+.ប្រវត្តិលោកតាសួង ឬទេវតាដើរដី
លោកឪសួង ឬលោកតាសួង ឬទេវតាដើរដី គឺមានឪពុកបង្កើតនាមលោកតាជុក
និងម្តាយមាននាមថាលោកយាយ ស៊ន ដោយមានបងប្អូនបង្កើត២នាក់
គឺរូបលោកនិងប្អូនស្រីម្នាក់ទៀត។ ក្រោយពេលឪពុកបង្កើតលាចាកលោក លោកយាយ ស៊ន
ដែលត្រូវជាម្តាយ ក៏មានប្តីមួយទៀតដែលមាននាមថាលោកតា ឈួន ហើយគ្រួសារថ្មីនេះគឺមានកូនចំនួន
៥នាក់បន្ថែមទៀត។ នេះបើតាមការបញ្ជាក់ពីព្រះភិក្ខុ ព្រះគ្រូ យសបញ្ញាញាណ
ដែលនិមន្តមកពីវត្តមួយនាឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង
នៅក្នុងកម្មវិធីមួយ។
ពាក់ព័ន្ធនឹងប្រវត្តលោកតា សួងនេះដែរ បើតាមលោកសំ លាងទ្រី
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ
បានបញ្ជាក់ប្រាប់សារព័ត៌មានមួយកាលពីឆ្នាំ២០១៨ថា លោកតាសួង ព្រះនាមដើម ជុក សួង
កើតនៅថ្ងៃអង្គារ ១៥កើត ខែកត្ដិក ឆ្នាំជូត ឆស័ក ព.ស ២៤៦៨ ត្រូវនឹងថ្ងៃទី១១
ខែវិច្ឆិកា គ.ស១៩២៤ ក្នុងត្រកូលកសិករ នៅភូមិគូលែនជើង ឃុំគូលែនជើង ស្រុកគូលែន
ខេត្តព្រះវិហារ។
ចំពោះលោកតា ឈួន ដែលជាឪពុកចុងរបស់លោកបានទទួលអនិច្ចកម្មនៅក្នុងឆ្នាំ១៩៧៩
ក្នុងជន្មាយុ៨០ឆ្នាំ ។
កាលពីអាយុ១០ឆ្នាំ កុមារ សួង តែងតែសុំឪពុកម្តាយទៅបួស
តែដោយឃើញកុមារសួង នៅតូចពេកឪពុកម្តាយមិនទាន់អនុញ្ញាតអោយទៅបួសនោះទេ ។
+.ការសាងផ្នួសក្នុងសំណាក់ព្រះពុទ្ធសាសនា
បើតាមលោកសំ លាងទ្រី ដែលជាប្រធានមន្ទីសាធារណការខេត្តព្រះវិហារដដែល
បានបញ្ជាក់បន្ថែមថា នៅពេលព្រះជន្មបាន ១៨វស្សា លោកបានបួសជាសាមណរ
និងបានបំពេញជាភិក្ខុ នៅក្នុងព្រះជន្ម ២០ព្រះវស្សា នៅវត្តគូលែនខាងជើង។
នៅក្នុងឆ្នាំ ១៩៤៥ លោកបាន
លាចាកសិក្ខាបទមកប្រកបរបស្រែចំការជាមួយគ្រួសារមួយរយៈ រួចក៏ថ្វាយបង្គំលាឳពុកម្ដាយទៅបួសរៀន
ជាអ្នកសច្ចំនៅលើខ្នងភ្នំត្បែងមានជ័យ ចេះនូវក្បួនហោរាសាស្ត្រ
ក្បួនវេជ្ជសាស្ត្របុរាណ និងមន្តអាគមគាថា ដ៏ពូកែស័ក្ដិសិទ្ធ។
លុះមកដល់ឆ្នាំ
១៩៧០ លោកតា សួង បាននិមន្តចុះពីភ្នំត្បែង មកផ្សព្វផ្សាយព្រះធម៌
អប់រំអ្នកស្រុកឱ្យធ្វើអំពើល្អ កតញ្ញូចំពោះអ្នកមានគុណ ជួយសង្គ្រោះអ្នកមានទុក្ខភ័យ
និងជួយព្យាបាលអ្នកមានជំងឺ។ តាំងពីពេលនោះ គុណធម៌អ្នកសច្ចំភ្នំត្បែង
បានល្បីសុះសាយគ្រប់ទិសទី រហូតដល់ប្រទេសថៃ។
+.ការនិមន្តប្រោសសត្វ
ជារឿយៗ លោកតាសួង ឬទេវតាដើរដី តែងតែនិមន្តទៅប្រោសសត្វគ្រប់ទីកន្លែង
ក្នុងទឹកដីខ្មែរបច្ចុប្បន្ន និងទឹកដីខ្មែរកាលពីអតីត (ជាពិសេសនៅខេត្តស៊ីសាកេត)។
នៅពេលស្លៀកសពាក់ស លោកតា គឺជាតាបស នៅពេលស្លៀកស្បង់ចីវរ លោកតាគឺជាលោកធុតង្គ ។
ជនជាតិថៃ និងខ្មែរនៅតំបន់នោះគោរពលោកតាណាស់ ដោយគេតែងតែហៅលោកតាថា «ទេវតាលើដី ឬទេវតាដើរដី» ។ សូម្បីតែស្តេចសៀមក៏គោរពលោកដែរ ពីព្រោះលោកតា សួង
បានមើលជំងឺបុត្រីស្តេចសៀមឱ្យបានជាសះស្បើយ
បន្ទាប់ពីវេជ្ជណ្ឌិតអាល្លឺម៉ង់មិនអាចមើលជា។
លោកតាសួង គឺចេះយ៉ាងច្បាស់លាស់នូវវិជ្ជាព្យាបាលជម្ងឺដោយប្រើតេជោធាតុ
ឬថាមពលនុយក្លេអ៊ែរក្នុងរុក្ខជាតិ ដែលជាមរតករបស់អ្នកប្រាជ្ញខ្មែរតាំងពីសម័យអង្គរ។
លោកតាតែងប្រើវិជ្ជានេះ ដើម្បីសង្គ្រោះជនជាតិខ្មែរ និងមនុស្សទូទៅ។
មានជនជាតិថៃជាច្រើន ចង់រៀនវិជ្ជាពីលោកតា ប៉ុន្តែវិជ្ជានេះ
អាចបង្រៀនបានទាល់តែអ្នកនោះ មានចេតោញាណ បេះដូង
ជាពូជពង្សខ្មែរទើបអាចមាននិស្ស័យរៀនបាន។
+.ភាពអស្ចារ្យរបស់លោកតាសួង ឬទេវតាដើរដី
យោងតាមសង្ឃដីការបស់ព្រះភិក្ខុ ព្រះគ្រូ យសបញ្ញាញាណខាងលើ បានលើកឡើងនៅក្នុងកម្មវិធីដដែលថា
សម័យខ្មែរក្រហម ឬរបបប៉ុល ពត មានទាហានខ្មែរក្រហមខ្លះបានបាញ់សម្លាប់លោកតាសួង
តែលោកតាមិនសុគតនោះទេ។ ជាមួយនេះព្រះភិក្ខុ ព្រះគ្រូ យសបញ្ញាញាណ
ក៏បានមានសង្ឃដីកាបន្ថែមថា
នៅពេលដែលលោកតាសួងនិមន្តឆ្លងកាត់ស្ទឹងដែលមានទឹកជោរជន់ខ្លាំង តែទឹកនោះបែរជានៅត្រឹមកំភួនជើង
របស់លោកតាប៉ុណ្ណោះ ហើយព្រះអង្គនិមន្តទៅណាមកណាគឺលឿនខ្លាំងណាស់។
+.ថ្ងៃដែលលោកតាសួងបានទទួលអនិច្ចធម្មឬសុគត
លោកតា សួង បានសុគតនៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ១៩៩៩ ត្រូវនឹងព.ស២៥៤៣
ក្នុងព្រះជន្ម ៧៦ព្រះវស្សា។ សព្វថ្ងៃព្រះរូបព្រះសព
របស់លោកតាត្រូវបានតម្កល់ទុកនៅវត្តផៃផាត់តាណា ស្រុកភូស៊ិង ខេត្តស៊ីសាកេត ប្រទេសថៃ។
បើយោងតាមប្រភពពប្រទេសថៃ បានឱ្យដឹងថាជារៀងរាល់ឆ្នាំ គេត្រូវបើកមឈូស កោរសក់
និងកាត់ក្រចកចេញ។
នាឆ្នាំមួយនៅពេលបើកមឈូស គេបានកើតអព្ភូតហេតុបិទគម្របវិញមិនជិតសោះ
ក្រោយបានកាត់ក្រចក កោរសក់ ផ្លាស់ប្តូរស្បង់ចីវរថ្មីរួចរាល់ថ្វាយលោកតាសួង។
ដូច្នេះហើយទើបព្រះចៅអធិការវត្ត គណៈកម្មការវត្ត
និងលោកឧត្តមសេនីយ៍ឯកអគ្គមេបញ្ជារងកងទ័ពថៃ បានឯកភាពគ្នា
សម្រេចយាងសម្តេចព្រះសង្ឃរាជទេព វង្ស ពីប្រទេសកម្ពុជាទៅជួយសូត្រមន្ត
អធិដ្ឋានដាស់រំលឹកធម៌ដើមកំណើតខ្មែរ ព្រោះលោកតាឪសួង មានដើមកំណើតជាខ្មែរ។
បន្ទាប់មកពេលសម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស យាងមកដល់
សម្តេចក៍លើកព្រះហស្ថ ដាក់លើព្រះកេសព្រះសព និងបួងសួងសុំយាងព្រះសពចូលក្នុងមជ្ឈូសា។
ក្រោយមក ពួកគេក៏នាំគ្នាលើកព្រះសពដាក់ក្នុងមជ្ឈូសាម្តងទៀត
ពេលនោះគម្របដែលមិនអាចគ្របជិតពីមុនមកនោះ បែរជាគ្របគម្របជិតវិញ ។
បន្ទាប់មកទៀត សម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស ក៍យាងប្រទក្សិណ
មជ្ឈូសា១ជុំ រួចក៏យាងទៅសាលាបុណ្យធំជាកន្លែងប្រារព្ធកម្មវិធីតែម្តង
ហើយពេលសម្តេចព្រះអគ្គមហាសង្ឃរាជ ទេព វង្ស យាងទៅដល់សាលាបុណ្យធំនោះភ្លាម
ព្រះភិរុណក៏បង្អុលភ្លៀងចុះមកតែម្ដង។
ទោះលោកតាបានសុគតពិតមែន តែគេបានលើកឡើងថា ដួងព្រលឹងរបស់លោកតា ២ ភាគ១០
នៅតាមសណ្ឋិតសិស្សគណៈ និងជួយសង្គ្រោះដល់ជនជាតិខ្មែរ និងមនុស្សទូទៅ។
នៅពេលវេលាដ៏សមគួរ លោកតានឹងរំលត់ខ័ន្ធទៅកាន់ទីបរមសុខ។ សព្វថ្ងៃ
ព្រះរូបរបស់លោកតាពូកែស័ក្តិ៍សិទ្ធិខ្លាំងណាស់
រហូតដល់ជនជាតិថៃគ្រប់គ្នាគោរពបូជាយ៉ាងក្រៃលែង ដូចជាព្រះអាទិទេព៕
Via: vayofm.com+sangkeb
Comments
Post a Comment