ប្រវត្តិ សង្ខេប លោក ពេជ្រ ស្រស់-History of Mr. Pich Sros by សង្ខេប Sangkeb


លោក ពេជ្រ ស្រស់ គឺជាអ្នកនយោបាយខ្មែរមួយរូប នឹងជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងជាទីប្រឹក្សារាជរដ្ឋាភិបាល ដែលមានឋានៈស្មើទេសរដ្ឋមន្រ្តី នឹងជាប្រធានគណបក្សយុវជនកម្ពុជា

 

ដោយឡែក តើលោក ពេជ្រ ស្រស់ មានប្រវត្តិ បែប ណា សូមស្ដាប់ការបកស្រាយរបស់ សង្ខេប ដូចតទៅ...

 

លោក ពេជ្រ ស្រស់ កើតនៅថ្ងៃទី ៦ ខែតុលា ឆ្នាំ ១៩៧៩ នៅភូមិចក ឃុំចក ស្រុកអូរាំងឪ ខេត្តកំពង់ចាម។ នៅឆ្នាំ ២០០៨ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ផ្នែកនីតិសាស្រ្ត នៃសកលវិទ្យាល័យមេគង្គកម្ពុជា ហើយនៅឆ្នាំ ២០១៩ លោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រង នៃសាកលវិទ្យាល័យបញ្ញាជាតិ។ បន្ទាប់មកទៀត នៅឆ្នាំ ២០២០ លោក ពេជ្រ ស្រស់ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែកនីតិសាស្រ្ត នៃសាកលវិទ្យាល័យបញ្ញាជាតិ និងនៅឆ្នាំ ២០២៣ លោកបញ្ចប់ការសិក្សាថ្នាក់បណ្ឌិត ឯកទេសវិទ្យាសាស្រ្តនយោបាយ នៃសាកលវិទ្យាល័យខេមរៈ។

 

ចំណែកឯប្រវត្តិការងារវិញ នៅឆ្នាំ ១៩៩៦ ដល់ឆ្នាំ ១៩៩៧ លោក ពេជ្រ ស្រស់ បានធ្វើការងារជាកម្មករសំណង់ ហើយចាប់ពីឆ្នាំ ១៩៩៧ ដល់ឆ្នាំ ២០០៤ លោកបានធ្វើការងារជា កម្មករក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់ នៅរាជធានីភ្នំពេញ។ នៅឆ្នាំ ២០០៥ ដល់ឆ្នាំ ២០០៦ លោក ពេជ្រ ស្រស់ បានក្លាយជាអនុប្រធាន សហព័ន្ធសហជីពចំរើនកម្មករ ក្នុងរោងចក្រកាត់ដេរសំលៀកបំពាក់ ហើយពីចាប់ឆ្នាំ ២០០៦ ដល់ឆ្នាំ ២០០៧ លោកបានក្លាយជាប្រធានការិយាល័យរដ្ឋបាល នៃអង្គការខ្មែរដើម្បីសុខភាព និងសិល្បៈ។

 

បន្ទាប់មកទៀត ចាប់ពីឆ្នាំ ២០០៧ ដល់ឆ្នាំ ២០០៨ លោក ពេជ្រ ស្រស់ បានក្លាយជាប្រធានចលនាយុវជនប្រចាំរាជធានីភ្នំពេញ នៃគណបក្សសិទ្ធិមនុស្ស និងជាជំនួយការបេក្ខជនតំណាងរាស្រ្តប្រចាំខេត្តឧត្តរ​​មានជ័យ នៃគណបក្សសិទ្ធិមនុស្ស។ នៅឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១០ លោកបានក្លាយជាអគ្គលេខា​ធិការសមាគមភាពយន្តកម្ពុជា និងនៅឆ្នាំ ២០១០ ដល់ឆ្នាំ ២០១៥ លោកបានក្លាយជាប្រធានអង្គការរួមគ្នាដើម្បីភាពរីកចំរើន។ ក្រោយមកទៀត ចាប់ពីឆ្នាំ ២០១៥ ដល់ឆ្នាំ ២០១៦ លោក ពេជ្រ ស្រស់ បានក្លាយជាសមាជិកស្ថាបនិក គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យរបស់លោក ម៉ម សូណង់ដូ។

ចាប់ពីឆ្នាំ ២០១៦ មកដល់បច្ចុប្បន្ន លោក ពេជ្រ ស្រស់ ជាស្ថាបនិក និងជាប្រធានគណបក្សយុវជនកម្ពុជា ហើយចាប់ពីឆ្នាំ ២០១៨ មកដល់បច្ចុប្បន្ន លោកក៏ជាសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ និងជាទីប្រឹក្សារាជរដ្ឋាភិបាល ដែលមានឋានៈស្មើទេសរដ្ឋមន្រ្តី៕

VIA: www.kampucheathmey





Comments