្រង់បានចូលរួមជាតំណាងស្តង់ប្រទេសកម្ពុជាបង្ហាញនិងផ្សព្វផ្សាយអំពីឈុត
សម្លៀកបំពាក់ប្រពៃណីជាតិខ្មែរឲ្យជនជាតិបរទេសទាំងឡាយដែលចូលរួមកម្មវិធីបានស្គាល់។
ជាលទ្ធ ផល ជនជាតិបរទេសជាច្រើនបានចូលរួមទស្សនា
និងកោតសរសើរពីសិល្បៈវប្បធម៌របស់ខ្មែរ ដែលធ្វើ
ឲ្យទ្រង់សប្បាយព្រះទ័យយ៉ាងខ្លាំង។
នៅក្នុងឆ្នាំ២០២០
ទ្រង់បានគ្រងឈុតទទួលសញ្ញាបត្រអមដោយសញ្ញាបត្រផ្លូវការមួយ និងវិញ្ញាបនបត្រនិស្សិតឆ្នើមមួយនៅក្នុងព្រះហស្ថ
ដែលទ្រង់ចងចាំ មិនភ្លេច
ព្រោះនេះជាកិត្តិយសសម្រាប់សែរាជវង្សរបស់ទ្រង់ព្រមទាំងប្រទេសកម្ពុជាផងដែរ។
អ្វីដែលកាន់តែពិសេសនោះគឺទ្រង់មិនភ្លេចទេនូវទឹកព្រះទ័យចំពោះជាតិមាតុភូមិដោយទ្រង់បានអះអាងថា
ទ្រង់នឹងជួយតបស្នងសង្គមជាតិតាមលទ្ធភាពរបស់ទ្រង់ដោយវិធីណាមួយ។
ឧទាហរណ៍ថា
ប្រសិនបើទ្រង់បានក្លាយជារដ្ឋមន្រ្តីវ័យក្មេងមួយរូប
ទ្រង់នឹងផ្ទេរសិទ្ធិអំណាចដល់ស្រ្តីវ័យក្មេងរបស់កម្ពុជាយើងឲ្យពួកគេមានឥទ្ធិពលក្នុងសង្គមដែលពួកគេកំពុងរស់នៅតាមរយៈការបង្កើតប្រព័ន្ធដឹកនាំមួយដែលអនុញ្ញាតឲ្យស្រ្តីមិនមានភាពភ័យខ្លាចចំពោះការបញ្ចេញមតិ។
ស្របជាមួយគ្នានេះដែរ
ទ្រង់ក៏បានសង្កេតឃើញដែរថាស្រ្តីកម្ពុជាយើងក្នុងពេលបច្ចុប្បន្ននេះមាន
ភាពក្លាហានហ៊ានបញ្ចេញការយល់ឃើញនិងអារម្មណ៍ផ្ទាល់ខ្លួនរបស់ពួកគេទៅកាន់សង្គមច្រើនជាងពី
អតីតកាល តួយ៉ាង ពួកគេហ៊ានក្រោកឈរនិយាយអំពីបញ្ហាវិបត្តិផ្លូវចិត្ត (Depression) និងបញ្ហាការរំលោភបំពានផ្លូវភេទ
(Sexual
Harassment) នៅលើបណ្តាញសង្គមជាដើម។
ទោះបីជាពួកគេមិនដឹងថា
ទទួលប្រតិកម្មយ៉ាងណាខ្លះពីមជ្ឈដ្ឋានជុំវិញក៏ដោយ
យ៉ាងហោចណាស់ក៏ពួកគេបានបើកជជែកសន្ទនា អំពីបញ្ហាទាំងអស់នោះដែរ។
ទ្រង់សូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីព្រះទ័យទៅកាន់
ប្រជាជនកម្ពុជាទាំងអស់គ្នាដែលតែងគោរពស្រឡាញ់គាំទ្រទ្រង់
ព្រមទាំងក្រុមរាជវង្សានុវង្សទាំងអស់ តាំងពីដើមរៀងមកដល់ពេលនេះ។
អ្វីដែលទ្រង់ចង់ផ្តែផ្តាំដល់អ្នកទាំងអស់គ្នា
ជាពិសេសយុវជនជំនាន់ ក្រោយនោះគឺ “ត្រូវមានទំនុកចិត្តលើខ្លួនឯង
និងស្រឡាញ់ខ្លួនឯង។ អ្នកអាចឈានទៅសម្រេចអ្វីៗគ្រប់
បែបយ៉ាងប្រសិនបើអ្នកមានវា”៕
Via: sovrinmagazine+ https://www.facebook.com/share/p/Z9SkGA5nVWEm1To4/?mibextid=xfxF2i
Comments
Post a Comment