ប្រវត្តិ សង្ខេប លោក សំហេង បុរស-History of Mr. SAMHENG Boros by សង្ខេប Sangkeb

 


លោក សំហេង បុរស ត្រូវបានព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ​ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧។ នេះបើយោងតាម ព្រះរាជក្រឹត្យចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។

 

លោក សំហេង បុរស កើតនៅថ្ងៃទី២៨ ខែសីហា ឆ្នាំ១៩៨១ លោកគឺជារបស់លោក អ៊ិត សំហេង សមាជិករដ្ឋសភា និងជាអតីត រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្ដាលវិជ្ជាជីវៈ ប្អូនប្រុសរបស់លោក គឺលោក សំហេង បូរ៉ា កំពុងកាន់តំណែង ជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ។

លោក សំហេង បុរស បានរៀបអាពាហ៍ពិពាហ៍ ជាមួយលោកស្រី ឈុន ម៉ូលីកា។


ប្រវត្តិការសិក្សា

លោក សំហេង បុរស បានបញ្ចប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះដឹងទូទៅ ឆ្នាំ១៩៩៦- ១៩៩៧ នៅវិទ្យាល័យព្រះស៊ីសុវត្ថិ។ រីឯ កម្រិតឧត្តមសិក្សា លោក ទទួលបានសញ្ញាបត្របរិញ្ញាបត្រសេដ្ឋកិច្ច សញ្ញាបត្រអនុបណ្ឌិគ្រប់គ្រងអាជីវកម្ម នៅសាកលវិទ្យាល័យ Charles Sturt ប្រទេសអូស្ត្រាលី  និងបានសិក្សាថ្នាក់បណ្ឌិតវិទ្យាសាស្ត្រនយោបាយ នៅរាជបណ្ឌិត្យសភាកម្ពុជា។

 

បន្ថែមពីនេះ លោក ក៏មានសញ្ញាបត្រភាសាអង់គ្លេសទូទៅនៃមហាវិទ្យាល័យ Pikes Peak សហរដ្ឋអាមេរិក និងវគ្គបណ្ដុះបណ្ដាលវិក្រឹត្យការមន្រ្តីជាន់ខ្ពស់ ឆ្នាំ២០១០-២០១១ នៅសាលាភូមិន្ទរដ្ឋបាល៕

 

ប្រវត្តិការងារ

ដោយដំបូងឡើយលោកចាប់ផ្ដើមចូលបម្រើការងារជាមន្ត្រីរាជការនៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា តាំងពីឆ្នាំ២០០២។

 

ជាមន្ត្រីនៃក្រសួងសង្គមកិច្ច យុវជនរូបនេះ ទទួលបានការតែងតាំងតួនាទីជាច្រើន ជាអាទិ៍ អនុប្រធានការិយាល័យហិរញ្ញវត្ថុ អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង នាយកខុទ្ទកាល័យរដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ជាដើម។

លុះនៅឆ្នាំ២០១៥ លោក សំហេង បុរស ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ហើយទទួលភារកិច្ចជាប្រធានមូលនិធិជាតិសម្រាប់អតីតយុទ្ធជន និងប្រធាន​មូលនិធិ​សន្តិសុខ​ជាតិ​សម្រាប់​មន្ត្រី​រាជការស៊ីវិល។

រហូតដល់ឆ្នាំ២០១៨ លោក ត្រូវបានដំឡើងជារដ្ឋលេខាធិការក្រសួងសង្គមកិច្ច និងជារដ្ឋមន្ត្រីប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ដែលត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំង កាលពីអំឡុងខែមិថុនា ឆ្នាំ២០២២ កន្លងទៅនេះ។

 

លោក ក៏កំពុងបំពេញតួនាទីជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិជំនួយសង្គមជាតិផងដែរ។ សម្រាប់កិច្ចការសង្គម លោក សំហេង បុរស ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍នៃសហភាពសហព័ន្ធយុវជនកម្ពុជា និងជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា រាជធានីភ្នំពេញ។

 

គួររំលឹកផងដែរថា

លោក សំហេង បុរស ត្រូវបានព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ​ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី សម្រាប់រាជរដ្ឋាភិបាល អាណត្តិទី៧។ នេះបើយោងតាម ព្រះរាជក្រឹត្យចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។















Via: kampucheathmey +sangkeb

 

 

 

Comments