ប្រវត្តិ សង្ខេប ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម គន្ធបុប្ផា -History of Prince Norodom Kantha Bopha by សង្ខេប Sangkeb

 


ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម គន្ធបុប្ផា ទ្រង់គឺជា ព្រះរាជធីតាទី៨ និងជាបុត្រីសំណព្វ របស់ព្រះករុណាព្រះបរមរតនកោដ្ឋ ដែលទ្រង់សព្វព្រះរាជហឬទ័យយ៉ាងក្រៃលែង។

 

ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម គន្ធបុប្ផា ទ្រង់ប្រសូតនៅថ្ងៃ ច័ន្ទ ១១កើត ខែ ស្រាពណ៍ ឆ្នាំជូត សំរឹទ្ធិស័ក ព.ស. ២៤៩១ ត្រូវនឹងថ្ងៃទី ១៦ ខែ សីហា គ.ស.១៩៤៨ វេលាម៉ោង ១១:៣០ នាទីព្រឹក។

 

ទ្រង់ជាព្រះរាជបុត្រីមួយអង្គក្នុងចំណោមព្រះរាជបុត្រីទាំងអស់ នៃព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្តម សីហនុ និង ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ ពង្សានមុនី ។

 

ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម គន្ធបុប្ផា មានបងប្អូនបង្កើតចំនួន ៧ អង្គគឺ ទី១ សម្តេចព្រះបរមរាមា នរោត្តម យុវនាថ ទី២ព្រះអង្គម្ចាស់ នរោត្តម រ៉ាវីវង្ស សីហនុ ទី៣ សម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ ទី៤ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម សូរិយារង្សី ទី៥ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម គន្ធបុប្ផា ទី៦ ព្រះអង្គម្ចាស់ នរោត្តម ខេមានុរក្ស សីហនុ ទី៧ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម បទុមបុប្ផា។

 

ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម គន្ធបុប្ផា តាំងពីទ្រង់ប្រសូតមក ព្រះករុណាជាអម្ចាស់ជីវិតជាព្រះវររាជបិតា ទ្រង់ទុកឲ្យគង់នៅប្រាសាទខេមរិន្ទ្រជិតព្រះអង្គជាប់ជាដរាបមក។ ដោយទ្រង់បានថែរក្សាដោយការថ្នាក់ថ្នមជាទីបំផុត ទ្រង់ពុំសូវដែលឲ្យមានការឃ្លាតពីព្រះអង្គយូរទេ។

 

ព្រះមហាក្សត្រ​ទ្រង់ពេញព្រះរាជ​ហឫទ័យ​និងព្រះរាជធីតាព្រះអង្គនេះណាស់ ព្រោះទ្រង់ធ្លាប់បានសង្កេតឃើញថា ព្រះធីតាមានសណ្ដាប់ធ្នាប់ល្អប្លែកខុសពីក្មេងធម្មតា។ ការខុសត្រូវផ្សេងៗមិនចាំបាច់ព្រះវររាជបិតាមាតា ឬភីលៀងថែរក្សាមានព្រះបន្ទូល ឬនិយាយបញ្ចេះក៏ទ្រង់អាចជ្រាបបានដោយព្រះអង្គឯង ហើយប្រកបនឹងកិរិយាឫកពារដ៏រំទំថ្លៃថ្នូរស្ងប់ស្ងៀម សមជាព្រះរាជធីតាម្ចាស់ផែនដីពិតៗមិនទាស់នឹងភ្នែកអ្នកផងទាំងពួង។

 

ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម គន្ធបុប្ផា នៅក្នុងព្រះជន្ម៤ឆ្នាំ ក្រោយពីទ្រង់ប្រឈួនរយៈ ៧ថ្ងៃ ដោយព្រះទាហរោគ ( គ្រុនក្តៅខ្លួន ) ទ្រង់ក៏បានសុគតតែម្ដង​ គឺនៅថ្ងៃ សៅរ៍ ១២រោច ខែ មិគសិរ ឆ្នាំ រោង ចត្វាស័ក ព.ស. ២៤៩៥ ដែលត្រូវនឹងថ្ងៃទី ១៣ ខែ ធ្នូ គ.ស. ១៩៥២ វេលាម៉ោង ២:៤៥ នាទី។

ព្រះសពរបស់ទ្រង់ ត្រូវបានតំកល់ទុករយះពេល ២២ថ្ងៃ និង បានប្រារព្ធធ្វើពិធីថ្វាយព្រះភ្លើង នៅថ្ងៃទី ៤ មករា គ.ស. ១៩៥៣ រយះកាល ៥ខែមុនពេលដែល ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហមុនី ទ្រង់ប្រសូត។

 

រីឯព្រះបរមអដ្ឋិរបស់ព្រះអង្គម្ចាស់ក្សត្រីយ៍ត្រូវបានតំកល់ទុកក្នុងកោដ្ឋមាសបញ្ចុះក្នុងព្រះចេតិយមួយ ក្នុងបរិវេណ ព្រះវិហារព្រះកែវមរកត នៃព្រះបរមរាជវាំងចតុមុខ។ ក្រោយមកពេលដែលព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ទ្រង់សោយទិវង្គត ព្រះបរមអដិ្ឋ របស់ព្រះអង្គក៏ត្រូវបានយកទៅបញ្ចុះនៅក្នុងចេតិយរួមជាមួយនឹងព្រះរាជបុត្រីសំណព្វរបស់ព្រះអង្គដែរ​ ទាំងនេះគឺធ្វើតាមព្រះរាជបណ្តាំរបស់ព្រះអង្គ។

 

គួររំលឹកផងដែថា មន្ទីរពេទ្យគន្ធបុប្ផា ដែលជាមន្ទីរពេទ្យទទួលព្យាបាលក្មេងៗសព្វថ្ងៃនេះ ក៏ត្រូវបានប្រសិទ្ធិនាម ដើម្បីទុកជាការចងចាំ ដល់ព្រះរាជបុត្រី នៃព្រះបរមរតនកោដ្ឋ សម្តេចព្រះ នរោត្តម សីហនុ មួយអង្គនេះផងដែរ។


សូមជូនព្រះកុសល សូមព្រះវិញ្ញាណក្ខន្ធ ព្រះអង្គម្ចាស់ក្សត្រីយ៍ នរោត្តម គន្ធបុប្ផា សូមព្រះអង្គយាងបដិសន្ធិ ក្នុងព្រះសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។




ព្រះអង្គម្ចាស់ក្សត្រី ស៊ីសុវត្ថិ ពង្សានមុនី (ម្ចាស់ ម៉ោង)










 

Via: spktliv+ khmernote

Comments