លោកជំទាវ
ដាំ ដារីនី ត្រូវបាន ព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា
ត្រាស់បង្គាប់ ប្រគល់ឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍
នាយទាហាន ថ្នាក់ឧត្តមសេនីយ៍ នៃកងយោធពលខេមរភូមិន្ទ ដែលមាន អត្តលេខ ០០៤២៩០ រដ្ឋលេខាធិការ
ក្រសួងការពារជាតិ កាលពីថ្ងៃទី ១២ ខែមេសា ឆ្នាំំ ២០២៣
ដោយឡែកមុននឹងមាន
តួនាទី ដូចសព្វថ្ងៃនេះ តើលោកជំទាវ ដាំ ដារីនី មានប្រវត្តិការងារ
និងប្រវត្តិការសិក្សាបែបណា សូមស្ដាប់ការបកស្រាយរបស់សង្ខេបដូចតទៅ..............
លោកជំទាវ
ដាំ ដារីនី កើតនៅថ្ងៃទី ១២ ខែ ឧសភា ឆ្នាំ ១៩៨៥ លោកស្រី គឺជាកូនរបស់ នាយឧត្តមសេនីយ៍
ដាំ ដារ៉ារិទ្ធ
រដ្ឋលេខាធិការ
ក្រសួងការពារជាតិ លោកស្រី ដាំ ដារីនី បានរៀបអាពារពិពារ ជាមួយលោក ខ្លូត រតនា និងមានកូនជាចំណងដៃចំនួន៣នាក់
លោក ខ្លូត រតនា ត្រូវជាកូនរបស់ ឧត្តមសេនីយ៍ឯក ខ្លូត សំខាន់
លោកស្រី
ដាំ ដារីនី បានសិក្សាសញ្ញាបត្រថ្នាក់បរិញ្ញាបត្រនីតិសាស្ត្រ
និងបរិញ្ញាបត្រជាន់ខ្ពស់រដ្ឋបាលសាធារណៈ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ
និងវិទ្យាសាស្ត្រសេដ្ឋកិច្ច
ហើយបានបញ្ចប់បរិញ្ញាបត្រភាសាអង់គ្លេសនៅវិទ្យាស្ថានភាសាបរទេស (IFL)។
លោកស្រី
ក៏បានបញ្ចប់សញ្ញាបត្របណ្ឌិតរដ្ឋបាលសាធារណៈ
នៅរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ ដោយនិក្ខេបបទការពារថ្នាក់បណ្ឌិត
លោកស្រី បានស្រាវជ្រាវលើប្រធានបទ៖ «ការលើកកម្ពស់ស្ត្រីក្នុងកងយោធពលខេមរភូមិន្ទនៅកម្ពុជា»៕
លោកស្រី
ដាំ ដារីនី គឺជាមន្ត្រីជាន់ខ្ពស់មួយរូបដែលបានកំពុងកាន់តំណែងជារដ្ឋលេខាធិការក្រសួងការពារជាតិ
ចាប់តាំងពីអំឡុងឆ្នាំ២០១៤។
ក្នុងនាមជារដ្ឋលេខាធិការក្រសួងការពារជាតិ
លោកស្រី ដាំ ដារីនី ទទួលបន្ទុកលើការងារយេនឌ័រ ការងារនាយកដ្ឋាននីតិកម្ម
និងវិទ្យាស្ថានវិទ្យាសាស្រ្ដសុខាភិបាលនៃកងយោធពលខេមរភូមិន្ទ។ ក្រៅពីការងារនៅក្រសួងការពារជាតិ
លោកស្រី ដាំ ដារីនី ក៏ជាសមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល
ទទួលបន្ទុកជាប្រធានផ្នែកសិល្បៈ និងកីឡា
ព្រមទាំងជាអនុប្រធានក្រុមការងារចុះជួយមូលដ្ឋានស្រុកត្បូងឃ្មុំ ផងដែរ។
មុនពេលមានមានតួនាទីជារដ្ឋលេខាធិការនេះ លោកស្រីក៏ធ្លាប់កាន់តួនាទី អនុរដ្ឋលេខាធិការ
ក្រសួងអភិវឌ្ឍន៍ជនបទ នៃរាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៤ កាលពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៣
លោកស្រី ក៏ធ្លាប់បម្រើការ ជាមន្ត្រីនៃក្រសួងកិច្ចការនារី ក្នុងតួនាទីជាប្រធានការិយាល័យក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី
នៅឆ្នាំ២០០៦ ដល់ឆ្នាំ២០០៨។
លោកស្រី
ដាំ ដារីនី ក៏បានកំពុងដឹកនាំក្រុមយុវជន
តាមរយៈតួនាទីជាអនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដែលមានឯកឧត្តម ហ៊ុន
ម៉ានី ជាប្រធាន។ តាមរយៈតួនាទីនេះ លោកស្រី ដាំ ដារីនី ត្រូវបានចាត់ទុកថា
ជាស្ត្រីឆ្នើមមួយរូប ដែលបានចូលរួមលះបង់ពេលវេលា កម្លាំងកាយ កម្លាំងចិត្ត
និងប្រាជ្ញាស្មារតី ព្រមទាំងធនធានក្នុងបុព្វហេតុជាតិ
និងការលើកកម្ពស់តម្លៃយុវជនកម្ពុជានៅលើឆាកអន្តរជាតិ។
គួរបញ្ជាក់ផងដែរថា
កាលថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៣ កន្លងទៅ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី
និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានបំពាក់ឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ដល់នាយទាហាននៃកងយោធពលខេមរភូមិន្ទចំនួន៣រូប។
ក្នុងនោះ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ
មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ដាំ ដារីនី រដ្ឋលេខាធិការក្រសួងការពារជាតិ
គឺត្រូវបានបំពាក់ឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ ខណៈលោកស្រី ម៉ាលី សុជាតា
អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ត្រូវបានបំពាក់ឋានន្តរស័ក្តិជាឧត្តមសេនីយ៍ឯក
Via : kampucheathmey
Comments
Post a Comment