ប្រវត្ដិក្រុមប្រឹក្សាធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
នៅក្នុងប្រវត្ដិសាស្ដ្រកម្ពុជាពុំដែលមានប្រព័ន្ធត្រួតពិនិត្យធម្មនុញ្ញភាពទេ
។ រដ្ឋធម្មនុញ្ញថ្ងៃទី ០៦ ខែ ឧសភា ឆ្នាំ ១៩៤៧ ដែលបានកែប្រែបន្ដបន្ទាប់ រហូតដល់
ថ្ងៃទី ៣១ ខែមិនា ឆ្នាំ១៩៦៤ ក៏បាននិយាយនៅក្នុងមាត្រា ១១៩ តែពីសិទ្ធិបកស្រាយអត្ថបទធម្មនុញ្ញ
ហើយមិនមាននិយាយពីការត្រួត ពិនិត្យធម្មនុញ្ញភាពទេ ។
សិទ្ធិបកស្រាយចុងក្រោយជារបស់រដ្ឋសភា ។
រដ្ឋធម្មនុញ្ញសាធាណរដ្ឋខ្មែរ ថ្ងៃទី ៣០ ខែ មេសា ឆ្នាំ ១៩៧២
បានបង្កើ់តឱ្យ មានប្រព័ន្ធត្រួតពិនិត្យធម្មនុញ្ញភាពមួយដែរដែលដាក់ឈ្មោះថា
“ តុលាការធម្មនុញ្ញ ”។
ទោះបីជាមានឈ្មោះជាតុលាការធម្មនុញ្ញក៏ដោយក៏អង្គការ នេះស្ថិតនៅដោយឡែកពីអង្គការតុលាការដែរ
។ ការបង្កើ់តនេះគឺពិតជាទទួលឥទ្ធិពលបស្ចឹមប្រទេសយ៉ាងប្រត្យក្ស។
ការមកដល់នៃរបបខ្មែរក្រហម នៅឆ្នាំ ១៩៧៥
បាននាំមកនូវការកាប់សម្លាប់ប្រជាជន
និងកំទេចបំផ្លាញរចនាសម្ព័ន្ធទាំងអស់ព្រមទាំងជាន់ឈ្លីក្បួនច្បាប់ទាំងឡាយគ្មានសល់រហូតដល់
ដំណាច់ឆ្នាំ ១៩៧៨ ។
ក្រោយថ្ងៃរំដោះ ៧ មករា ឆ្នាំ ១៩៧៩
ទន្ទឹមនឹងការកសាងប្រទេសជាតិឡើងវិញគ្រប់វិស័យការស្ដារប្រព័ន្ធច្បាប់ក៏មានសកម្ម
ភាពខ្លាំងក្លាណាស់ដែរ ។
រដ្ឋធម្មនុញ្ញសាធារណរដ្ឋ ប្រជាមានិតកម្ពុជាឆ្នាំ ១៩៨១
អនុញ្ញាតឱ្យមានការបកស្រាយច្បាប់ដោយក្រុមប្រឹក្សារដ្ឋក្នុងឋានៈ
ជាអង្គការអចិន្ដ្រៃយ៍ របស់រដ្ឋសភា ។
ចាប់ពីឆ្នាំ ១៩៨៩ ដល់ ថ្ងៃទី ២៣ ខែ កញ្ញា ឆ្នាំ១៩៩៣
រដ្ឋធម្មនុញ្ញនៃរដ្ឋកម្ពុជា បានចែងអំពីការបកស្រាយច្បាប់
ដោយគណៈកម្មាធិការ អចិន្ដ្រៃយ៍រដ្ឋសភា ។
ប៉ុន្ដែនៅពេលនោះការបកស្រាយរដ្ឋធម្មនុញ្ញ
និងការត្រួតពិនិត្យធម្មនុញ្ញភាព នៃច្បាប់ពុំទាន់មាន នៅឡើយ ។
រដ្ឋធម្មនុញ្ញថ្មីដែលបានអនុម័តនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ១៩៩៣ ដោយសភាធម្មនុញ្ញដែលកើតចេញពីការបោះឆ្នោតរៀបចំដោយអង្គការ
សហប្រជាជាតិ ពីឆ្នាំ ១៩៩៣ ត្រូវបានប្រកាសឱ្យប្រើនៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ
១៩៩៣ ។
នេះគឺជាការវិលត្រលប់ទៅរកឥទ្ធិពលបស្ចឹមប្រទេសជា ថ្មីម្ដងទៀត ។
ជំពូក XII ថ្មីនៃរដ្ឋធម្មនុញ្ញនិយាយអំពី
“ ក្រុមប្រឹក្សាធម្មនុញ្ញ ” ដែលមានចំណុចជាច្រើនធ្វើឱ្យគេនឹកគិតទៅដល់ក្រុមប្រឹក្សាធម្មនុញ្ញនៃប្រទេស
បារាំង ។
ប៉ុន្ដែទោះជាយ៉ាងណាក៏ដោយ ក៏នៅមានចំណុចខុសគ្នា ពីបែបបារាំងដែរ
ពិសេសការពិនិត្យធម្មនុញ្ញភាព នៃច្បាប់ក្រោយពេលដែលច្បាប់នោះ
ត្រូវបាន ប្រកាសឱ្យប្រើហើយ
និងសវនាការសាធារណៈនៅក្នុងការជំនុំជំរះវិវាទទាក់ទងនិងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ
។
សវនាការសាធារណៈនេះ មានចែងនៅក្នុងច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រ ដែលបានប្រកាសឱ្យប្រើនៅថ្ងៃទី ២៦ ខែ ធ្នូ ឆ្នាំ ១៩៩៧ ។
គួរកត់សម្គាល់ដែរថា រដ្ឋធម្មនុញ្ញ ឆ្នាំ១៩៩៣ ត្រូវបានធ្វើវិសោធនកម្ម ៩លើក ៖
• វិសោធនកម្មលើកទី១
ប្រកាសឱ្យប្រើដោយព្រះរាជក្រមចុះថ្ងៃទី១៤ ខែកក្កដា ឆ្នាំ១៩៩៤
ដើម្បីធ្វើប្រតិភូកម្មព្រះហស្តលេខាព្រះមហាក្សត្រជូនទៅប្រមុខរដ្ឋស្ដីទី
• វិសោធនកម្មលើកទី២ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៣៩៩/០១ ចុះថ្ងៃទី៨ ខែមីនា ឆ្នាំ១៩៩៩ ដើម្បីបង្កើតស្ថាប័នព្រឹទ្ធសភា
• វិសោធនកម្មលើកទី៣ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ
នស/រកម/០៧០១/១១ ចុះថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០០១
ដើម្បីថ្វាយព្រះរាជសិទ្ធិដល់ព្រះមហាក្សត្រក្នុងការបង្កើត និងប្រទានគ្រឿងឥស្សរិយយស
ឬមេដាយជាតិ
• វិសោធនកម្មលើកទី៤ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ
នស/រកម/០៦០៥/០១៨ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០៥
ដើម្បីកែសម្រួលកូរ៉ុមប្រជុំរបស់រដ្ឋសភា
និងព្រឹទ្ធសភាដើម្បីសម្រួលដល់ដំណើរការរដ្ឋបាលរបស់ស្ថាប័នទាំងពីរ
• វិសោធនកម្មលើកទី៥ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ
នស/រកម/០៣០៦/០០៦ ចុះថ្ងៃទី០៩ ខែមីនា ឆ្នាំ២០០៦
ដើម្បីកែសម្រួលនីតិវិធីបង្កើតក្បាលម៉ាស៊ីនដឹកនាំរដ្ឋសភា និងបង្កើតរាជរដ្ឋាភិបាល
• វិសោធនកម្មលើកទី៦ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ
នស/រកម/០២០៨/០០៨ ចុះថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០០៨ ដើម្បីកែសម្រួលការគ្រប់គ្រងរដ្ឋបាលដែនដីនៃព្រះរាជាណាចក្រកម្ពុជា
• វិសោធនកម្មលើកទី៧ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ
នស/រកម/១០១៤/០២២ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤
ដើម្បីផ្ដល់ឋានៈជាស្ថាប័នដែលមានចែងក្នុងរដ្ឋធម្មនុញ្ញដល់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
• វិសោធនកម្មលើកទី៨ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ
នស/រកម/០២១៨/០០២ ចុះថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨
ដើម្បីលើកស្ទួយនូវតម្លៃជាតិខ្មែរក្នុងបុព្វហេតុការពារឯករាជ្យជាតិ អធិបតេយ្យជាតិ
និងឯកភាពជាតិប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅ
• វិសោធនកម្មលើកទី៩ ប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១២១/០១៦ ថ្ងៃពុធ ១៣រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីកំណត់ឱ្យឥស្សរជនជាន់ខ្ពស់ដែលជាប្រធានរដ្ឋសភា ប្រធានព្រឹទ្ធសភា នាយករដ្ឋមន្ត្រី និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ត្រូវតែមាន«សញ្ជាតិខ្មែរតែមួយគត់»
ច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ
ត្រូវបានប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/០៧០៤/០០១ ចុះថ្ងៃទី១៣ ខែកក្កដា
ឆ្នាំ២០០៤ ដើម្បីធានាក្នុងគ្រប់កាលៈទេសៈនូវដំណើរការល្អប្រសើរនៃស្ថាប័នជាតិ
ដោយគោរពទៅតាមគោលការណ៍ជាមូលដ្ឋាននៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស
សមស្របតាមតំរូវការនៃភាពចាំបាច់។
Via: ccc.gov.kh+sangkeb
Comments
Post a Comment