ប្រវត្តិ សង្ខេប លោក លុយ ដាវីត-History of Mr. LUY David by សង្ខេប Sangkeb


លោក លុយ ដាវីត ត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជក្រឹត ត្រាស់បង្គាប់តែងតាំងមុខតំណែង លោក លុយ ដាវីត រដ្ឋលេខាធិការ ជាឯកអគ្គរាជទូតវិសាមញ្ញ និង ពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋបារាំង អ៉ីតាលី ព័រទុយហ្គាល់ ម៉ាល់តា ព្រះរាជាណាចក្រ អេស៉្បាញ បូរីក្សត្រអង់ដ័រ និង បូរីក្សត្រម៉ូណាកូ ដែលមាននិវេសនដ្ឋាននៅទីក្រុងប៉ារីស

 

ដោយឡែកមុននឹង មានតួនាទីដូចសព្វថ្ងៃនេះ តើលោកមានប្រវត្តិការងារ និង ប្រវត្តិ ការសិក្សាបែបណា សូមស្ដាប់ការបកស្រាយរបស់សង្ខេបដូចតទៅ...

 

លោក លុយ ដាវីត កើតនៅថ្ងៃទី ១០ ខែឧសភា ឆ្នាំ១៩៧១

 

ប្រវត្តិសិក្សា

លោក លុយ ដាវីត ទទួលបានការអប់រំនៅប្រទេសរុស្ស៊ី និងបារាំង។ រយៈពេលរៀននៅទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី លោក បានទទួលសញ្ញាបត្រមធ្យមសិក្សា នៅឆ្នាំ១៩៨៩ និងសញ្ញាបត្រថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកទំនាក់ទំនងអន្តរជាតិ នៅឆ្នាំ១៩៩៤។

រៀននៅទីក្រុងប៉ារីស ប្រទេសបារាំង គឺលោកបានបញ្ចប់សញ្ញាបត្រផ្នែកអារ្យធម៌បារាំង និងសញ្ញាបត្រនៃមជ្ឈមណ្ឌលអឺរ៉ុបផ្នែកគ្រប់គ្រង នៅឆ្នាំ១៩៩៨។ សម្រាប់ភាសាអន្តរជាតិ គឺលោក លុយ ដាវីត ចេះភាសាអង់គ្លេស បារាំង និងរុស្ស៊ី៕

 

ប្រវត្តិ ការងារ

លោក លុយ ដាវីត បានកាន់តំណែងជារដ្ឋលេខាធិការក្រសួងការបរទេសកម្ពុជា នៅឆ្នាំ២០១៦។ ទម្រាំក្លាយជាមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេស និងទទួលខុសត្រូវលើភារកិច្ចការងារសំខាន់ៗ នាពេលនេះ លោក លុយ ដាវីត  ធ្លាប់ធ្វើជាលេខាផ្ទាល់របស់លោក ហោ ណាំហុង អតីតរដ្ឋមន្ត្រីការបរទេសកម្ពុជា ចាប់តាំងពីឆ្នាំ១៩៩៩។

 

ជាមន្ត្រីរាជការនៅក្រសួងការបរទេស លោកទទួលបានការប្រគល់តួនាទីជាបន្តបន្ទាប់ ដូចជា ប្រធានការិយាល័យគ្រឿងឥស្សរិយយសនៃនាយកដ្ឋានពិធីការ អនុប្រធាននាយកដ្ឋានហ្វ្រង់កូហ្វូនី ប្រធាននាយកដ្ឋានហ្វ្រង់កូហ្វូនី និងជាជំនួយការផ្ទាល់របស់លោក ហោ ណាំហុង។

 

នៅឆ្នាំ២០០៨ លោក ត្រូវបានចាត់តាំងជាអគ្គកុងស៊ុលកម្ពុជាប្រចាំនៅទីក្រុងហុងកុង និងម៉ាកាវ ប្រទេសចិន។ បំពេញបេសកកម្មការទូតនៅប្រទេសចិន រយៈពេល ៥ឆ្នាំ ពោល គឺនៅឆ្នាំ២០១៣ លោក បានវិលចូលមាតុប្រទេសវិញ ហើយទទួលបានការតែងតាំងជាទីប្រឹក្សាក្រសួងការបរទេស និងជានាយករងខុទ្ទកាល័យលោក ហោ ណាំហុង។ ១ឆ្នាំក្រោយ មក លោក ក៏ឡើងជានាយកខុទ្ទកាល័យរបស់លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង។

 

កាលពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅ កម្ពុជាក្នុងនាមជាប្រធានប្ដូរវេនអាស៊ាន ឆ្នាំ២០២២ បានធ្វើជាម្ចាស់ផ្ទះរៀបចំ និងដឹកនាំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាកព័ន្ធ នៅរាជធានីភ្នំពេញ ដែលបានបញ្ចប់ប្រកបដោយភាពជោគជ័យយ៉ាងត្រចះត្រចង់។

 

នៅពីក្រោយភាពជោគជ័យ និងដំណើរការនៃកិច្ចប្រជុំប្រកបដោយភាពរលូននេះ គឺមានការយកចិត្តទុកដាក់ និងចូលរួមសហការរបស់ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ជាពិសេស តាមរយៈគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅឆ្នាំ២០២២ ដឹកនាំផ្ទាល់ដោយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

 

ទន្ទឹមនឹងនេះ លោក លុយ ដាវីត រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មការជាតិរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ក៏បានចូលរួមយ៉ាងសកម្មលើការទទួលខុសត្រូវស្ទើរទាំងស្រុងសម្រាប់ការរៀបចំកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជានេះ មានជាអាទិ៍ ការរៀបចំផ្នែកពិធីការ ផ្នែកបដិសណ្ឋារកិច្ច និងបែបបទរដ្ឋបាល ជាដើម។

 






Via: kampucheathmey

 


Comments