ប្រវត្តិ សង្ខេប លោក ប្រាំង ជលសា-History of Mr. Chulasa Praing by សង្ខេប ...


លោក ប្រាំង ជលសា ត្រូវបានព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា ត្រាស់បង្គាប់តែងតាំងមុខតំណែងនិងផ្ដល់ឋានៈ ជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា អគ្គនាយកអគ្គិសនីកម្ពុជា មានឋានៈស្មើ រដ្ឋលេខាធិការ ជំនួសលោក កែវ រតនៈ ដែលបានឡើងទៅកាន់ជារដ្ឋមន្ត្រី។ លោកប្រាំង ជលសា អគ្គនាយកអគ្គិសនីកម្ពុជារូបនេះ គឺជាបណ្ឌិតផ្នែកវិស្វកម្មអគ្គិសនី មកពីប្រទេសបារាំង ហើយលោកក៏ត្រូវគេស្គាល់ថា ជាកូនរបស់លោក អ៊ិត ប្រាំង រដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល។

ដោយឡែក មុននឹងមានតួនាទីដូចសព្វថ្ងៃនេះ តើលោកមានប្រវត្តិការងារនិងប្រវត្តិការសិក្សាបែបណាសូមស្ដាប់ការបកស្រាយរបស់សង្ខេបដូចតទៅ.......

លោក ប្រាំង ជលសា កើតនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៧៤ នៅរាជធានីភ្នំពេញ លោកឪពុកឈ្មោះ អ៉ិត ប្រាំង ជារដ្ឋលេខាធិការនៅក្រសួងរ៉ែ និងថាមពល និងមានម្ដាយឈ្មោះ ញ៉ែម សេដ្ឋា

និងមានបងប្អូនប្រុសស្រីបួននាក់ ទី១គឺលោក ប្រាំង ជលសា ទី២លោកស្រី ប្រាំង ឈូកស ទី៣លោកប្រាំង រាសី ទី៤លោស្រី ប្រាំង រស្មី

ប្រាវត្តិការសិក្សា

លោក បានចូលរៀននៅសាលាឫស្សីកែវ ហើយបានបញ្ចប់មធ្យមសិក្សាកម្រិត២ នៅសាលាភ្នំដូនពេញ ក្នុងឆ្នាំ១៩៩០។ លោក ប្រាំង ជលសា បានបញ្ចប់ថ្នាក់វិស្វករអគ្គិសនី ក្នុងឆ្នាំ១៩៩៥ នៃវិទ្យាស្ថានបច្ចេកទេសជាន់ខ្ពស់មិត្តភាពកម្ពុជា-សូវៀត។ តាមរយៈអាហារូបករណ៍ពីរដ្ឋាភិបាលបារាំង លោក ក៏បានទៅបន្តការសិក្សានៅសាលាជាតិជាន់ខ្ពស់វិស្វករអគ្គិសនីហ្គ្រេណូប នៃវិទ្យាស្ថានពហុបច្ចេកទេសហ្គាណូប ដោយទទួលបានសញ្ញាបត្រអនុបណ្ឌិត និងបណ្ឌិតអគ្គិសនី ជាបន្តបន្ទាប់នៅឆ្នាំ១៩៩៧ និងឆ្នាំ២០០០ ។

បន្ថែមពីការសិក្សាខាងលើ លោក ប្រាំង ជលសា ក៏ធ្លាប់ទទួលបានការបណ្តុះបណ្តាលជាច្រើនទៀត ជាអាទិ៍ ការសិក្សាគ្រប់គ្រងសេដ្ឋកិច្ច-នយោបាយវិស័យថាមពល នៃសកលវិទ្យាល័យព្យែរម៉ង់ដេសហ្វ្រង់ ការគ្រប់គ្រងគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណៈ នៅប្រទេសជប៉ុន និងនៅធនាគារអភិវឌ្ឍន៍អាស៊ី (ADB) វគ្គបណ្ដុះបណ្ដាលតុល្យភាពថាមពល នៅទីភ្នាក់ងារថាមពលអន្តរជាតិ ទីក្រុងប៉ារីស និងនៅទីភ្នាក់ងារអន្តរជាតិថាមពលនុយក្លេអ៊ែរ ជាដើម។

ក្រោយបញ្ចប់ការសិក្សានៅប្រទេសបារាំង លោក ប្រាំង ជលសា បានចូលក្របខណ្ឌអគ្គិសនីកម្ពុជា តាំងពីឆ្នាំ១៩៩៦ ហើយបានធ្វើការយ៉ាងជាប់លាប់ ចាប់ពីដើមឆ្នាំ២០០១។ ក្នុងនាមជាមន្ត្រីអគ្គនិសនី លោក បានទទួលការងារតាមលំដាប់ថ្នាក់ ដោយមានតួនាទីតាំងពីមន្ត្រីធម្មតា រហូតដល់ទទួលបានការតែងតាំងជាអគ្គនាយកអគ្គិសនីកម្ពុជា នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣នេះ។

 

បទពិសោធន៍ប្រមាណ ២៧ឆ្នាំក្នុងវិស័យថាមពល លោក ប្រាំង ជលសា បានក្លាយជាអ្នកបច្ចេកទេសនាំមុខក្នុងការងារដោះស្រាយការងារនានា ទាំងបញ្ហាប្រឈមបន្ទាន់ ក៏ដូចជាយុទ្ធសាស្ត្រវែងឆ្ងាយ ដោយផ្តោតយកផលប្រយោជន៍ជាតិជាចំបង និងបានកសាងប្រព័ន្ធអគ្គិសនី រួមទាំងការងារសហប្រតិបត្តិការជាមួយស្ថាប័នបរទេស ដែលបាននាំមកនូវផ្លែផ្កាជាទីមោទនៈជូនជាតិ៕

គួររំលឹកផងដែថា លោក ប្រាំង ជលសា ត្រូវបានព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា ត្រាស់បង្គាប់តែងតាំងមុខតំណែងនិងផ្ដល់ឋានៈ ជាប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជា អគ្គនាយកអគ្គិសនីកម្ពុជា មានឋានៈស្មើ រដ្ឋលេខាធិការ។នេះបើយោងតាមព្រះរាជក្រឹតចុះថ្ងៃទី ២៥ ខែ សីហា ឆ្នាំ ២០២៣

 







Via: kampucheathmey


Comments