ប្រវត្តិ សង្ខេប លោក កែវ រ៉េមី-History of Mr. Keo Remy by សង្ខេប Sangkeb

 


លោក កែវ រ៉េមី ត្រូវបានព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំង ជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស សម្រាប់រាជរដ្ឋាភិបាល អាណត្តិទទី៧។ នេះបើយោងតាមព្រះរាជក្រឹត្យ ចុះថ្ងៃទី ២២ ខែ សីហា ឆ្នាំ២០២៣។

 

លោក កែវ រ៉េមី ត្រូវបានរាជរដ្ឋាភិបាល នីតិកាលទី៧ បន្តប្រគល់ភារកិច្ចជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស និងត្រូវដំឡើងមុខតំណែងជាទេសរដ្ឋមន្ត្រី។

គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​ ជា​សេនាធិការ​របស់​រាជរដ្ឋាភិបាល​​​លើ​វិស័យ​សិទ្ធិ​មនុស្ស​ ដែលគណៈកម្មាធិការនេះ បាន​និង​កំពុង​បំពេញ​តួនាទី ​និង​ភារកិច្ច​យ៉ាង​សកម្ម​ក្នុង​បុព្វហេតុ​ការពារ​ និងលើកកម្ពស់សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។​

 

ស្ថិតក្នុងចំណោមទេសរដ្ឋមន្ត្រីប្រមាណជាង២០រូប នៃសមាសភាពគណៈរដ្ឋមន្ត្រី ក្នុងនីតិកាលទី៧ លោក កែវ រ៉េមី គឺជាឥស្សរជនជាន់ខ្ពស់មួយរូប ដែលត្រូវបានជ្រើសរើសឱ្យកាន់តំណែងជាទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជួយនាយករដ្ឋមន្ត្រីលើការសម្របសម្រួលកិច្ចការសិទ្ធិមនុស្ស ដោយទទួលដឹកនាំផ្ទាល់ជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។ លោក កែវ រ៉េមី បានដឹកនាំស្ថាប័នសិទ្ធិមនុស្សរបស់រាជរដ្ឋាភិបាលនេះ ចាប់ពីឆ្នាំ២០១៦ ជំនួសប្រធានចាស់ គឺលោក ម៉ក់ សម្បត្តិ។

 

លោក កែវ រ៉េមី កើតនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ១៩៦៣ នៅសង្កាត់ទឹកល្អក់ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។ លោកមានគ្រួសារ និងមានកូនចំនួន៣នាក់ កូនប្រុសរបស់លោកម្នាក់គឺ លោក កែវ សុទ្ធិ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង ជារដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍។

 

ប្រវត្តិការសិក្សា

លោក កែវ រ៉េមី បានបញ្ចប់ការសិក្សាកម្រិតសញ្ញាបត្រអនុបណ្ឌិតច្បាប់សាធារណៈ នៃសាកលវិទ្យាល័យចំរើនពហុបច្ចេកវិទ្យា និងសញ្ញាបត្របរិញ្ញាបត្រវិទ្យាសាស្ត្រនយោបាយ នៅរដ្ឋអារីហ្សូណា សហរដ្ឋអាមេរិក។

 

ព្រមទាំងបានចូលរួមវគ្គសិក្សាប្រជាធិបតេយ្យ និងនីតិវិធីបោះឆ្នោត ក៏ដូចជាវគ្គសិក្សារដ្ឋបាល នៅប្រទេសថៃ នៅឆ្នាំ១៩៨៦ លោកបានបញ្ចប់សញ្ញាប័ត្រមធ្យមសិក្សាកម្រិត២ នៅវិទ្យាល័យមង្គលបុរី៕

 

ប្រវត្តិការងារ

លោក កែវ រ៉េមី ធ្លាប់ធ្វើជាប្រធានសមាគមខ្មែរក្នុងរដ្ឋអារីហ្សូណា (Arizona) សហរដ្ឋអាមេរិក

ជាអ្នកចាត់ការរដ្ឋបាលទូទៅ នៅ ក្រុមហ៊ុន Aerospace Connection Inc. នៅសហរដ្ឋអាមេរិក

លោកក៏ធ្លាប់ធ្វើរ ជាគ្រូបង្ហាត់រដ្ឋបាល នៅប្រទេសថៃ ហើយនៅឆ្នាំ ១៩៩០- ដល់ឆ្នាំ១៩៩១ លោក បានធ្វើជាគ្រូបង្រៀនផ្នែកគណិតវិទ្យា ។

លោក កែវ រ៉េមី ក៏ជាអ្នកនយោបាយខ្មែរមួយរូប ដែលបានចូលប្រឡូកក្នុងឆាកនយោបាយ តាំងពីអំឡុងឆ្នាំ ១៩៩៣ ដោយដំបូងឡើយ លោក បានចូលរួមនយោបាយជាមួយគណបក្សហ្វ៊ុនស៊ិនប៉ិច។

 

តែនៅក្នុង​ឆ្នាំ​១៩៩៥ លោក ​បាន​ចាក​ចេញ​ពី​គណបក្សរាជានិយមមួយនេះ មក​បង្កើត​គណបក្សថ្មីមួយ គឺគណបក្ស​ខ្មែរ​រួបរួម​ជាតិ ហើយក្រោយ​មក​ក្លាយ​ជា​គណបក្ស សម រង្ស៊ី ដែលជាការរួមគ្នា​ជាមួយ​លោក សម រង្ស៊ី។

 

ក្នុងដំណើរការបោះឆ្នោតជាតិ នីតិកាលទី២ ឆ្នាំ ១៩៩៨ លោក កែវ រ៉េមី បានជាប់​ឆ្នោតជាសមាជិករដ្ឋសភាមណ្ឌលរាជធានីភ្នំពេញ ហើយក្នុងនីតិកាលទី៣ ឆ្នាំ២០០៣ លោក ក៏បានបន្តជាប់ឆ្នោតជាថ្មី​ម្តង​ទៀត និងមានតួនាទីជាអនុប្រធានគណៈកម្មការទី៧ នៃរដ្ឋសភា​។

 

តែយ៉ាងណា នៅក្នុងឆ្នាំ២០០៧ ជីវិតនយោបាយរបស់លោក កែវ រ៉េមី ក៏បានឈានជើងដើរចេញពី​គណបក្ស សម រង្ស៊ី ហើយទៅ​ចូល​រួម​ជាមួយ​គណបក្សសិទ្ធិមនុស្សរបស់លោក កឹម សុខា។

 

រួមផ្លូវនយោបាយជាមួយលោក កឹម សុខា មិនបាន១ឆ្នាំផង អ្នកនយោបាយរូបនេះ ក៏បានមកសុំរួមរស់ជីវភាពជាមួយគណបក្ស​ប្រជាជន​កម្ពុជា ហើយពេលនោះ លោក កែវ រ៉េមី ត្រូវបានតែងតាំងជារដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្ត្រី។

 

ជាបន្តបន្ទាប់ លោក កែវ រ៉េមី ក៏ទទួលបានសេចក្ដីទុកចិត្តពីថ្នាក់ដឹកនាំ ដោយបានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួនថែមទៀត ជាអាទិ៍៖ ជាអនុប្រធានអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស ជាអនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលលើអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និង ជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។

 

មុនទទួលបានការជ្រើសឱ្យកាន់តំណែងជាទេសរដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ លោក កែវ រ៉េមី មានតំណែងជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ដែលត្រូវបានអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់តែងតាំងក្នុងនីតិកាលទី៦ ឆ្នាំ២០១៨។ ក្រៅពីមុខតំណែង និងតួនាទីទាំងនេះ ទេសរដ្ឋមន្ត្រីរូបនេះ ក៏កំពុងធ្វើជាប្រធានសហព័ន្ធកីឡាតេក្វាន់ដូ ITF ផងដែរ។

 

 


លោក កែវ សុទ្ធិ និងភរិយា




 



 

 

 

 

Via: kampucheathmey

Comments