ប្រវត្តិ សង្ខេប លោកព្រឹទ្ធាចារ្យ សាយ ភូថង-History of Say Phouthang by សង...

លោកព្រឹទ្ធាចារ្យ សាយ ភូថង អតីតសមាជិកគណៈអចិន្ទ្រៃយ៍ គណបក្សប្រជាជនកម្ពុជា បានទទួលមរណភាព ក្នុងជន្មាយុ៩៦ឆ្នាំ

លោកក៏ជាអតីត អនុប្រធានក្រុមប្រឹក្សារដ្ឋ សមាជិកសភាខេត្តកណ្តាល  និងជាឧត្តមទីប្រឹក្សា ព្រះមហាក្សត្រ

ដោយឡែកមុននឹងមានឈ្មោះល្បីល្បាញដូចសព្វថ្ងៃ តើលោកព្រឹទ្ធាចារ្យ មានប្រវត្តិការ និងប្រវត្តិគ្រួសារបែបណា សូមស្ដាប់ការបកស្រាយរបស់សង្ខេបដូចតទៅ

 

លោកព្រឺទ្ធាចារ្យ សាយ ភូថង កើតនៅឆ្នាំ១៩២០ នៅភូមិឆ្មារបាត់(ថ្មបាក់) សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង (ឈ្មោះហៅសព្វថ្ងៃ)។

លោកមានឪពុកឈ្មោះ សេន, និងម្ដាយឈ្មោះ វែន, លោកតាជាកូនទោលនៅក្នុងគ្រួសារ ។ លោកបានរៀបការជាមួយលោកយាយ ខ ភូថង មានកូនប្រុសស្រីចំនួន៤នាក់ ១- កូនស្រីច្បងឈ្មោះកែវ, ២-ឈ្មោះបៀវ, ៣-ឈ្មោះរ៉ាត់ និង៤-កូនប្រុសឈ្មោះ ប្រាសិត (ស្លាប់)។

លោកព្រឹទ្ធាចារ្យ សាយ ភូថង គឺជាក្មេងកំព្រា ត្រូវបានឪពុកម្តាយ ស្លាប់ចោលកាលពីតូច រួចត្រូវរស់នៅជាមួយសាច់ញាតិសន្តាន និងបានអាស្រ័យការរៀនសូត្រ នៅតាមវត្ត។

លុះធំពេញវ័យ នៅក្នុងកំឡុងឆ្នាំ១៩៤៨ នៅពេលដែលមានចលនា ក្រោកឈរប្រឆាំងនឹងរបប អាណានិគមបារាំង នៅកម្ពុជានោះ យុវជន សាយ ភូ ថង បានចូលរួមជាមួយកម្លាំង អ្នកស្នេហាជាតិ ដែលមានឈ្មោះ ខ្មែរឥស្សរៈ ដោយលោកបានដឹកនាំកម្លាំងតស៊ូ មានមូលដ្ឋានឈរជើង នៅទីតាំតំបន់អារ៉ែងក្នុងស្រុកថ្មបាំង ខេត្តកោះកុង។ លុះដល់ឆ្នាំ១៩៥១ ចលនាតស៊ូខ្មែរឥស្សរៈ នៅតំបន់ខេត្តកោះកុង បានចូលរួមបង្កើត គណបក្សប្រជាជនបដិវត្តខ្មែរ ឬគណបក្សប្រជាជនកម្ពុជា នាសម័យបច្ចុប្បន្ន។

លោកព្រឹទ្ធាចារ្យ សាយ ភូថង ត្រូវបានបញ្ចូល ជាសមាជិកបក្ស នៅឆ្នាំ១៩៥១ ជារៀងរហូតមក លោកបានដឹកនាំចលនាតស៊ូ នៅក្នុងតំបន់ខេត្តកោះកុង រហូតប្រទេសជាតិ ទទួលបានឯករាជ្យ។

ក្រោយចប់សង្គ្រាមនៅឆ្នាំ១៩៥៣ លោកត្រូវបានបក្សបញ្ជូនឲ្យទៅសិក្សា នៅភាគខាងជើង ប្រទេសវៀតណាម រហូតបានបញ្ចប់សាលា នាយទាហានជាន់ខ្ពស់។

លុះដល់ឆ្នាំ១៩៧០ ចក្រព័ត្រអាមេរិក បានឃុបឃិតគ្នា ជាមួយពួក លន់ ណុល ធ្វើរដ្ឋប្រហារទម្លាក់សម្តេច ព្រះនរោតមសីហនុ។ ប្រទេសជាតិ បានធ្លាក់នៅក្នុងភ្លើងសង្គ្រាមម្តងទៀត លោកព្រឹទ្ធាចារ្យ ក៏បានដឹកនាំកម្លាំង ដែលបានទៅរៀននៅភាគខាងជើង នៃប្រទេសវៀតណាម ក្នុងតួនាទី ជាលេខាបក្ស ឬប្រធានបក្ស ធ្វើដំណើរថ្មើរជើង តាមផ្លូវលំហូជីមិញ ត្រឡប់មករួបរួមជាមួយ កម្លាំងនៅក្នុងស្រុក ដើម្បីរំដោះប្រទេសជាតិ ពីរបបចក្រព័ត្រ។

លុះដល់ខែមេសា ឆ្នាំ១៩៧៤ លោកបានវិភាគ និងវាយតម្លៃយ៉ាងច្បាស់ថា ចលនារំដោះជាតិ ដែលដឹកនាំដោយប៉ុល ពត កំពុងដើរខុសពី គោលនយោបាយ គណបក្សប្រជាជន ក្បត់ជាតិ និងប្រជាជន។ ឆ្នាំ១៩៧៣ លោកក៏ បានដឹកនាំកម្លាំងនៅតំបន់ផ្តាច់ខ្លួនចេញពីចលនាតស៊ូរបស់ ប៉ុល ពត ទៅបង្កើតតំបន់តស៊ូ នៅត្រើយខាងលិច ព្រែកត្រពាំងរូង រហូតដល់ព្រំដែនកម្ពុជា ថៃ ដែលមានទីតាំងបញ្ជាការ នៅភូមិគីរីវង្ស ក្នុងឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ។

លោកបានដឹកនាំកម្លាំងតស៊ូ នៅតំបន់ខេត្តកោះកុង ការពារទីតាំងផ្តាច់ខ្លួន និងខិតខំឃោសនាអប់រំ ប្រជាជន ឲ្យបានយល់ពីនិន្នាការក្បត់របស់ ប៉ុល ពត ឲ្យភៀសខ្លួនចូលទៅជ្រកកោន នៅក្នុងប្រទេសថៃ បានរាប់ម៉ឺននាក់។

នៅថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧៥ នៅពេលប្រទេសកម្ពុជា ត្រូវបាន ប៉ុល ពត វាយដណ្តើមយកទាំងស្រុង ស្ថានភាពមិនអំណោយផល ដល់ចលនាតស៊ូ នៅតំបន់កោះកុងឡើយ។ គ្រានោះលោកព្រឹទ្ធាចារ្យ បានរំសាយកម្លាំងឲ្យរំកិលខ្លួន ចូលទៅក្នុងប្រទេសថៃ ជារូបភាពជនភៀសខ្លួន។ រីឯអាវុធយុទ្ធភ័ណ្ឌ ត្រូវបានលាក់ទុក នៅតាមបណ្តោយព្រំដែន រវាងខេត្តកោះកុង និង ខេត្តត្រាតប្រទេសថៃ និងរក្សាកម្លាំងកងឈ្លប ចាំយកការណ៍ នៅតាមព្រំដែន ក្តាប់ពីសកម្មភាពរបស់ប៉ុល ពត និងជួយសម្រួល នាំជនភៀសខ្លួន ចូលទៅក្នុងប្រទេសថៃ។

ក្រោយពីសកម្មភាព រំកិលកម្លាំងចូលទៅកាន់ ប្រទេសថៃ នៅឆ្នាំ១៩៧៥ និងឆ្នាំ១៩៧៩ លោកបានពន្យល់ប្រជាជន និងប្រទេសជិតខាង ឲ្យបានយល់ពីនយោបាយ ខុសឆ្គងរបស់ ប៉ុល ពត និងទំនាក់ទំនង ជាមួយគ្រប់ចលនាតស៊ូ តាមតំបន់ព្រំដែន ដើម្បីចាប់ដៃគ្នា វាយកម្លាំង ប៉ុល ពត និងជួយជម្លៀសប្រជាជន ចូលទៅក្នុងប្រទេសថៃ រង់ចាំឱកាសចាត់តាំង កម្លាំងរណសិរ្យ វាយផ្តួលរំលំរបបប៉ុល ពត។

លោកព្រឹទ្ធាចារ្យ បានឆ្លងទៅប្រទេសវៀតណាម ទំនាក់ទំនងជាមួយបងប្អូន ដែលភៀសខ្លួនទៅ ប្រទេសវៀតណាម និងទំនាក់ទំនងកម្លាំង នៅភូមិភាគបូព៌ា។ ការទៅវៀតណាម នាគ្រានោះ លោកបានធ្វើដំណើរ ដោយជិះទូកនេសាទឆ្លងសមុទ្រ ហើយក៏បានទទួលជោគជ័យ ក្នុងការបង្រួបបង្រួម កម្លាំងអ្នកតស៊ូខ្មែរ ដើម្បីបង្កើតរណសិរ្យសង្គ្រោះជាតិ នៅថ្ងៃទី២ខែធ្នូឆ្នាំ១៩៧៨ និងឈានទៅដល់ ការវាយផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។

ក្រោយថ្ងៃរំដោះ លោកព្រឹទ្ធាចារ្យ សាយ ភូថង បានរួបរួមជាមួយ ឥស្សរជនខ្មែរ ដើម្បីកសាងបក្ស ប្រជាជនកម្ពុជាឡើងវិញ ដែលក្នុងពេលនោះ មហាសន្និបាតបក្ស បានជ្រើសតាំងលោក ជាសមាជិកគណៈមជ្ឈឹមបក្ស។ ក្នុងតួនាទីជា ប្រធានគណៈចាត់តាំងបក្ស លោកបានខិតខំពុះពារ ការលំបាកគ្រប់បែបយ៉ាង ដើម្បីស្វែងរកកម្មាភិបាលល្អៗ ដែលស្មោះត្រង់ជាតិ និងប្រជាជន មកចូលកាន់មុខតំណែង ជារដ្ឋមន្ត្រី នៅតាមក្រសួង និងបង្កើតក្រសួង ឲ្យសមស្របទៅនឹងតម្រូវការ របស់ប្រទេសជាតិ នាគ្រានោះ។ រីឯនៅថ្នាក់ខេត្ត ស្រុក លោកបានស្វែងរកមន្ត្រី មកធ្វើជាលេខាបក្ស ប្រធានខេត្ត ប្រធានបញ្ជាការយោធា នគរបាល និងបានចាត់តាំង គណៈកម្មាធិការបក្សខេត្ត និងស្រុក។

ក្រោយពីបានចាត់តាំង មន្ត្រីបង្គោលទាំងនេះហើយ លោកព្រឹទ្ធាចារ្យ តែងតែខិតខំធ្វើការអប់រំ បំពាក់បំប៉ន អំពីគុណធម៌ ធ្វើជាមន្ត្រីដឹកនាំ និងបានធើ្វជាគំរូយ៉ាងល្អ ប្រពៃទាំងគុណធម៌ និងសីលធម៌រស់នៅ ដែលធ្វើឲ្យជួរមន្ត្រីដឹកនាំ របស់បក្សភាគច្រើន យកតម្រាប់តាម និងបានប្រជាជនភាគច្រើន គោរពស្រឡាញ់ និងគាំទ្រ។

ក្នុងពេលនោះ បក្សក៏បានតែងតាំង លោកព្រឹទ្ធាចារ្យ ជាប្រធានគណៈចាត់តាំងមជ្ឈឹមបក្ស ដែលមានតួនាទីកសាង កម្លាំងបក្សឡើងវិញ រួចនៅឆ្នាំ១៩៨៦ ដោយមានការរីកចំរើន និងសមាជិកបក្ស មានចំនួនកើនឡើង លោកក៏ត្រូវបានមហាសន្និបាតបក្ស លើកទី៥ តែងតាំងធើ្វជា ប្រធានគណៈត្រួតពិនិត្របក្សវិញ។ ក្នុងតួនាទីជាប្រធានត្រួតពិនិត្យបក្ស លោកព្រឹទ្ធចារ្យ បានពង្រឹងបក្សជាប្រចាំ ដោយអនុវត្តយ៉ាង ម៉ឺងម៉ាត់នូវវិន័យ ដែលបានកំណត នៅក្នុងលក្ខន្តិកៈបក្ស។

រហូតមកដល់ឆ្នាំ១៩៩៣ ដោយសារវ័យកាន់តែចាស់ និងមានជម្ងឺផង លោកព្រឹទ្ធាចារ្យ បានមកព្យាបាលជំងឺ និងរស់នៅខេត្តកោះកុង ជាមួយកូនចៅ។ ទោះជាមានវ័យជរា និងជំងឺប្រចាំកាយក៏ដោយ ក៏លោកព្រឹទ្ធាចារ្យ តែងតែរក្សាឧត្តគតិស្នេហាជាតិ ស្រឡាញ់ប្រជាជន និងស្រឡាញ់បក្សរបស់លោកស្ថិតនូវក្នុងក្រអៅបេះដូងជានិច្ច។

នៅក្នុងតួនាទីផ្សេងទៀត លោកព្រឹទ្ធាចារ្យ បានកាន់តំណែង ជាអនុប្រធានក្រុមប្រឹក្សារដ្ឋ សមាជិកសភាខេត្តកណ្តាល និងចុងក្រោយ ជាឧត្តមទីប្រឹក្សា ព្រះមហាក្សត្រ។ លោកព្រឹទ្ធាចារ្យ សាយ ភូថង បានទទួលមរណភាព វេលាម៉ោង៥ និង៦នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៦ នាមន្ទីរពេទ្យព្រះរាមទី៩ ក្នុងទីក្រុងបាងកកនៃប្រទេសថៃ៕















 

via: https://km.wikipedia.org/wiki/%E1%9E%9F%E1%9E%B6%E1%9E%99_%E1%9E%97%E1%9E%BC%E1%9E%90%E1%9E%84


Comments