ប្រវត្តិ សង្ខេប លោក អ៊ាង សុផល្លែត-History of Mr. Eang Sophalleth by សង្ខ...


លោក អ៊ាង សុផល្លែត បច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាជំនួយការសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។ លោក អ៊ាង សុផល្លែត តែងតែបង្ហាញវត្តមានតាមរយៈការផ្ដល់កិច្ចសម្ភាសនានាដល់ក្រុមអ្នកសារព័ត៌ មាន ស្ដីពីលទ្ធផលនៃជំនួបការងារផ្សេងៗរបស់សម្ដេចតេជោ ជាមួយនឹងបណ្ដាមេដឹកនាំ ឬភ្ញៀវបរទេស ដែលចូលជួបជាមួយសម្ដេច។

 

លោក អ៊ាង សុផល្លែត កើតនៅថ្ងៃទី ១០ ខែ តុលា ឆ្នាំ ១៩៦៩ លោកបានរៀបអាពារពិពារ ជាមួយលោកស្រី ជា សុផាកន្នី កើតនៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៩ លោកស្រី ​ជា សុផាកន្នី គឺជាកូនរបស់ លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី និងជា​រដ្ឋមន្រ្តីក្រសួងរៀបចំ​ដែនដី នគរូបនីយកម្ម ​និង​សំណង់ លោកស្រី ក៏ជាប្រធានក្រុមប្រឹក្សាភិបាល និងជាម្ចាស់សាលារៀនអន្តរជាតិ ផារ៉ាហ្គន និងសាកលវិទ្យាល័យអន្តរជាតិ ផារ៉ាហ្គន។ ជាមួយគ្នានេះ លោកស្រី ក៏ប្រកបវិជ្ជាជីវៈជាមេធាវី ផងដែរ។

 

លោក អ៊ាង សុផល្លែត គឺជាបញ្ញវន្តខ្មែរមួយរូប ដែលទទួលបាន​ការសិក្សា​អប់រំ​នៅប្រទេសកាណាដា។ ការសិក្សានៅកាណាដា គឺនៅចន្លោះឆ្នាំ១៩៨៥-១៩៨៩ លោក ទទួលបានសញ្ញាបត្រទូទៅ នៅវិទ្យាល័យ Victoria Composite ហើយជាបន្តបន្ទាប់ លោកទទួលបានសញ្ញាបត្របរិញ្ញាបត្រផ្នែកវិស្វកម្មមេកានិក (១៩៩០-១៩៩៤) និងសញ្ញាបត្រជាន់ ខ្ពស់ផ្នែកហិរញ្ញវត្ថុ រហូតដល់លោក បញ្ចប់សញ្ញាបត្របណ្ឌិតវិស្វកម្មសំណង់ស៊ីវិល នៅសាកលវិទ្យាល័យ Calgary។ អំឡុងពេលសិក្សានៅទីនោះ ពោលគឺនៅចន្លោះឆ្នាំ១៩៨៩ ដល់ឆ្នាំ១៩៩៤ លោក បានធ្វើការនៅក្នុងក្រុមហ៊ុនសាជីវកម្ម Paragon ទីក្រុង Calgary ប្រទេសកាណាដា។

 

ក្រោយមកនៅឆ្នាំ១៩៩៤-១៩៩៥ លោក អ៊ាង សុផល្លែត បានធ្វើជាវិស្វករស្រាវជ្រាវ និងអភិវឌ្ឍន៍នៅក្រុមហ៊ុន Bettis Canada និងនៅឆ្នាំ១៩៩៥ លោក ក៏ក្លាយជានាយកគ្រប់គ្រងក្រុមហ៊ុន សំណង់កម្ពុជា។ រហូតដល់ឆ្នាំ១៩៩៧ លោក បានចាប់ផ្ដើមឈានជើងចូល​បម្រើ​ការងារ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងតួនាទីជាជំនួយការសម្ដេចតេជោ ហ៊ុន សែន ដែលទទួលភារកិច្ចជាអ្នកនាំពាក្យ រហូតទល់បច្ចុប្បន្ននេះ។ ក្រៅពីតួនាទីជាជំនួយការសម្ដេចប្រមុខរាជរដ្ឋាភិបាល លោក អ៊ាង សុផល្លែត ក៏ធ្លាប់កាន់តំណែងនៅតាមក្រសួងមួយចំនួនផងដែរ ដូចជា៖ នៅឆ្នាំ២០១១ ជាអនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងនៅឆ្នាំ២០១៣ ផ្លាស់មកកាន់មុខតំណែងជាអនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

 

កិច្ចការបន្ទាប់ គឺនៅឆ្នាំ២០១៦ លោក អ៊ាង សុផល្លែត ក៏ដូរមកបម្រើការនៅក្រសួងបរិស្ថានវិញ ក្នុងមុខតំណែងជាអនុរដ្ឋលេខាធិការ ហើយនៅអំឡុងខែកញ្ញា ឆ្នាំ២០១៨ លោក ក៏ត្រូវបានដំឡើងជារដ្ឋលេខាធិការក្រសួងបរិស្ថាន ទទួលបន្ទុកលើការងារកិច្ចសហប្រតិបត្តិការអន្តរជាតិ និងក្រុមប្រឹក្សាជាតិសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។  ចាប់តាំងពីមកកាន់តំណែងនៅក្រសួងបរិស្ថាន លោក បានចូលរួមយ៉ាងជាប់លាប់ជាមួយការបង្កើតគោលនយោបាយ និងយុទ្ធសាស្ត្រជាតិសម្រាប់វិស័យបរិស្ថាន ហើយបានចូលរួមនៅក្នុងវេទិកាអន្តរជាតិជាច្រើនទាក់ទងនឹងបញ្ហាបរិស្ថាន និងវិធានការឆ្លើយតបជាសកល។

 

បន្ថែមពីមុខតំណែង និងការងារខាងលើនេះ លោក អ៊ាង សុផល្លែត ក៏ជាអតីតប្រតិបត្តិករវិទ្យុ VHF ប្រទេសថៃ អតីតជំនួយការគ្រូពេទ្យនៅ MSF អតីតប្រធានសមាគមប្រទេសផលិតកៅស៊ូធម្មជាតិ ហើយបច្ចុប្បន្នជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះមូលដ្ឋានស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងប្រធានកិត្តិយសនៃសាលាអន្តរជាតិ ផារ៉ាហ្គន ផងដែរ។ ឧត្តមភរិយារបស់លោក គឺលោកស្រី ជា សុផាកន្នី ដែលជាកូនស្រីរបស់លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់៕







 

Via: kampucheathmey


Comments