លោក ម៉ៅ
អាយុទ្ធ ជាអតីតរដ្ឋលេខាធិការក្រសួងព័ត៌មាន បានទទួលមរណភាពដោយជំងឺកូវីដ-១៩
នៅថ្ងៃព្រហស្បតិ៍ ទី១៥មេសា ឆ្នាំ២០២១។
ក្នុងពេលដែលលោកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។
។ លោកត្រូវបានគេស្គាល់ជាទូទៅថា ជាផលិតករខ្សែភាពយន្តជើងចាស់ និងជាអ្នកនិពន្ធដ៏មានទឹកដៃ
លោក ម៉ៅ អាយុទ្ធ បានចំណាយពេលពេញមួយជីវិតរបស់លោក បង្កើតស្នាដៃជាច្រើន
ទាំងខ្សែភាពយន្តនិងអក្សរសិល្ប៍ ។
លោក ម៉ៅ
អាយុទ្ធ កើតនៅថ្ងៃទី ០៨ កក្កដា ១៩៤៤ នៅភូមិអូរឡេង ឃុំព្រែករំដេង
ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ លោក គឺជាកូនទោលនៅក្នុងគ្រួសារ ។លោក ម៉ៅ
អាយុទ្ធ មានឪពុក ឈ្មោះ "ម៉ែន ធឿង" គេហៅថា "មេស្រុកម៉ែន"
នៅកោះអណ្ដែត មុខរបរជាមន្ត្រីឃុំ និង ម្ដាយឈ្មោះ "តៃ ស៊ីង" មុខរបរជាអ្នកលក់ដូរ។
លោក ម៉ៅ
អាយុទ្ធ បានរៀបការជាមួយនឹងលោកស្រី សូ សាម៉ូនី ហើយមានកូនស្រីចំនួនបួននាក់
និងប្រុសម្នាក់។
អ្នកមានគុណរបស់លោក
បានអនិច្ចកម្មហើយ(មិនមានកាលបរិច្ឆេទ)។
ជីវិតនិងការសិក្សារ
វិវត្តវ័យមកដល់ខ្ទង់ ១០-១១ឆ្នាំ កុមារ ម៉ៅ អាយុទ្ធ
ត្រូវបានបងប្អូនជីដូនមួយ និងឪពុកមា លោក ពៅ ស៊ីផូ ដែលគេស្គាល់ថាជាតន្ត្រីករ
និងជាអ្នកនិពន្ធទំនុកច្រៀងដ៏ល្បីមួយរូប នាំយកមករស់នៅ
និងបន្តការសិក្សានៅភ្នំពេញ។
មុនឈានមកកាន់ស្លាបប៉ាកាធ្វើជាអ្នកនិពន្ធ ម៉ៅ អាយុទ្ធ
តាមរយៈ ពៅ ស៊ីផូ ជាឪពុកមា ធ្លាប់ធ្វើជាអ្នកដងទឹកឲ្យអធិរាជសំឡេងមាស ស៊ិន
ស៊ីសាមុត សម្រាប់ត្រាំខ្លួន ដើម្បីបានសំឡេងណែនល្អក្រអួនក្រអៅផង។
ពេលមករស់នៅជាមួយឪពុកមា ពៅ ស៊ីផូ កុមារ ម៉ៅ អាយុទ្ធ
បានចូលរៀនថ្នាក់មជ្ឈមណ្ឌលអប់រំវិជ្ជាជីវៈសម្បទានៅក្រសួងឃោសនាការជាតិ
ដែលជាហេតុបណ្ដាលចិត្តចាប់ផ្ដើមស្រឡាញ់ការងារសិល្បៈជាអ្នកនិពន្ធកើតឡើង។
ដូច្នេះហើយ លោកក៏បានក្លាយជាអ្នកចម្លងអត្ថបទ
និងអក្សរឲ្យឪពុកមា ហើយនោះជាបុព្វហេតុនាំឲ្យលោក ម៉ៅ អាយុទ្ធ
បានដើរលើគន្លងសិល្បៈរហូតមក។
លោក ម៉ៅ អាយុទ្ធ
បានទទួលការបណ្ដុះបណ្ដាលរយៈពេល៣ឆ្នាំនៅមជ្ឈមណ្ឌលអប់រំវិជ្ជាជីរៈសម្បទា
លើមុខវិជ្ជាជា Scenarist ដែលនាំឲ្យលោកក្រេបជញ្ជក់បាននូវចំណេះដឹងទាក់ទងទៅនឹងការនិពន្ធ
ដឹកនាំរៀបចំឆាក និងកាន់កម្មវិធីសិល្បៈផ្សាយលើកញ្ចក់ទូរទស្សន៍
ផលិតករភាពយន្ត និងនិពន្ធបទចម្រៀង។ ក្រោយមក លោកបាននិពន្ធបទចម្រៀងឲ្យអធិរាជសំឡេងមាស
ស៊ីន ស៊ីសាមុត ហួយ មាស និងតារាចម្រៀងមួយចំនួនទៀតចន្លោះឆ្នាំ ១៩៦០-១៩៧០។
នៅឆ្នាំ ១៩៦៣-៦៥ លោកបានទទួលការបណ្ដុះបណ្ដាលបន្ថែមលើវិជ្ជាជីវៈតែងនិពន្ធអត្ថបទភាពយន្តនៅមណ្ឌលបណ្ដុះបណ្ដាលជំនាញឯកទេស
ក្រោមការឧបត្ថម្ភរបស់ក្រសួងព័ត៌មាន និងឃោសនាការ។
ជីវិតការងារ
លោក ម៉ៅ អាយុទ្ធ បានចាប់ផ្ដើមចូលបម្រើការងារជាប្រធានអ្នកដឹកនាំឆាកនៅទូរទស្សន៍ជាតិ
ហើយនៅឆ្នាំ ១៩៧០ បានក្លាយជានាយកកម្មវិធីទូរទស្សន៍ជាតិ។
ស្របពេលជាមួយគ្នានេះ លោកត្រូវបានព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម
សីហនុ បំពាក់ជូនមេដាយមុនីសារភ័ណ្ឌ ដែលជារង្វាន់ការងារដ៏សកម្មក្នុងភារកិច្ចបម្រើប្រទេសជាតិ។
លោកបានបន្តភារិកិច្ចនេះរហូតដល់សម័យសាធារណរដ្ឋខ្មែរ។
នៅឆ្នាំ ១៩៧២ លោកត្រូវបានរដ្ឋាភិបាលសេនាប្រមុខ លន់ នល់
ចាត់បញ្ចូនឲ្យទៅធ្វើកម្មវិធីសិក្សានៅប្រទេសបារាំងរយៈពេល ៩ខែ
លើមុខជំនាញទូរទស្សន៍។ ពេលត្រឡប់មកវិញ
លោកត្រូវបានឡើងតំណែងជានាយកខាងកម្មវិធីផ្សាយរបស់ទូរទស្សន៍សាធារណរដ្ឋខ្មែរ(T.V.R.E.K)។
នៅក្នុងសម័យសាធារណរដ្ឋនោះដែរ លោក ម៉ៅ អាយុទ្ធ
បានផលិតខ្សែភាពយន្តពណ៌ធម្មជាតិទំហំ
១៦មីលីម៉ែត្រជាលើកដំបូងក្នុងឆាកជីវិតរបស់លោក
ហើយលោកក៏បានចូលរួមសម្ដែងជាតួបន្ទាប់ពីតួអង្គ គង់ សំអឿនផង។
មកដល់ឆ្នាំ ១៩៧៩ លោកបានក្លាយជាអនុប្រធាននាយកដ្ឋានភាពយន្ត
នៅក្រសួងវប្បធម៌ និងព័ត៌មាន។ លោកកាន់តំណែងនេះអស់រយៈពេលជាច្រើនឆ្នាំ។
ក្រោយឆ្នាំ ១៩៧៩ លោកត្រូវបានរដ្ឋាភិបាលផ្ដល់តំណែងជាអគ្គនាយករងវិទ្យុ
និងទូរទស្សន៍ជាតិកម្ពុជានៅឆ្នាំ ១៩៩២
ហើយ១ឆ្នាំក្រោយមកបានឡើងតំណែងជាអគ្គនាយកថែមទៀត។
បន្តពីនោះរហូតមកដល់ពេលទទួលមរណៈភាព លោកមានឋានៈជារដ្ឋលេខធិការក្រសួងព័ត៌មាន
ជាសមាជិកគណៈកម្មការកណ្ដាល-អចិន្ត្រៃយ៍នៃសមាគមអតីតយុទ្ធជនកម្ពុជា
និងជាគណៈកម្មាធិការណសិរ្សផងដែរ។
អំពីស្នាដៃ និងសមិទ្ធផល៖
លោក ម៉ៅ អាយុទ្ធ ត្រូវបានគេស្គាល់ថាជាផលិតករភាពយន្ត
និងជាអ្នកនិពន្ធដ៏ឆ្នើមតាំងពីទសវត្សរ៍ទី ៦០ ជាហេតុធ្វើឲ្យលោកសម្រេចបាននូវសមិទ្ធផល
ក៏ដូចជាស្នាដៃសិល្បៈជាច្រើនទាំងភាពយន្ត និងល្ខោននិយាយ។
ស្នាដៃខ្លះៗរបស់លោកមានមានដូចជា៖
១.ល្ខោននិយាយ និងភាពយន្ត៖
ល្ខោននិយាយរឿង "ស្រមោលអពមង្គល" និពន្ធឆ្នាំ ១៩៧១-៧២។
-រឿង "បិទភ្នែកហែកទ្រូង" ឆ្នាំ
១៩៧៣(សម័យសាធារណរដ្ឋខ្មែរ) ក្នុងផលិតកម្មបូព៌ា
-រឿង "ចិត្តចងចាំ" ថតនៅអំឡុងឆ្នាំ
១៩៨៨-៨៩របស់នាយកដ្ឋានភាពយន្ត
-រឿង "ចុងស្រល់" ឆ្នាំ ១៩៩០
-រឿង "ឆ្អឹងអណ្ដែត" ថតនៅអំឡុងឆ្នាំ
១៩៩០-៩១ របស់នាយកដ្ឋានភាពយន្ត
-រឿង "ក្លិនដែលរសាយ" ឆ្នាំ ១៩៩១
-រឿង "អណ្ដាតដុះឆ្អឹង" ជាអ្នកដឹកនាំ
និងកែសម្រួលក្នុងផលិតកម្មបន្ទាយភាពយន្តឆ្នាំ ១៩៩២
-រឿង "សំឡេងជួង" មិនដឹងកាលបរិច្ឆេទ
-រឿង "ជើងមេឃដាច់ស្រយាល" ឆ្នាំ ១៩៩២
-រឿង "សំដីចុងក្រោយ" ឆ្នាំ ១៩៩២
-រឿង "នេសាទក្រពើ"
ទទួលបានពានមាសចំណាត់ថ្នាក់លេខ១ ក្នុងមហោស្រពភាពយន្តវីដេអូជាតិទី២ ឆ្នាំ
២០០៥(ឯកសារខ្លះថា ២០០៦)
-រឿង "កិលេស" ឆ្នាំ
២០១០
-រឿង "ហ្លួងព្រះស្ដេចកន"
ដែលចំណាយពេលថត២ឆ្នាំ(២០១៥-១៧)
នៅមានខ្សែភាពយន្តភាគមួយទៀត ដែលលោកទទួលបានការចាត់តាំងពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាលឲ្យដឹកនាំផលិតដែរ
គឺរឿង "កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរមី"។
ប៉ុន្តែមិនទាន់បានចេញថតផង លោកក៏បានចែកឋានទៅ ដោយសារមេរោគកំណាច
កូវីដ-១៩ កាលពីល្ងាចថ្ងៃទី ១៥ ខែមេសា ឆ្នាំ២០២១
ត្រូវជាថ្ងៃចូលឆ្នាំថ្ងៃទី២។
២.ស្នាដៃចម្រៀង
និងកំណាព្យ
-សំឡេងសាដៀវ
ទទួលបានជយលាភីតែងនិពន្ធក្របខណ្ឌអាស៊ាន ២០០៦
-បទ "វាលស្រែវាលស្រូវ" "ស្ទឹងគគីរ
ឬស្ទឹងសម្ងាត់" របស់ផលិតកម្មអង្គរវត្ត
-បទ "កំណែនស្នេហ៍" ក្នុងរឿង
"ភ្នំភ្លើងស្នេហា" ច្រៀងដោយអ្នកស្រី ហួយ មាស
-កំណាព្យនិយាយពី "លុយ" ដកស្រង់ពីរឿង
"ស្រមោលអពមង្គល"
-និពន្ធទំនុកច្រៀង "លាហើយស្នេហា"
ច្រៀងដោយអ្នកស្រី ហួយ មាស
-និពន្ធទំនុកច្រៀងបទ "វិប្បដិសារីសម្ផស្សភួង"
ច្រៀងដោយអ្នកស្រី ហួយ មាស និងបទចម្រៀងជាច្រើនទៀត។
Via: news.sabay+sangkeb
Comments
Post a Comment