ប្រវត្តិ សង្ខេប លោក ឈីវ យីស៊ាង-History of H.E. Dr. CHHIV YISEANG by សង្...


លោក ឈីវ យីស៊ាង ត្រូវបានព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ត្រាស់បង្គាប់ដំឡើងមុខតំណែងពីអនុរដ្ឋលេខាធិការ ទៅជារដ្ឋលេខាធិការក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ នេះបើយោងតាមព្រះរាជក្រឹត្យ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។

 

ដោយឡែក មុននឹងមានតួនាទី ដូចសព្វថ្ងៃនេះ តើលោកមានប្រវត្តិការងារ និងប្រវត្តិការសិក្សាបែបណា សូមស្ដាប់ការបកស្រាយរបស់សង្ខេបដូចតទៅ.........

 

លោក ឈីវ យីស៊ាង កើតនៅថ្ងៃទី១៣ ខែមេសា ឆ្នាំ ១៩៧៥ នៅស្រុកកោះសូទិន ខេត្តកំពង់ចាម

លោកបានរៀបអាពាហ៍ពិពាហ៍ជាមួយលោកស្រី ស្រួ ណារិយ៉ា និងមានកូនស្រីពីនាក់ លោកស្រី ស្រួ ណារិយ៉ា គឺជាកូនស្រីរបស់លោកសាស្ដ្រាចារ្យ វេជ្ជបណ្ឌិត ស្រួ យីណា និង លោកស្រី ហ៊ែល ចរិយា

 

ប្រវត្តិការសិក្សា

លោក ឈីវ យីស៊ាង គឺជាអតីតនិស្សិតបរិញ្ញាបត្រភាសាបារាំងនៅវិទ្យាស្ថានភាសាបរទេសនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ហើយជាអតីតនិស្សិតកម្ពុជាដែលបានទទួលការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសបារាំង។

លោក ឈីវ យីស៊ាង បានបញ្ចប់ថ្នាក់អនុបណ្ឌិតចំនួនពីរ គឺអនុបណ្ឌិតផ្នែកគរុកោសល្យភាសា និងវប្បធម៌នៃសាកលវិទ្យាល័យប៉ារីសទី៣-ស័របាននូវែល និងអនុបណ្ឌិតផ្នែករដ្ឋបាលសាធារណៈនៃសាលាជាតិរដ្ឋបាលបារាំង។ រហូតដល់ឆ្នាំ២០១៧ លោក ក៏បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកនីតិសាធារណៈនៃសាកលវិទ្យាល័យប៉ារីស-ដូហ្វីន ប្រទេសបារាំង។

 

បើនិយាយអំពីបទពិសោធន៍កាងារ លោក ឈីវ យីស៊ាង ធ្លាប់ធ្វើជាអ្នកបកប្រែភាសាបារាំង-ខ្មែរ តាំងពីឆ្នាំ១៩៩៣ អំឡុងពេលបោះឆ្នោតជ្រើសរើសតំណាងរាស្ដ្រនៅខេត្ដកំពង់ចាម និងរាជធានីភ្នំពេញ និងធ្វើជាជំនួយការនាយកផ្នែកការសិក្សា​ (ជំនាញការបារាំង) នៅសាលាភូមិន្ទរដ្ឋបាល។ ក្រោយចប់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងឆ្នាំ១៩៩៧ លោកបានធ្វើជាគ្រូបង្ហាត់ភាសាខ្មែរ​ នៅវិទ្យាស្ថានជាតិនៃភាសា និងអរិយធម៌បូព៌ា​ ទីក្រុងប៉ារីស​ ដែលកាលណោះលោកកំពុងសិក្សាថ្នាក់អនុបណ្ឌិតនៅបារាំង។ ក្នុងឆ្នាំ១៩៩៩ លោក ឈីវ យីស៊ាង បានត្រឡប់មកប្រទេសកម្ពុជាវិញ ហើយធ្វើជាសាស្ត្រាចារ្យផ្នែកវិធីសាស្ដ្រស្រាវជ្រាវ និងវប្បធម៌ទូទៅ (ជាភាសាបារាំង) នៅវិទ្យាស្ថានភាសាបរទេសនៃសាកល​វិទ្យា​ល័យ​ភូមិន្ទភ្នំពេញ។

 

បន្ទាប់មក លោក ឈីវ យីស៊ាង បានចាប់ផ្ដើមចូលបម្រើការងារនៅខុទ្ទកាល័យសម្ដេចតេជោ នាយករដ្ឋមន្ត្រី ដែលទទួលបានតួនាទីជាបន្តបន្ទាប់ ដូចជា ជាសមាជិកក្រុមលេខាសម្តេចតេជោ ជាជំនួយការសម្ដេចតេជោ នាយករងខុទ្ទកាល័យសម្តេចតេជោ និងជាអនុប្រធានក្រុមស្រាវជ្រាវ និងវិភាគព័ត៌មាន។

 

រហូតដល់បច្ចុប្បន្ននេះ លោក ឈីវ យីស៊ាង កំពុងកាន់តំណែងជារដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីលោកបានកាន់ជាអនុរដ្ឋលេខាធិការ និងជាប្រធានវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ នៅចន្លោះឆ្នាំ២០១៦ ដល់២០១៩៕

 

គួររំលឹកផងដែរថា លោក ឈីវ យីស៊ាង ជាអ្នកបកប្រែភាសាបារាំងជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅក្នុងជំនួបជាមួយលោក ម៉ាក្រុង ប្រធានាធិបតីបារាំង។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងដំណើរទស្សនកិច្ចនៅទីក្រុងប៉ារីស ប្រទេសបារាំង នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង ប្រកបដោយភាពស្និទ្ធិស្នាលបំផុត

 









Via: kampucheathmey

 

 


Comments