ប្រវត្តិ សង្ខេប ព្រឹទ្ធាចារ្យ ប៊ូ ថង-History of Elder Bou Thang by សង្ខេ...



លោកព្រឹទ្ធាចារ្យ ប៊ូ ថង អតីតទីប្រឹក្សា​សម្តេច សាយ ឈុំ ប្រធានព្រឹទ្ធសភា បានទទួល​មរណភាព នៅយប់  ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ក្នុង​ជន្មាយុ​៨២​ឆ្នាំ​

ដោយឡែក មុននឹងក្លាយជាទីប្រឹក្សាសម្ដេចសាយឈុំ តើលោកមានប្រវត្តិបែបណា សូមស្ដាប់ការបកស្រាយរបស់សង្ខេបដូចតទៅ

លោក ប៊ូ ថង កើត​នៅ​ថ្ងៃទី​១៥ ខែសីហា ឆ្នាំ​១៩៣៩ នៅ​ភូមិ​កា​ចូ​ន ឃុំ​កា​ចូ​ន ស្រុក​វ៉ឺ​ន​សៃ ខេត្តរតនគិរី​។ លោក​ជា​ព្រឹទ្ធាចារ្យ​ម្នាក់​នៅក្នុង​គណបក្ស​ប្រជាជន​កម្ពុជា ដែល​បាន​ចូលរួម​ក្នុង​ចលនា​រំដោះប្រទេស​ចេញពី​របប​ខ្មែរក្រហម​។  លោក​ជា​អតីត​កងកម្លាំង​ខ្មែរឥស្សរៈ ហើយ​កាន់​តួនាទី​ជា​ប្រធាន​យោធា​តំបន់​១ ខេត្តរតនគិរី និង​ជំនួយការ​យោធា​នយោបាយ​ភូមិភាគ​ឦសាន​។​

 

​លោក​ក៏បាន​ទៅ​សិក្សា​នៅ​វៀតណាម​ផងដែរ​។ នៅ​ឆ្នាំ​១៩៧៣ លោក ប៊ូ ថង បាន​រៀបការ​ជាមួយ​លោកស្រី ខាំ ភៀន នឹងមានកូនប្រុសស្រីចំនួនបីនាក់ ​កូនស្រី​២​នាក់ និង​កូនប្រុស​១​ម្នាក់  កូនប្រុសរបស់លោក ប៊ូថង គឺ​លោក ថង សាវុន អតីតអភិបាលខេត្ត​រតនគិរី និង​ក្រោយមក ជាអភិបាលខេត្ត មណ្ឌលគិរី ​។​

 

នៅ​ឆ្នាំ​១៩៧៤ លោក ប៊ូ ថង បាន​រត់​ភៀសខ្លួន​ទៅ​វៀតណាម ហើយ​បន្ទាប់មក​បាន​ចូលរួម​ក្នុង​ចលនា​រណសិរ្ស​សង្គ្រោះ​ជាតិ​កម្ពុជា ដើម្បី​រំដោះប្រទេស​ចេញពី​របប​ខ្មែរក្រហម​។ ក្រោយមក​លោក​ក្លាយជា​សមាជិក​ការិយាល័យ​នយោបាយ​ម​ជ្ឈិម​បក្ស ហើយ​ក្លាយ​សមាជិក​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា​រហូតមក​។​

 

លោក​ជា​អតីត​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងការពារជាតិ ចន្លោះ​ពី​ឆ្នាំ​១៩៨២ ដល់​ឆ្នាំ​១៩៨៦ ដោយមាន​ឋានន្តរសក្តិ​ជា​ឧ​ត្ត​ម​សេនីយ៍​ផ្កាយ​មាស​៤​។ លោក​មាន​តំណែង​ជា​ឧបនាយករដ្ឋមន្ត្រី​ដល់​ឆ្នាំ​១៩៩១ ហើយ​​ធ្លាប់​ធ្វើជា​តំណាងរាស្ត្រ​ខេត្ត​ព្រះវិហារ​ផងដែរ​។​

 

ក្រោយ​ការបោះឆ្នោត​អណ​ត្តិ​ទី​១ លោក ប៊ូ ថង ក្លាយជា​តំណាងរាស្ត្រ​ខេត្តរតនគិរី ពី​ឆ្នាំ​១៩៩៣ ដល់​ឆ្នាំ​២០១២ ហើយ​បន្ទាប់មក ជា​ប្រធាន​គណៈកម្មការ​ទី​៤ ព្រឹទ្ធសភា ពី​ឆ្នាំ​២០១២ ដល់​ឆ្នាំ​២០១៦ មុនពេល​សុំចូល​និវត្តន៍ ហើយ​ទទួលបាន​តួនាទី​ជាទី​ប្រឹក្សា​សម្តេច សាយ ឈុំ ដែលមាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី ចាប់ពី​ឆ្នាំ​២០១៦​មក​។​

លោក ប៊ូ ថង ត្រូវបាន​ចាត់ទុកជា​វីរបុរស​ម្នាក់​របស់​ព​ល​រដ្ឋ​នៅ​ភូមិភាគ​ឦសាន ជាពិសេស​ខេត្តរតនគិរី ដែលជាដឹក​ដី​កំណើត​របស់ខ្លួន​ផ្ទាល់​។

 

លោក ប៊ូ ថង បានទទួល​មរណភាព កាលពី​ម៉ោង​១ និង​២០​នាទី យប់ ឈានចូល​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៩ នៅ​មន្ទីរពេទ្យ​កាល់ម៉ែត ក្នុងជន្មាយុ៨២​ឆ្នាំ​

 

សូមជូនកុសល សូមវិញាណក្ខណ ព្រឹទ្ធាចារ្យ ប៊ូ ថង បានបដិសន្ធិ ក្នុងឋានសុគតិភព កុំបីឃ្លាងឃ្លាតឡើយ

 









Photo:Department of Information Ratanakiri

 

Via: https://thmeythmey.com/index.php/feed/?page=detail&id=82740



Comments