ប្រវត្តិ សង្ខេប អ្នកឧកញ៉ា លី យ៉ុងផាត់-History of Duke Ly Yong Phat by សង...


 

លោកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន LYP Group​ ជាមហាសេដ្ឋីលំដាប់កំពូលមួយរូបនៅកម្ពុជា និង ជា​សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំង

និងផ្ដល់ឋានៈជាទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២

 

ដោយឡែក មុននឹងមានឈ្មោះល្បីល្បាញដូចសព្វថ្ងៃនេះ តើលោកឧកញ៉ា លីយ៉ុងផាត់ មានប្រវត្តិ បែបណាសូមស្ដាប់ការបកស្រាយរបស់ សង្ខេបដូចតទៅ.........

 

 

លោក អ្នកឧកញ៉ា លី យ៉ុងផាត់ កើតនៅឆ្នាំ​១៩៥៨ ​នៅ​ខេត្ត​កោះកុង ត្រូវបានមហាជនស្គាល់ទូទៅថា ជាមហាសេដ្ឋីលំដាប់កំពូលមួយនៅកម្ពុជា ដែលក្ដោប​​ក្ដាប់​ជំនួញធំៗជាពហុវិស័យ ដូចជា រមណីយដ្ឋាន កាស៊ីណូ សណ្ឋាគារលំដាប់ផ្កាយ៥ ផ្សារលក់ទំនិញបោះដុំ សួនសត្វ ទីក្រុង​​រណប តំបន់សេដ្ឋកិច្ចពិសេស ការនាំចេញបារី ស្ថានីយទូរទស្សន៍ កសិកម្ម ផ្គត់ផ្គង់ទឹកស្អាត និងថាមពលផ្គត់ផ្គង់​អគ្គីសនី​នៅខេត្តកោះកុងជាដើម មហាសេដ្ឋី​ដ៏​មាន​ឥទ្ធិពល​​រូប​នេះ មាន​ដុង​ខាង​រកស៊ី​តាំង​ពី​ក្មេងវ័យ​មក​ម្ល៉េះ និង​បាន​ក្លាយ​ខ្លួន​ជា​ពាណិជ្ជករ​នៅ​ក្នុង​អំឡុង​ទសវត្សឆ្នាំ​៨០

 

អ្នក​ឧកញ៉ា លី យ៉ុងផាត់ ក៏ជាអ្នក​នយោបាយ​ដ៏សកម្មមួយរូបផងដែរ

 

នៅឆ្នាំ​២០០០ លោកបានក្លាយជាពាណិជ្ជករ និងជាទីប្រឹក្សាធុរកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា

នៅឆ្នាំ​២០០១ លោក​ ជាប់​ឆ្នោត​ជា​អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា

ក្នុងឆ្នាំ២០០៦ លោកបានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភានៃរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ អ្នកឧកញ៉ា លី យ៉ុងផាត់ ទទួលសញ្ញាបត្រ “បណ្ឌិតកិត្តិយស” ពីសាកលវិទ្យាល័យថុនបូរី នៃប្រទេសថៃ។

នៅថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២ អ្នកឧកញ៉ាក៏ទទួលបានគ្រឿងឥស្សរិយយស មេដាយជាតូបការ ដែលជាមេដាយខ្ពស់បំផុតនៅកម្ពុជា។ គ្រឿងឥស្សរិយសយសមេដាយជាតូបការ ត្រូវបានបំពាក់ជូន ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាលចំនួន២ របស់ស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ក្រោមអធិបតីភាព សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

 

នៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំង និងផ្តល់ឋានៈ ដល់អ្នកឧកញ៉ា លី យ៉ុងផាត់ ជាទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី ដែលមានឋានៈស្មើ រដ្ឋមន្ដ្រី បន្ថែមលើងារបច្ចុប្បន្ន ដោយមិនយកប្រាក់បំណាច់មុខងារ

អ្នកឧកញ៉ាក៏ជាប្រធានសមាគម​ឧកញ៉ានៅកម្ពុជាផងដែរ

 

អ្នកឧកញ៉ា លី យ៉ុងផាត់ អគ្គនាយកក្រុមហ៊ុន LYP Group​ ជាមហាសេដ្ឋីលំដាប់កំពូលមួយរូបនៅកម្ពុជា ដែលក្ដោប​​ក្ដាប់​អា​ណាចក្រជំនួញ​ធំៗ​ជាពហុវិស័យ ​នៅ​​ក្នុង​រាជធានីភ្នំពេញ និង​បណ្តា​ខេត្ត​មួយ​ចំនួន និង មានក្រុមហ៊ុនជាបុត្រសម្ព័ន្ធដូចជា៖

 

 

១. សណ្ឋាគារភ្នំពេញ៖ បើកដំណើរការកាលឆ្នាំ២០០៣ មានទីតាំងនៅកណ្តាលរាជធានីភ្នំពេញ លើដីឡូត៍លេខ៥៣ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ។

២. សណ្ឋាគារ Garden City៖ បើកដំណើរការ កាលខែតុលា ឆ្នាំ២០១៥ ដោយចំណាយការ​វិនិយោគ​ក្នុងទំហំទឹកប្រាក់ ៨០លានដុល្លារ។ ទីតាំងនៅផ្លូវ លីយ៉ុងផាត់ សង្កាត់ព្រែក​តាសេក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ

៣. ទីលានវាយកូនគោល Garden City Golf Club)៖ បង្កើតឡើងកាលខែមេសា ឆ្នាំ២០១៣ ក្នុងទំហំ​ទឹកប្រាក់​វិនិយោគ ២០​លាន​ដុល្លារ។

៤. ក្រុមហ៊ុនអចលនទ្រព្យ Phnom Penh Garden City Real Estate៖ ជាគម្រោងវិស័យ​អចលនទ្រព្យ​ដ៏​ធំ​លើ​ផ្ទៃដី​ ២០០០​ហិកតា ជា​តំបន់​អភិវឌ្ឍ​លំនៅឋាន ​​ដែល​រួម​បញ្ចូល​ទាំង​អាជីវកម្ម ការ​កម្សាន្ត និង​​លំហែកាយ។

៥. សួនសត្វភ្នំពេញសាហ្វារី៖ ជាសួនសត្វដែលបានផ្តល់នូវទីជម្រកដល់សត្វក្នុងស្រុក ក៏ដូចជាសត្វព្រៃ​ជាច្រើនប្រភេទ ជាមួយកន្លែងរស់នៅធំទូលាយបែបធម្មជាតិ និងផ្តល់ចំណីអាហារយ៉ាងសំបូរបែប។​ សួនសត្វនេះ បង្កើតឡើងឆ្នាំ២០១៨ ចំណាយទុនជាង ១០លានដុល្លារ និងមានទីតាំងនៅផ្លូវលីយ៉ុងផាត់ និងមានចម្ងាយប្រមាណ ២១គីឡូម៉ែត្រពីវត្តភ្នំ។

៦. ទីក្រុងពោងពាយ (Pong Peay City)៖ ទីតាំងនៅម្តុំផ្សារទំនើប AEON II និងព្រីមៀរ សែនសុខ។

៧. ក្រុមហ៊ុនអគ្គីសនី Cambodia Electricity Private Co., Ltd៖ មានសមត្ថភាព​អាច​ផលិត​ថាមពល​អគ្គីសនី​បាន ៤៥ មេហ្គាវ៉ាត់ ដែលអាច​ផ្គត់ផ្គង់​​ដល់​ប្រជាជន​នៅ​រាជធានីភ្នំពេញ បាន​រាប់​លាន​នាក់។

៨. ផ្លូវនិងស្ពានព្រែកព្នៅ៖ ផ្លូវលីយ៉ុងផាត់ និងស្ពានព្រែកព្នៅ ត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន LYP Group ហើយអ្នកឆ្លងកាត់ផ្លូវត្រូវបង់ប្រាក់ជូនក្រុមហ៊ុន ប៉ុន្តែចាប់ពីថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៧ មក ក្រុមហ៊ុន​បាន​ប្រគល់​ជូន​រដ្ឋបាលរាជធានីភ្នំពេញ​វិញ ដើម្បី​ទុក​ជា​ទ្រព្យសម្បត្តិ​​សាធារណៈ​​របស់​រដ្ឋ ដែល​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ឆ្លងកាត់ ​ដោយ​ឥតគិត​ថ្លៃ។

៩. ក្រុមហ៊ុន Hero King Co., Ltd៖ ជាក្រុមហ៊ុនចែកចាយ​ផលិតផល​ជា​ច្រើន​ដូចជា បារី ភេសជ្ជៈប៉ូវកម្លាំងគោជល់ ស្រា Johnnie Walker ជាដើម។

១០. ស្ថានីយទូរទស្សន៍ PNN៖ ជាស្ថានីយទូរទស្សន៍ដ៏ទំនើបបំផុតមួយនៅកម្ពុជា ​​ដែលបានវិនិយោគ​ទំហំ​ទឹកប្រាក់ ២០​លាន​ដុល្លារ បំពាក់​មកជាមួយ​សម្ភារៈទំនើបៗ ​​ហើយ​បាន​​ប្រកាស​បើក​ដំណើរ​ការ កាល​ឆ្នាំ​២០១៥។

១១. ផ្សារទំនើបម៉ាក្រូ៖ ឆ្នាំ២០១៧ អ្នកឧកញ៉ា លី យ៉ុងផាត់ ចាប់ដៃគូជាមួយនឹងវិនិយោគិនថៃ ដោយ​បានបោះទុនវិនិយោគរាប់លានដុល្លារ បើកដំណើរការផ្សារលក់ទំនិញបោះដុំ យីហោពីប្រទេសថៃ គឺផ្សារ ម៉ាក្រូ ដែលជិតហ្នឹងផ្សារទំនើប AEON II

១២. ឌឹ ព្រីមៀរ សែនសុខ សេនធ័រ៖ ជាមជ្ឈមណ្ឌលអាពាហ៍ពិពាហ៍ សន្និបាត និងពិព័រណ៍ដ៏ធំប្រណីត​មួយ បង្កើតឡើងឆ្នាំ២០១៨ ចំណាយទុនវិនិយោគសាងសង់​អស់ទឹកប្រាក់​ជាង ១០លានដុល្លារ។

១៣. ផ្សារទំនើបលក់សម្ភារសំណង់ និងលំនៅដ្ឋាន Global House៖ នៅឆ្នាំ២០១៨ អ្នកឧកញ៉ា លី យ៉ុងផាត់ សហការ​វិនិយោគរួមគ្នា ជាមួយនឹងវិនិយោគិនថៃ បោះទុនជាង ១០លានដុល្លារអាមេរិក បើកឲ្យដំណើរ​ការនូវ​ផ្សារ​ទំនើបលក់គ្រឿងសំណង់ និងសម្ភារលំនៅដ្ឋាន Global House ដ៏ធំជាងគេនៅកម្ពុជា។

គួរបញ្ជាក់ថា អ្នកឧកញ៉ា លី យ៉ុង ផាត់ រហស្សនាម “ស្តេចកោះកុង” មានទំនាក់ទំនងល្អជាមួយអ្នកជំនួញ និងមន្រ្តីជាច្រើនក្នុងប្រទេសថៃ ប៉ុន្តែប៉ុន្មានឆ្នាំចុងក្រោយនេះ អ្នកឧកញ៉ាកំពុងបង្វែរ​ទៅគៀងគរក្រុម​វិនិយោគិន​ចិន និងលោកខាងលិចវិញម្តង។ ជាក់ស្តែង អ្នកឧកញ៉ា លី យ៉ុងផាត់ ក៏បាននិងកំពុងសាងសង់​គម្រោងទីក្រុងមិត្តភាពកម្ពុជា-ចិន ក្នុងទឹកដីអភិវឌ្ឍន៍ទីក្រុងរណប ហ្គាឌិន ស៊ីតធី ហើយត្រូវបានរំពឹងថា គ្រោងចំណាយទុនជាង ១.៥០០ លានដុល្លារអាមេរិក ដែលវិនិយោគរួមគ្នា រវាងក្រុមហ៊ុន LYP Group ជាមួយនឹងក្រុមហ៊ុនចិន ផងដែរ៕

 

Via: oknha.news, eacnews.asia

 


 

 


Comments