ខេម ដែលជាប់ឈ្មោះជាតារាចម្រៀងស្អកៗ គឺជា ក្មេងកំព្រាឪពុក និង
ចេញរកលុយតាំងពីនៅតូច។ ត្បិតតែ ខេម មិនបានបញ្ចប់ការសិក្សារហូតដល់ថ្នាក់ឧត្តមសិក្សាក្ដី
ប៉ុន្ដែ ខេម គឺជាមនុស្សឧស្សាហ៍ព្យាយាម និង តស៊ូ នៅក្នុងជីវិត
រហូតបានក្លាយជាតារាចម្រៀងជួរមុខមួយរូបនៅក្នុងពិភពសិល្បៈ។
តើជីវិតជូរចត់របស់ខេម ហែលឆ្លងការលំបាកអ្វីខ្លះ
ទម្រាំក្លាយជាតារាចម្រៀងល្បីសព្វថ្ងៃនេះ?
ខាងក្រោមនេះ គឺជា
ប្រវត្តិត្រួសៗរបស់ ខេម៖
ជីវិតក្នុងវ័យកុមារភាព
ខេម ជាកូនពៅនៅក្នុងក្រុមគ្រួសារ ដែលមានបងប្អូនពីរនាក់
ប្រុសមួយ និង ស្រីមួយ។ បងស្រីរបស់លោកមានឈ្មោះ ប៉ុន សុណារី
ជាអ្នកកាន់សាសនាគ្រិស្តមួយរូប។ តារារូបនេះ កើតនៅថ្ងៃទី ១៥ ឧសភា ឆ្នាំ
១៩៨៥ ក្នុងខេត្ត កំពង់ឆ្នាំង។ ឪពុករបស់លោក មានឈ្មោះ សេង ធក់
ជាអតីតមន្ត្រីយោធាមួយរូប (ស្លាប់) និង មានម្ដាយឈ្មោះ ឡាយ សីម៉ាលី
ជាស្ត្រីមេផ្ទះ។ ប៉ុន សុណារិន ជាឈ្មោះ នៅក្នុងបញ្ជីជាតិ ហើយឈ្មោះ ខេម
លោកបានប្រើនៅពេលចូលសិល្បៈ។
ការអប់រំក្នុងជីវិត
ណារិន
ជាមនុស្សម្នាក់ ដែលមិនសូវមាននិស្ស័យខាងការសិក្សាប៉ុន្មានឡើយ។
តារារូបនេះមាននិស្ស័យខាងសិល្បៈទៅវិញ ប៉ុន្តែ លោកបានរៀននៅសាលាបឋមគំរូក្រុង។ ការរៀនមិនមានភាពទៀងទាត់ប៉ុន្មានទេ
ព្រោះតែស្ថានភាពជីវភាព។ ក្រោយបញ្ចប់ថ្នាក់បឋម ខេមបានបន្តចូលរៀននៅ
នៅអនុវិទ្យាល័យទីរួមខេត្ត។ សម្រាប់ ខេម
ពេលរៀនអនុវិទ្យាល័យក៏មិនខុសប្លែកគ្នាប៉ុន្មានពីបឋមដែរ
កម្រិតជីវភាពនៅតែមានការលំបាកដដែល។ ថ្នាក់វិទ្យាល័យ
លោកបានរៀននៅវិទ្យាល័យព្រះសុរាម្រិត។
ស្ថានភាពក្រីក្រ
បានបង្ខំឲ្យ ខេម បញ្ចប់ការសិក្សានៅត្រឹមថ្នាក់ទី ១០។
ម្ដាយរបស់លោកនៅផ្ទះតែម្នាក់ឯង មិនមានអ្នករកស៊ីចិញ្ចឹម
ព្រោះបងស្រីមិនបានរស់នៅជាមួយទេ។ ដូច្នេះហើយការលំបាកទាំងប៉ុន្មានត្រូវធ្លាក់មកលើរូបលោកទាំងអស់។
ម្យ៉ាងទៀត ដោយសារការស្រលាញ់សិល្បៈ ខេម បានមកភ្នំពេញ
ដើម្បីធ្វើការប្រឡងចម្រៀង។ ខេម មានបំណងចង់បន្តការសិក្សាឡើងវិញ
ព្រោះលោក យល់ថាការសិក្សាពិតជាមានសារៈសំខាន់សម្រាប់រូបលោក។
អ្វីដែលចង់ធ្វើនៅពេលនេះ គឺសន្សំប្រាក់ឲ្យបានច្រើន
ដើម្បីចូលរៀនបន្ត។
ខេមជាក្មេងតស៊ូ
កុមារ ខេម
មានការលំបាកជាពន់ពេកសម្រាប់ការរស់នៅជាមួយម្ដាយ
ព្រោះឪពុកបានស្លាប់ ខណៈបងស្រី ខេម ទៅរស់នៅខាងប្ដី។ “ការងារខាងម្ហូបអាហារមិនសូវឲ្យម៉ែខ្ញុំពិបាកទេ ព្រោះខ្ញុំត្រូវចេញទៅរត់ម៉ូតូឌុបតាំងពី
ម៉ោង ៥ ទៀបភ្លឺ ដើម្បីយកប្រាក់មកផ្គត់ផ្គង់ជីវភាពគ្រួសារ។
ពេលត្រឡប់មកវិញត្រូវទៅស្ទូចត្រី ព្រោះផ្ទះខ្ញុំជិតបឹង”។ ខេម និយាយ។
“កាលពីខ្ញុំអាយុ ៦
ឆ្នាំ ជីវភាពក្រុមគ្រួសាររបស់ខ្ញុំមានការលំបាកជាខ្លាំង
ម្ដាយខ្ញុំធ្វើនំលក់។ ខ្ញុំត្រូវទួលនំលក់គ្រប់ទីកន្លែង ពេលខ្លះដាច់
ពេលខ្លះទៀតមិនបានដាច់ទេ”។ ការលំបាកទាំងនេះ ខេមមិនមានការរាថយទេសម្រាប់ការរស់នៅ។
តារារូបនេះនៅតែតស៊ូក្នុងជីវិតមិនមានការត្អូញត្អែរម្ដងណាឡើយ។ ខេម តែងតែស្ដាប់ដំបូន្មានម្ដាយជានិច្ចមិនមានការធ្វេសប្រហែស
ម្ដងណាទេ។ ”ម្ដាយខ្ញុំតែងពោលថា
ជីវិតកើតមកតែងតែមានការតស៊ូទើបបានប្រសើរ បើមិនមានការតស៊ូទេគេមិនហៅជីវិតទេ”។
ខេម
រងការមាក់ងាយមុនពេលចូលសិល្បៈ
សម្រាប់អាជីពជាអ្នកសិល្បៈ លោក ខេម
បានទទួលនូវការមើលងាយពីមនុស្សមួយចំនួនជាច្រើន ជាពិសេសអ្នកជិតខាង
មុនពេលដែលលោក ក្លាយជាអ្នកសិល្បៈ។ ”មានគ្រូម្នាក់ក្នុងសាលានិយាយថា កុំទៅប្រឡងអីអ្ហើយ នែ! បើឯងប្រឡងជាប់
នៅភ្នំពេញអញឈប់បង្រៀនរហូត”។ ការមាក់ងាយទាំងនេះ
ខេម មិនមានការខឹងសម្បារអ្វីឡើយ វារឹតតែធ្វើឲ្យ
លោកមានការខិតខំព្យាយាមបន្ថែមទៀត ដើម្បីជម្នះរាល់ការមាក់ងាយទាំងឡាយ។
តារារូបនេះនៅតែតស៊ូជានិច្ច ដោយមានជំនឿជាក់ទៅលើខ្លួនឯង។
ខេមបញ្ជាក់ថា ”មានអ្នកមួយចំនួនទៀតរិះគន់
បើឯងប្រឡងជាប់អញនឹងកោសក់។ រូបរាងឯងខ្មៅអញ្ចឹង ទៅធ្វើជាតារាឯណាកើត
នែ! មកធ្វើជាស្រែវិញល្អជាង”។ ពាក្យសម្ដីទាំងហ្នឹងត្រូវបាន
ណារិន ខឹងសម្បាជាខ្លាំង តែលោកទប់ចិត្តមិនមានគំនុំគុំកួនអ្វីទាំងអស់។ ខេមតែងយកពាក្យទាំងនេះមកគិតពិចារណា
ដើម្បីកែប្រែខ្លួនឲ្យទៅជាមនុស្សម្នាក់ដែលមានការទទួលស្គាល់ពី
អ្នកទាំងអស់នោះ។
ក្រោយពេលប្រឡងជាប់ជាអ្នកសិល្បៈ
ជីវិតរបស់ ខេមនៅតែមានការលំបាកដដែល ព្រោះមិនមានផ្ទះស្នាក់នៅ
ត្រូវដើរតែលតោលក្នុងទីក្រុងភ្នំពេញ។”មានបងប្អូនម្នាក់ខាងម្ដាយ
ក្រោយរបស់ខ្ញុំ គាត់បានស្នាក់នៅក្នុងផ្ទះអង្គការ
ហើយខ្ញុំបានរស់នៅជាមួយគាត់។ អ្វីដែលមានការលំបាកសម្រាប់ខ្ញុំ
គឺផ្ទះនោះគេមិនឲ្យបងប្អូនស្នាក់នៅទេ។
បើយើងចង់ស្នាក់នៅគឺបានតែថ្ងៃៗតែប៉ុណ្ណោះ មិនអាចស្នាក់នៅយប់បានទេ”។
ពេល
ញាំបាយម្ដងៗជាមួយមិត្តភ័ក្ដិដែលបានប្រឡងជាប់ មានការលំបាកជាខ្លាំង។ ”មួយពេល ៤០០០ រៀល ជាមួយមិត្តភ័ក្ដិបួននាក់ទៀត។ ពេលខ្លះទៀតត្រូវញាំបាយជាមួយ
អំបិល និង ទឹកភ្នែក”។ ការលំបាកទាំងនេះ ខេមនៅតែព្យាយាមមិនរាថយឡើយ។
លោកនៅតែតស៊ូ ដោយមិនចង់វិលត្រឡប់ទៅស្រុកកំណើតវិញទេ។
ការណ៍ដែលឃើញគេមានភាពហ៊ឺហា ទាំងសំលៀកបំពាក់ និង ការចាយវាយ ខេម
មិនមានការអាក់អន់ស្រពន់ចិត្តអ្វីទាំងអស់។ ណារិន គិតថា នេះមកពីសំណាង
និង ការខិតខំប្រឹងប្រែងរបស់ពួកគេកន្លងមក។
ការឈានជើងចូលក្នុងវិថីសិល្បៈ
ណារិន
បានប្រឡូកចូលក្នុងពិភពសិល្បៈ នៅឆ្នាំ ២០០៧ ដោយមានអាជីពជាអ្នកចម្រៀង។
ខេម បានបញ្ជាក់ឲ្យដឹងទៀតថា
មូលហេតុដែលនាំឲ្យលោកប្រឡូកចូលជាអ្នកសិល្បៈ
ដោយសារតែមានឧបនិស្ស័យតាំងពីតូចមកម្ល៉េះ។ “ផ្ទះរបស់ខ្ញុំជិតបា ម៉ែរបស់ខ្ញុំគាត់លក់អីវ៉ាន់ក្នុងនឹង។
ពេលឃើញគេច្រៀង និង តែងខ្លួនស្អាតៗ
ខ្ញុំតែងមានអារម្មណ៍ចង់ធ្វើជាតារាចម្រៀងដែរ”។ ម្យ៉ាងវិញទៀតនៅក្នុងថ្នាក់រៀន មិត្តភ័ក្ក និងគ្រូតែងមានការលើកទឹកចិត្តសម្រាប់រូបលោកជានិច្ច។
“ដល់ម៉ោងត្រឡប់ទៅផ្ទះ
លោកគ្រូបានឲ្យខ្ញុំច្រៀងជារៀងរាល់ ព្រោះគាត់គិតថាខ្ញុំច្រៀងពីរោះ”។
ក្នុងឆ្នាំ ២០០៧
តារារូបនេះ បានចូលរួមប្រកួតប្រជែងក្នុងកម្មវិធី Boy Band របស់ស្ថានីយទូរទស្សន៍
CTN។
ខេមបានប្រឡងជាប់ជាតារាចម្រៀងប្រចាំស្ថានីយនេះ។ ការច្រៀងក្នុងស្ថានីយបានរយៈពេលមួយឆ្នាំ
ខេមបានចេញពី CTN ដោយចប់កុងត្រានៃការច្រៀង។
ឆ្នាំ ២០០៨
ណារិនបានចូលច្រៀងឲ្យ ផលិតកម្មវិញ។ នៅក្នុងផលិតកម្មនេះ លោក
មិនសូវទទួលបានប្រជាប្រិយភាពប៉ុន្មានទេ ដោយផលិតកម្មមិនបានចេញជា VCD លក់នោះទេ។ ដូច្នេះហើយទើបមិនមានអ្នកស្គាល់រូបលោកប៉ុន្មានឡើយ។
ក្រោយជ្រកក្រោមទ្រនុំផលិតកម្មទីក្រុងភាពយន្ត ឬ Town អស់រយៈពេលជាច្រើនឆ្នាំតារាចម្រៀងល្បីឈ្មោះ ខេម
បានសម្រេចចិត្ត ចេញពីផលិតកម្មនេះ ហើយទៅទ្រនំបន្ទាប់គឺជាផលិតកម្មរបស់លោកឧកញ៉ាវ័យក្មេង
គឺផលិតកម្ម Galaxy Navatra។
news.sabay
Comments
Post a Comment