លោកស្រី
ម៉ាលី សុជាតា ត្រូវបានព្រះករុណព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ ប្រគល់ឋានន្តរស័ក្តិ
ឧត្តមសេនីយ៍ឯក នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ជូនលោកជំទាវ ម៉ាលី
សុជាតា អត្តលេខ ០០៤២៩១ អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ។
នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣។
លោកស្រី
ម៉ាលី សុជាតា កើតនៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ១៩៨៣ លោកស្រីបាន រៀបអាពារពិពារ
ជាមួយលោក គង់ ភោគ នៅឆ្នាំ ២០១៦ លោក គង់ ភោគ ជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ។
កាលពីថ្ងៃទី២០
ខែមេសា ឆ្នាំ២០២៣ សម្ដេចពិជ័យសេនា ទៀ បាញ់ អតីតប្រមុខការពារជាតិកម្ពុជា
បានបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍នៃកងយោធពលខេមរភូមិន្ទ លោកស្រី ម៉ាលី
សុជាតា។ លោកស្រីក៏ ជាអតីតភាពមន្ត្រីក្រសួងកិច្ចការនារី
បានក្លាយជាអនុរដ្ឋលេខាធិការស្ត្រីនៃក្រសួងការពារជាតិដែលបានពាក់ផ្កាយ៣។
លោកស្រី
ម៉ាលី សុជាតា ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ
នៅក្នុងអំឡុងឆ្នាំ២០១៣ ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៥។
មុនការតែងតាំងជាអនុរដ្ឋលេខាធិការនេះ លោកស្រី
ធ្លាប់បានបម្រើការងារជាមន្ត្រីនៅក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី
ពោលគឺបន្ទាប់ពីលោកស្រីបានប្រឡងជាប់ក្របខណ្ឌជាមន្ត្រីរាជការនៃក្រសួងកិច្ចការនារី
តាំងពីឆ្នាំ២០០៦មក។
លោកស្រី
ម៉ាលី សុជាតា ជាសកម្មជនមួយរូបរបស់គណបក្សប្រជាជនកម្ពុជា
ដែលបានចូលរួមតស៊ូមតិជាមួយតំណាងយុវជននៃគណបក្សដទៃផ្សេងទៀតក្នុងកម្មវិធីអ្នកបន្តវេន។
លើសពីនេះ
លោកស្រី ក៏មានតួនាទីជាសមាជិកក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ
ជាសមាជិកាគណៈកម្មាធិការកណ្ដាលសហភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក
និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋានស្រុកអង្គរធំ
ខេត្តសៀមរាប ផងដែរ៕
បើតាមសំណេររៀបរាប់លើបណ្ដាញសង្គមហ្វេសប៊ុកផ្លូវការរបស់លោកស្រី
ម៉ាលី សុជាតា បានបញ្ជាក់ឲ្យដឹងថា៖ «ចាប់ផ្ដើមពីមន្រ្តីកម្មសិក្សានៅក្រសួងកិច្ចការនារី នៅពេលនោះ
គឺលោកស្រីទទួលបានការបង្ហាត់បង្រៀន ការណែនាំ
និងការផ្តល់ឱកាសជាច្រើនដែលអនុញ្ញាតឲ្យលោកស្រីអាចចូលរួមចំណែកក្នុងតួនាទីបានយ៉ាងពេញទំហឹង
រួមទាំងបានដុសខាត់
និងហ្វឹកហាត់រហូតក្លាយខ្លួនជាបុគ្គលម្នាក់ដែលកាន់តែមានសមត្ថភាពក្នុងការទទួលបានឱកាសដូចសព្វថ្ងៃនេះ។
តែយ៉ាងណាក្ដី
ក្នុងតំណែងជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ រយៈពេលប្រមាណ២អាណត្តិមកនេះ
គឺទើបតែនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៣ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា
បានត្រាស់បង្គាប់ប្រគល់ឋានន្តរស័ក្តិជាឧត្តមសេនីយ៍ឯកដល់លោកស្រីជាផ្លូវការ
ក្រោយការទូលថ្វាយរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា។
ត្រង់ចំណុចនេះ
សម្តេចតេជោ បានបញ្ជាក់ថា ការប្រគល់ឋានន្តរស័ក្តិដល់លោកស្រី ម៉ាលី សុជាតា ក៏ដូចជាលោកស្រី ដាំ ដារីនី នៅពេលនេះ
គឺធ្វើឡើងក្នុងគោលដៅរក្សាស្ត្រី២រូបនេះបម្រើក្នុងវិស័យការពារជាតិរយៈពេលវែង
ដែលចាំបាច់ត្រូវរៀបចំជានាយទាហានអាជីពតែម្តង។
ជាការដឹងឧបការគុណនេះ
លោកស្រី ម៉ាលី សុជាតា
បានថ្លែងអំណរព្រះរាជគុណថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ដែលទ្រង់សព្វព្រះរាជហឬទ័យ
ប្រោសព្រះរាជទានឋានន្តរស័ក្តិជាឧត្តមសេនីយ៍ឯកដល់លោកស្រី។
លោកស្រី
បានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ ដែលតែងតែសណ្តោសប្រោសប្រណី ផ្តល់ជំនឿទុកចិត្ត
និងផ្ដល់ឱកាសឲ្យលោកស្រីបានចូលរួមចំណែកក្នុងបុព្វហេតុបម្រើជាតិមាតុភូមិកម្ពុជា។
ទន្ទឹមនេះ
លោកស្រី ម៉ាលី សុជាតា ក៏ថ្លែងអំណរគុណចំពោះសម្តេចពិជ័យសេនា អតីតប្រមុខការពារជាតិកម្ពុជា
ដែលតែងតែបានណែនាំតម្រង់ទិស
និងគាំទ្រដល់លោកស្រីក្នុងការបំពេញភារកិច្ចចាប់តាំងពីឆ្នំា២០១៣
រហូតមកទល់ពេលបច្ចុប្បន្ននេះ។
លោកស្រីអនុរដ្ឋលេខាធិការ
បានលើកឡើងដែរថា ការផ្តល់ឋានន្តរស័ក្តិដល់ថ្នាក់ដឹកនាំជាស្ត្រី នៅថ្ងៃនេះ
ជាការលើកទឹកចិត្ត និងការផ្តល់សេចក្តីសង្ឃឹមដល់ស្ត្រីជាច្រើនទៀតដែលមានសមត្ថភាព
ហើយក៏បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលើកកម្ពស់តួនាទីស្រ្តីក្នុងការធ្វើសេចក្តីសម្រេច
ជាពិសេសលើវិស័យការពារជាតិ ដោយឈរលើគោលការណ៍រក្សាចាស់បង្កើនក្មេង។
ជាការតបស្នងគុណដ៏ថ្លៃថ្លាបំផុតរបស់សម្តេចតេជោ
និងសម្តេចពិជ័យសេនា លោកស្រីឧត្តមសេនីយ៍ឯក រូបនេះ
បានប្តេជ្ញាចិត្តខិតខំប្រឹងប្រែងឲ្យអស់លទ្ធភាពមិនខ្លាចនឿយហត់ និងអនុវត្តរាល់បទបញ្ជាទាំងអស់របស់ថ្នាក់ដឹក
នាំក្នុងការការពារ ថែរក្សាសុខសន្តិភាព ស្ថេរភាព និងភាពរីកចម្រើននៃប្រទេសជាតិ
បើទោះបីក្នុងតម្លៃណាក៏ដោយ៕
គួរំលឹកផងដែថា
លោកស្រី
ម៉ាលី សុជាតា ត្រូវបានព្រះករុណព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់
បញ្ចប់មុខតំណែងពីរដ្ឋលេខាធិការ និង អនុរដ្ឋលេខាធិការគ្រប់រូបនៃក្រសួងការពារជាតិ
ដែលបានទទួលការតែងតាំងមុនថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ និងតែងតាំងមុខតំណែងឥស្សរជន
ជារដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ នៃក្រសួងការពារជាតិ។
នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។
Via: kampucheathmey
Comments
Post a Comment