ប្រវត្តិ សង្ខេប លោក ប៉ាន សូរស័ក្តិ -History of Mr. Pan Sorasak by សង្ខេប Sangkeb




 

លោក​ប៉ាន សូរស័ក្តិ​​ ​ជាអតីត​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​ លោក​កាន់​តំណែង​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​នៅ​ឆ្នាំ​២០១៦ និង​បន្ត​កាន់​មុខតំណែង​ម្ដងទៀត​នៅ​ឆ្នាំ ២០១៨ នៃ​រដ្ឋាភិបាល​នីតិកាល​ទី ៦ និងជាតំណាងរាស្ត្រ មណ្ឌលខេត្តកំពង់ចាម របស់គណបក្សប្រជាជនកម្ពុជា ។

ប្រវត្តិ​

លោក​ប៉ាន សូរស័ក្តិ កើតនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៥៥ លោកធ្លាប់​រស់នៅ​និង​សិក្សា​នៅ​ប្រទេស​បារាំង​និង​សហរដ្ឋ​អាមេរិក​ជិត ២០ឆ្នាំ ដោយ​មាន​សញ្ញាប័ត្រ បរិញ្ញាបត្រ អនុបណ្ឌិត បណ្ឌិត ផ្នែក​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច ច្បាប់ គណិតវិទ្យា វិទ្យាសាស្ត្រ​កុំព្យូទ័រ​ពី​សាកល​វិទ្យាល័យ​ល្បីៗ​នៅ​បារាំង​​និង​សហរដ្ឋ​អាមេរិក។

លោក​បាន​ត្រឡប់​មក​កាន់​មាតុប្រទេស​វិញ​នៅ​ឆ្នាំ​១៩៩២ មុន​ការ​បោះឆ្នោត​ឆ្នាំ​១៩៩៣។

ប្រវត្តិការងារ

មុន​ពេល​ចូល​បម្រើ​ការងារ​ក្នុង​វិស័យ​សាធារណៈ លោក​បាន​ចំណាយ​ពេល​ក្នុង​អាជីព​ការងារ​ក្នុង​ក្រុមហ៊ុន​ឯកជន​អស់​រយៈ​ពេល​ជាង ១៨ ឆ្នាំ ដោយ​បាន​កាន់កាប់​មុខ​តំណែង​ជាន់ខ្ពស់​ជាច្រើន។ តំណែង​ខ្ពស់បំផុត​ជា​​អនុ​ប្រធាន​សាជីវកម្ម​របស់​ក្រុមហ៊ុន UNOCAL ដែល​ជា​ក្រុមហ៊ុន​រុករក​ប្រេង និង​ឧស្ម័ន​ពហុជាតិ​របស់​អាមេរិក​នៅ​សហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី ថៃ និង​សិង្ហបុរី និង​ក៏​បាន​កាន់តួនាទី​ជា​នាយកប្រចាំ​ប្រទេស​កម្ពុជា​។ ក្រៅ​ពី​នេះ​លោកធ្លាប់​ធ្វើការ​ជា​អ្នកស្រាវជ្រាវ​សម្រាប់​កងទ័ពអាកាស​សហរដ្ឋអាមេរិក និង​មន្ទីរ​បញ្ចកោណ​ផង​ដែរ។

​ក្រៅពីនោះ លោក​ប៉ាន សូរស័ក្តិ​ ធ្លាប់​​បម្រើការ​ងារ​នៅ​ក្នុង​ស្ថាប័ន​មួយ​ចំនួន​ទៀត រួមមាន​ជា​សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​ស្ថាបត្យករ​កម្ពុជា អនុប្រធាន​ក្រុមប្រឹក្សា​ស្តង់ដារ​ជាតិ ក្រុម​ប្រឹក្សា​ស្ថិតិ​ជាតិ ក្រុម​ប្រឹក្សា​វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា​ជាតិ (NCST) និង​ក្រុមប្រឹក្សា​ធុរកិច្ច​កម្ពុជា​អាមេរិកាំង (AmCam)

សមិទ្ធផលនិងស្នាដៃ

ក្រោម​ការ​ដឹកនាំ​របស់​លោក ក្រសួង​ពាណិជ្ជកម្ម​បាន​ជំរុញ​ឱ្យ​មាន​សេចក្តី​ព្រាង​ច្បាប់​ និង​វិសោធនកម្ម​ច្បាប់​ផ្សេងៗ រួម​ទាំង​ការ​ការពារ​អ្នកប្រើប្រាស់ សុវត្ថិភាព​ចំណីអាហារ ការប្រកួតប្រជែង ប្រតិបត្តិការ​ដែល​មាន​សុវត្ថិភាព និង​ដំណោះស្រាយ​ពាណិជ្ជកម្ម។

 

លោក ប៉ាន សូរស័ក្តិ ត្រូវ​បាន​គេ​ទទួលស្គាល់​ជា​អ្នក​ជំរុញ​លើ​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មាន (ICT) ក្នុង​ការ​អភិវឌ្ឍន៍​សហគ្រាស​ធុន​តូច និង​មធ្យម ដើម្បី​បង្កើន​សមត្ថភាព​ប្រកួតប្រជែង។

លោក​បាន​ផ្ដួចផ្ដើម និង​ដឹកនាំ​ការ​អនុវត្ត​ផែនការ​មេ ICT និង​ធ្វើ​​ទំនើបកម្ម​នៃ​ហេដ្ឋារចនាសម្ព័ន្ធ ICT របស់​ក្រសួង និង​ចូលរួម​​បង្កើត​សេចក្តី​ព្រាងច្បាប់ E-Commerce និង​គំនិត​ផ្តួចផ្តើម​ក្រសួង​អេឡិចត្រូនិក (E-ministry) ក៏ដូចជា​បង្កើត​ស្តង់ដារ​អក្សរ​ខ្មែរ​យូនីកូដ​នៅក្នុងកុំព្យូទ័រ។

លោក​​បាន​ដឹកនាំ​ការ​ចរចា​ក្នុង​ការ​​នាំ​​អង្ករ​កម្ពុជាចេញ​​ទៅ​កាន់​ប្រទេស​ចិន ដោយ​រួច​ពន្ធ​ចំនួន ២០​ម៉ឺន​តោន កាល​ពី​ឆ្នាំ​២០១៧ និង​បង្កើន​ដល់ ៣០​ម៉ឺន​តោន ក្នុង​១​ឆ្នាំ។

 

ក្រសួង​​ពាណិជ្ជកម្មដែល​មាន​លោក​ជា​រដ្ឋមន្រ្តី ​ក៏​បាន​​ដាក់​ដំណើរការ​មន្ទីរ​ពិសោធន៍​កាំកុង​ត្រូល​ចល័ត និង​នៅ​តាម​ខេត្ត ដើម្បី​ការពារ​និង​លើក​កម្ពស់​សុខុមាល​ភាព​ប្រជាពលរដ្ឋ​ខ្មែរ ព្រមទាំង​ទប់​ស្កាត់​សកម្មភាព​ធុរកិច្ច​មិន​ស្មោះ​ត្រង់។ ជាមួយគ្នា​នេះ បាន​សហការ​​ជាមួយ​​ធនាគារ​ជាតិ​​កម្ពុជា​លើក​​កម្ពស់​​ប្រាក់​រៀលជាតិ តាមរយៈ​ការ​កំណត់​ឲ្យ​មាន​ការ​បិទ​តម្លៃ​ជា​ប្រាក់​រៀល ចំពោះ​រាល់​ទំនិញ​ប្រើប្រាស់​ដែល​ចរាចរណ៍​​លើ​​ទីផ្សារ​​តូច​ធំ​។

 

លោក​បាន​ដឹកនាំ និង​ការពារ​ច្បាប់​មួយ​ចំនួន​ដោយ​ជោគជ័យ​មាន​ដូចជា៖ ច្បាប់​ស្តីពី​ឧបាស្រ័យ​ពាណិជ្ជកម្ម ពិធីសារ​ធ្វើ​វិសោធនកម្ម​ផ្តល់​សច្ចាប័ន​លើ​កិច្ច​ព្រមព្រៀង​អាស៊ាន​-ចិន អាស៊ាន​-កូរ៉េ អាស៊ាន​-ឥណ្ឌា និង​បាន​ចរចា​បញ្ចប់​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​សេរី អាស៊ាន​-ហុងកុង ព្រមទាំង​កិច្ច​ព្រមព្រៀង​កម្ពុជា ឡាវ វៀតណាម ស្តីពី​ការ​អភិវឌ្ឍ​តំបន់​ត្រីកោណ​ជាដើម។ លោក ប៉ាន សូរស័ក្តិ ​បាន​គាំទ្រ​ឲ្យ​មាន​ការ​បង្កើត​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម​ចំនួន ៥​ កន្លែង នៅ​តាម​បណ្តា​ទីក្រុង​នៃ​ខេត្ត​សំខាន់ៗ​របស់​ប្រទេស​ចិន។ 

 

តាម​រយៈក្រសួង​ពាណិជ្ជកម្ម លោក​បាន​ជំរុញ​ឲ្យ​មាន​ការ​គាំទ្រ​ផលិតផល​ខ្មែរ តាមរយៈ​ការ​តាំង​ពិព័រណ៍​​ជាតិ និង​អន្តរជាតិ​ជាច្រើន ដូចជា៖ យុទ្ធនាការ​ទិញ​ផលិតផល​ខ្មែរ​ក្នុង​ក្រប​ខណ្ឌ​ទូទាំង​​ប្រទេស ពិព័រណ៍​ពិភពលោក ដែល​ធ្វើ​ឡើង​រយៈពេល ៦​ខែ រៀងរាល់ ៥​ឆ្នាំ​ម្តង ពិព័រណ៍​អន្តរជាតិ​ដែល​ធ្វើ​ឡើង​រយៈពេល ០៣​ខែ រៀងរាល់ ៥​ឆ្នាំ​ម្តង ឆ្លាស់​គ្នា​ជាមួយ​ពិព័រណ៍​ពិភពលោក និង​ពិព័រណ៍​ចិន-​អាស៊ាន ដែល​ធ្វើ​ឡើង​ជា​រៀងរាល់​​ឆ្នាំ។

 

តាមរយៈ​ការ​ចូលរួម​ពិព័រណ៍​ទាំង​នេះ ផលិតផល​ជាច្រើន​របស់​កម្ពុជា ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំ​ទូលាយ ដើម្បី​ជំរុញ​ការ​នាំចេញ​ដំណាល​គ្នា​ជាមួយ​នឹង​ការ​ចុះ​កិច្ច​ព្រមព្រៀង​វិនិយោគ​ជាច្រើន រវាង​កម្ពុជា និង​បរទេស។

ក្រៅពីនេះ លោក​ក៏​បាន​គាំទ្រ​ឲ្យ​មាន​ការ​អភិវឌ្ឍ​ផលិតផល​ហាឡាល់ (Halal) ដើម្បី​ឆ្លើយ​តប​តម្រូវការ​ទីផ្សារ​ក្នុង​និង​ក្រៅ​ប្រទេស។

គោលដៅ​

ក្នុង​នាម​​ជា​រដ្ឋមន្រ្តី លោក​បាន​ជំរុញវិស័យពាណិជ្ជកម្ម តាមរយៈ​ការធ្វើកំណែ​ទម្រង់ស៊ី​ជម្រៅ ការ​កាត់បន្ថយចំណាយ និង​ការពង្រឹង​ភាពប្រកួតប្រជែង​នៃទំនិញនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារ​អន្តរជាតិ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ផលិតកម្ម កម្រិត​ចំណូល កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ក្នុង​ចក្ខុវិស័យ ឆ្នាំ២០៥០ ប្រែក្លាយ​កម្ពុជានឹងក្លាយជាប្រទេស​មាន​ចំណូលខ្ពស់ ឬជាប្រទេសអភិវឌ្ឍន៍៕









 

Via: kampucheathmey

 

Comments